ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្ដោយព្រំដែន។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីនៅចន្លោះថ្ងៃទី២៥ ដល់២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានឈូសឆាយដី និងពង្រីកផ្លូវនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខាងលើដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា សកម្មភាពឯកតោភាគីទាំងនេះក៏រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ នៃសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិនោះដែរ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់រាល់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើយ៉ាងណាដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ។
ឯកឧត្តមបានបន្តទៀតថា កងទ័ពយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគ២ថៃ បានជួបប្រជុំក្រៅផ្លូវការកម្រិតក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) កម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាដែលផ្ទុយពីសេចក្តីប្រកាសរួមនេះ សំដៅឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។
ភាគីទាំងពីរក៏បានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីៗនេះ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា៕ពលជ័យ
























