ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានអរគុណចំពោះមិត្តចិនលើការគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាការរួមចំណែកមួយដ៏ធំនៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ។សម្តេចបានលើកឡើងដូច្នេះក្នុងជំនួបជាមួយលោកជំទាវ ធៀ នីង (Tie Ning) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវ ធៀ នីង (Tie Ning) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនមកកាន់កម្ពុជានៅពេលនេះថា នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលជាមិត្តដែកថែបជាមួយគ្នានេះ កាន់តែរឹងមាំបន្ថែមទៀត។សម្ដេចក៏បានឆ្លៀតឱកាសនេះ អរគុណចំពោះមិត្តចិន ដែលតែងតែសហការ ជាពិសេស នៅក្នុងការជួយជ្រោមជ្រែងដល់ការព្យាបាលនូវព្រះរាជសុខភាពរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនាពេលកន្លងមក ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនភ្ញៀវដោយរំលឹកថា ឆ្នាំ២០២៦នេះ គឺជាខួប៧០ឆ្នាំ នៃដំណើរទស្សនកិច្ច របស់ព្រះបរមរតនកោដ្ឋទៅកាន់ប្រទេសចិន ហើយក៏ជាខួប៣០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសចិនលើកដំបូងផងដែរ គឺកាលពីឆ្នាំ១៩៩៦ ។ សម្ដេចបានមើលឃើញអំពីចំណងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែរឹងមាំ ហើយជាពិសេសគឺការផ្លាស់ប្ដូរនៃប្រតិភូជាន់ខ្ពស់ រវាងប្រទេសទាំងពីរបានធ្វើឡើងយ៉ាងមមាញឹកនៅក្នុងឆ្នាំ២០២៦នេះ ។
ក្នុងឱកាសនេះដែរ សម្ដេចតេជោបានអរគុណចំពោះមិត្តចិន ដែលបានគាំទ្រក្នុងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាការរួមចំណែកមួយដ៏ធំនៅក្នុងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។សម្ដេចបានបញ្ជាក់ថា កន្លងមកមិត្តចិន តែងតែចូលរួមចំណែកនៅក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេស គឺលើហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ ។
សូមរំលឹកថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹក ប្រវត្តិសាស្ត្រប្រវែង ១៨០ គីឡូម៉ែត្ររបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកទន្លេមេគង្គ និងទន្លេបាសាក់ ទៅកាន់សមុទ្រខេត្តកែប ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។
វត្តមានលោកជំទាវ ធៀ នីង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនមកកាន់កម្ពុជានៅពេលនេះ គឺជាដំណើរ
ទស្សនកិច្ចលើកដំបូង។លោកជំទាវបានជម្រាបសម្ដេចតេជោពីការមើលឃើញនូវភាពរីកចម្រើនរបស់កម្ពុជា។លោកជំទាវបានលើកឡើង ទៀតថា ប្រទេសទាំងពីរជាមិត្តភាពដែកថែប។លើសពីនេះ មិត្តភាពកម្ពុជា និងចិន ដូចដែលឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ធ្លាប់លើកឡើងកន្លងមកថា មិនមែនមានតែនៅលើក្រដាសនោះទេ ក៏ប៉ុន្តែជាការអនុវត្តជាក់ស្ដែង។លោកជំទាវបន្ថែមថា សម្រាប់ក្របខ័ណ្ឌនៃទំនាក់ទំនង ,ភាគីចិន ចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា គឺជាទំនាក់ទំនងអាទិភាពបំផុត ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវជុំវិញមិត្តភាពដែកថែប កម្ពុជា-ចិន។ សម្ដេចតេជោបានបញ្ជាក់ទៅលោកជំទាវវិញថា ទោះបីជាពិភពលោកនេះមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប៉ុន្តែមិត្តភាពរវាង កម្ពុជា និងចិន គឺមិនមានប្រែប្រួលឡើយ ។សម្ដេចតេជោក៏រំពឹងខ្ពស់បន្ថែមទៀត ចំពោះកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និងសហគមន៍ ជោគវាសនារួមរវាងកម្ពុជា និងចិន នឹងទាញយកនូវផលប្រយោជន៍ផ្លែផ្កាសម្រាប់ប្រជាជាតិ នៃប្រទេសទាំងពីរ ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរ ដែលសម្ដេចតេជោ បានគាំទ្រពេញទំហឹង នៅក្នុងក្របខ័ណ្ឌនៃសភានៃប្រទេសទាំងពីរធ្វើកិច្ចសហការជាមួយគ្នាបន្ថែមទៀត៕
ដោយ៖វណ្ណលុក










































