បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង​និងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត

កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង​និងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការ​ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
 
ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី និងគណៈប្រតិភូ ដែលបាន​អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ នាឱកាសនេះ ហើយឯកឧត្តមជឿ​ជាក់ថា កម្ពុជាក៏​នឹងទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល CLMV លើកទី១៣ នាពេលខាងមុខ។ ឯកឧត្តម​នាយករដ្ឋមន្រ្តី​បាន​អបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលការណ៍​នេះ​បានសបញ្ជាក់អំពីការលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ បន្ថែមលើនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់​ចំពោះភាពរីកចម្រើន និងលទ្ធផលប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់កម្រិត ព្រមទាំងបានគូស​បញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញចំណងមិត្តភាព​ទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ជូនចំពោះសម្ដេច និងគណៈប្រតិភូ។ សម្ដេចធិបតីក៏បានសម្ដែងនូវការអបអរសាទរចំពោះវៀតណាម ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ច​ប្រជុំកំពូល APEC នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ។សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការទ្វេភាគី​ និងបានគូសបញ្ជាក់អំពីការបន្ត​ជំរុញកិច្ចសហប្រតិបត្តិការ​ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត។
 
ប្រមុខរដ្ឋាភិបាលទាំងពីរ បានសង្កត់ធ្ងន់អំពីទំនាក់ទំនងដ៏ល្អ​ និងជាប្រពៃណី​ដ៏យូរអង្វែង​នៃប្រទេសទាំងពីរ ហើយប្រទេសទាំងពីរ​នឹងរៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាពនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២៧។

សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់ដើម្បីដាក់ចេញនូវយន្តការជាក់ស្ដែង ក្នុងការបន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ និងការពារជាតិ, ថាមពល, អប់រំ, កសិកម្ម, ទេសចរណ៍, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា