ព្រះសីហនុ៖ខណៈបច្ចុប្បន្នជនទុច្ចរិតបានយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកផលិតជារូបភាព វីដេអូ និងសំឡេងក្លែងក្លាយ ដើម្បីអូសទាញយុវវ័យឱ្យធ្លាក់ក្នុងអន្ទាក់ឆបោក និងបង្កចលាចលសង្គម។ ដើម្បីបង្កើតជាខែលការពារដ៏រឹងមាំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យស្ទឹងហាវ ខេត្តព្រះស៊ីហនុ សរុប ៨០០នាក់ បានរួមគ្នាប្រកាន់ជំហរ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ព្រមទាំងទទួលបាននូវវិធីសាស្ត្រការពារខ្លួនជាក់ស្តែង គឺគោលការណ៍ «៣កុំ ១ការពារ» និងក្បួន «ផ្អាកគិត ១៥វិនាទី»។
សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ៨០០នាក់ នៅវិទ្យាល័យស្ទឹងហាវ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានចូលរួមយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលសម្របសម្រួលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តព្រះស៊ីហនុ ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការ ដោយមានការអញ្ជើញចូលរួមពី លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានព្រមានពីគ្រោះថ្នាក់នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬ AI ក្នុងផ្លូវទុច្ចរិត ដើម្បីផលិតរូបភាព វីដេអូ និងសំឡេងក្លែងក្លាយ សំដៅបំភ្លៃការពិត បង្កចលាចលសង្គម និងបន្លំអូសទាញយុវវ័យឱ្យធ្លាក់ក្នុងអន្ទាក់។ ល្បិចកលទាំងនោះរួមមាន ការប្រើគណនីក្លែងក្លាយលួងលោមក្មេងស្រីឱ្យថតរូបភាពឯកជនដើម្បីគំរាមទារប្រាក់ ការបោកប្រាស់បែបស្នេហា ការអូសទាញវិនិយោគយកចំណេញខ្ពស់ហួសហេតុ និងការផ្ញើតំណភ្ជាប់ (Link) រង្វាន់ខ្យល់ ដែលធ្វើឱ្យជនរងគ្រោះខាតបង់ទ្រព្យសម្បត្តិ រងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន។
ដើម្បីបង្កើតជាខែលការពារខ្លួន ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ដល់សិស្សានុសិស្សត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ១ការពារ» រួមមាន៖ កុំទាន់ជឿភ្លាមតាមអារម្មណ៍, កុំទាន់ចែករំលែក (Share) ព័ត៌មានមិនច្បាស់លាស់, កុំប្រហែសចុចលើតំណភ្ជាប់ចម្លែក និង ១ការពារ គឺពង្រឹងអក្ខរកម្មព័ត៌មានដើម្បីចែករំលែកបន្តដល់គ្រួសារ និងមិត្តភក្តិ។ជាមួយគ្នានេះ ត្រូវអនុវត្តវិធីសាស្រ្ត «ផ្អាកគិត ១៥វិនាទី» ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការជាមុន មុននឹងជឿ ឬចែករំលែកបន្ត ដើម្បីក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ដ៏រឹងមាំ។
គួររំលឹកថា ចាប់តាំងពីដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន យុទ្ធនាការជំហានទី២ នេះ បានចុះផ្សព្វផ្សាយផ្ទាល់នៅតាមវិទ្យាល័យ និងអនុវិទ្យាល័យក្នុងរាជធានី-ខេត្តចំនួន ១៩ រួចមកហើយ ដោយមានអ្នកចូលរួមជាឃោសនិកផ្ទាល់សរុបជិត ៨ម៉ឺននាក់ និងមានអ្នកតាមដានចែករំលែកលើបណ្តាញសង្គមជាង ១៥លានដង៕
ដោយ៖ង៉ាន ទិត្យ
























































