បរទេស ៖ យោធាអាមេរិកប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានបាញ់បំផ្លាញប្រព័ន្ធដំណើរការរបស់នាវាមួយគ្រឿងដែលដោតទង់ជាតិប្រទេសប៉ាឡាវ (Palau) ដោយចោទថា កប៉ាល់មួយគ្រឿងនេះបានបំពានការបិទផ្លូវសមុទ្ររបស់ទីក្រុងវ៉ាស៊ីនតោនលើកំពង់ផែនានារបស់អ៊ីរ៉ង់។ សាធារណរដ្ឋប៉ាឡាវ ត្រូវបានស្គាល់ថា ជាប្រទេសកោះមួយស្ថិតនៅតំបន់មីក្រូនេស៊ី នៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។
ទីបញ្ជាការកណ្តាលអាមេរិក ហៅកាត់ CENTCOM ដែលគ្រប់គ្រងកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា បានឱ្យដឹងថា យន្តហោះចម្បាំងអាមេរិកមួយគ្រឿងបានបាញ់ «គ្រាប់រំសេវនាំផ្លូវច្បាស់លាស់» កាលពីថ្ងៃព្រហស្បតិ៍ ចំផ្នែកកន្ទុយនៃនាវា Pacific Archer បន្ទាប់ពីកប៉ាល់មួយគ្រឿងនេះបានព្យាយាមបើកទម្លុះការបិទផ្លូវសមុទ្រ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ប្រព័ន្ធរុញច្រានរបស់នាវាត្រូវបានបំផ្លាញទាំងស្រុង ហើយក្រុមនាវិកស៊ីវិលមិនមានរងរបួសអ្វីឡើយ» ដោយកត់សម្គាល់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងឈូងសមុទ្រអូម៉ង់ (Gulf of Oman)។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា នាវា Pacific Archer បានចាកចេញពីកំពង់ផែ Bandar Abbas ដែលជាកំពង់ផែរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz។
CENTCOM បាននិយាយថាខ្លួន «នៅតែបន្តអនុវត្តការបិទផ្លូវសមុទ្រយ៉ាងតឹងរ៉ឹង» ដែលគិតមកទល់ពេលនេះ មាននាវាចំនួន ៦ គ្រឿងហើយ ដែលត្រូវបានបាញ់បំផ្លាញប្រព័ន្ធដំណើរការ និងនាវាចំនួន ១៥៨ គ្រឿងផ្សេងទៀតត្រូវបានបង្វែរទិសដៅ។
សហរដ្ឋអាមេរិកបានចាប់ផ្តើមការបិទផ្លូវសមុទ្ររបស់ខ្លួនកាលពីពាក់កណ្តាលខែកក្កដា បន្ទាប់ពីការដួលរលំនៃកិច្ចព្រមព្រៀងរយៈពេលខ្លីជាមួយអ៊ីរ៉ង់។
ហេតុការណ៍បាញ់ប្រហារនាវាប្រទេសប៉ាឡាវ បានកើតមានឡើងស្របពេលដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតប៉ុនប៉ងបញ្ចប់ជម្លោះរវាងអាមេរិកនិងអ៊ីរ៉ង់ នៅតែជាប់គាំងដដែល ជាពិសេស ចាប់តាំងពីការដួលរលំនៃកិច្ចព្រមព្រៀងខែមិថុនា ដែលបានត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយអចិន្ត្រៃយ៍៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត























