បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-មីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត

កម្ពុជា-មីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
 
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី មីយ៉ាន់ម៉ា-កម្ពុជា ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមទៅកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែតុលា​​ កន្លងទៅ។ ឯកឧត្តមប្រធានាធិបតី ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ជាពិសេសបានសម្ដែងនូវការពេញចិត្តចំពោះលទ្ធផលដែលប្រទេសទាំងពីរបានសម្រេចរួមគ្នា។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា មីយ៉ាន់ម៉ា​ មានបំណងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
 
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី ជាថ្មីម្ដងទៀត ព្រមទាំងបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ កម្ពុជា-មីយ៉ាន់ម៉ា។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាពជាច្រើនទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
 
សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា បានឯកភាពគ្នាជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម, វិនិយោគ, ការពារជាតិ និង សន្តិសុខ, អប់រំ, ទេសចរណ៍ ក៏ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នា​ជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាគ្នា ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្ដែង សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។​ ជាមួយគ្នានេះ,​ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងសកល ផងដែរ ៕


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា