បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ណាតូឥស្លាមប្រកាសថ្កោលទោសការវាយប្រហាររបស់ហ៊ូទី និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ

ណាតូឥស្លាមប្រកាសថ្កោលទោសការវាយប្រហាររបស់ហ៊ូទី និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ

អ៊ីស្លាម៉ាបាដ ៖ បណ្តាប្រទេសនៃសម្ព័ន្ធភាពការពារជាតិទីក្រុងមេកា ដែលរួមមាន ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងតួកគី ឬ គេស្គាល់ថា ណាតូឥស្លាម កាលពីថ្ងៃសុក្រ បានប្រកាសថ្កោលទោសចំពោះការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមឧទ្ទាមហ៊ូទី (Houthi) នៃប្រទេសយេម៉ែន នៅក្នុងតំបន់ ហើយបានប្តេជ្ញាពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំ។

មន្ត្រីសន្តិសុខកំពូល និងអ្នកការទូតមកពីប្រទេសទាំងបី បានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្លាម៉ាបាដ បន្ទាប់ពីរដ្ឋាភិបាលរបស់ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតាមបែបអង្គការណាតូ (NATO) កាលពីខែសីហា ដោយសន្យាថា នឹងជួយគ្នាទៅវិញទៅមកក្នុងករណីមានការវាយប្រហារណាមួយកើតឡើង។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានមានប្រសាសន៍នៅពេលបញ្ចប់កិច្ចប្រជុំថា «ភាគីទាំងបីបានបញ្ជាក់ជាថ្មីនូវការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដ៏ឃោរឃៅ និងជាបន្តបន្ទាប់របស់កងជីវពលហ៊ូទី ដែលកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត»។

លោកបានបន្ថែមថា ប្រទេសទាំងបីបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីបន្ត និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងការការពារសន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។

អារ៉ាប៊ីសាអូឌីតបានប្រឈមមុខនឹងការវាយប្រហារម្តងហើយម្តងទៀតពីសំណាក់ក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែន ដោយក្រុមនេះបានកំណត់គោលដៅលើទីក្រុង, រោងចក្រប្រេង និងការដឹកជញ្ជូនតាមផ្លូវទឹក ចាប់តាំងពីការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមស៊ីវិលយេម៉ែនបានកើនឡើងកម្តៅខ្លាំងកាលពីខែកក្កដា។

លោក Ishaq Dar បានឱ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងតួកគី បានចូលរួមក្នុងកិច្ចប្រជុំនេះ រួមជាមួយនឹងប្រមុខយោធារៀងៗខ្លួនផងដែរ ដែលក្នុងនោះ រួមមានទាំងសេនាប្រមុខដ៏មានឥទ្ធិពលរបស់ប៉ាគីស្ថាន លោក Asim Munir។

លោកបានបន្ថែមថា «ភាគីទាំងអស់បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ, ការអភិវឌ្ឍបច្ចេកវិទ្យារួមគ្ន, ការបណ្តុះបណ្តាល និងការកសាងសមត្ថភាព»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា