ភ្នំពេញ៖នៅក្នុងជំនួបទ្វេភាគីនារដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានឯកភាពគ្នាជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យប្រែក្លាយការប្ដេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្ដែង លើវិស័យស្នូលសំខាន់ៗ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានធ្វើឡើងក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមមកកាន់កម្ពុជា កាលពីខែតុលាកន្លងទៅ ដោយបញ្ជាក់ពីបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាពជាច្រើនទៀត ដើម្បីពង្រីកចំណងទាក់ទងឱ្យកាន់តែរឹងមាំ។
សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា បានឯកភាពគ្នាជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម, វិនិយោគ, ការពារជាតិ និង សន្តិសុខ, អប់រំ, ទេសចរណ៍ ក៏ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាគ្នា ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្ដែង សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងសកលផងដែរ ៕
ដោយ៖វណ្ណលុក
































