ភ្នំពេញ៖ការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនធ្វើឡើងត្រឹមតែនៅលើក្រដាសនោះទេ ប៉ុន្តែគឺដើម្បីបម្រើដល់សុខុមាលភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋ ព្រោះសុខភាពពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ»។ នេះគឺជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈក្នុងវេទិកាស្តីពីការកែទម្រង់រដ្ឋបាលសាធារណៈគាំទ្រដល់វិស័យសុខាភិបាល ។
ក្នុងពិធីបើក «វេទិកាស្តីពីការកែទម្រង់រដ្ឋបាលសាធារណៈគាំទ្រដល់វិស័យសុខាភិបាល» លើកទី៣ នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានគូសបញ្ជាក់ពីលទ្ធផលជាក់ស្តែងរយៈពេលជាង ៣ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការប្រែក្លាយកំណែទម្រង់រដ្ឋបាលទៅជាកាតាលីករពង្រឹងគុណភាពសេវាសុខាភិបាលជូនពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់បន្ថែមថា ជាសក្ខីភាពជាក់ស្តែង ក្រសួងបានកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីសុខាភិបាលដោយជ្រើសរើសមន្ត្រីកិច្ចព្រមព្រៀងការងារបានចំនួន ៤៩០នាក់ រួចមកហើយ និងគ្រោងប្រឡងជ្រើសរើសបន្ថែមចំនួន ១,៨១៧នាក់ ទៀត នៅថ្ងៃទី៣ ខែធ្នូខាងមុខសម្រាប់ពង្រាយនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានបែងចែកច្បាស់លាស់រវាងមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ ព្រមទាំងផ្តល់ការលើកទឹកចិត្តពិសេសដល់មន្ត្រីពេទ្យនៅតំបន់ដាច់ស្រយាលផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីនៅបានគូសរំលេចថា ក្រៅពីការបន្ថែមធនធានមនុស្ស ក្រសួងសុខាភិបាលបានរៀបចំរចនាសម្ព័ន្ធឡើងវិញតាមអភិក្រម «ពង្រឹងជាជាងពង្រីក» និងបានផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងចំនួន ១៣,៦៨១នាក់ និងនៅតាមអង្គភាពមូលដ្ឋានចំនួន ៣៧១អង្គភាព សរុប ៤,៧១៣នាក់។ លើសពីនេះ ចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូទាំង ៣លើកកន្លងមក បានជ្រើសរើសមណ្ឌលសុខភាពគំរូសរុប ២០ និងមន្ទីរពេទ្យបង្អែកគំរូគ្រប់កម្រិតសរុប ៣០។សមិទ្ធផលទាំងនេះបង្ហាញយ៉ាងច្បាស់ថា កំណែទម្រង់រដ្ឋបាលសាធារណៈ បាននិងកំពុងបង្កើតការផ្លាស់ប្តូរពិតប្រាកដ ក្នុងការបង្ខិតសេវាសុខាភិបាលប្រកបដោយគុណភាព ឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋនៅមូលដ្ឋាន៕
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា
































