បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រោះរញ្ជួយដីវាយប្រហារអាមេរិក សូម្បីយន្តហោះដឹកអ្នកដំណើរក៏​បង្ខំចិត្តចុះចតបន្ទាន់

គ្រោះរញ្ជួយដីវាយប្រហារអាមេរិក សូម្បីយន្តហោះដឹកអ្នកដំណើរក៏​បង្ខំចិត្តចុះចតបន្ទាន់

វ៉ាស៊ីនតោន ៖ គ្រោះរញ្ជួយដីកម្រិត ៥.០ រ៉ិចទ័រ បានវាយប្រហារនៅក្រៅឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសៅរ៍ ដោយបានបង្កឱ្យមានការញ័ររញ្ជួយដល់បង្អួចផ្ទះនៅក្នុងតំបន់ទីក្រុង Los Angeles និងបង្ខំឱ្យយន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្អាកការចុះចតនៅព្រលានយន្តហោះរបស់ទីក្រុង។

ទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ USGS បានរាយការណ៍ថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅក្រៅឆ្នេរសមុទ្រ Manhattan Beach ដែលជាទីក្រុងមួយនៅជិត Los Angeles ហើយត្រូវបានបន្តដោយរំញ័រតូចៗជាបន្តបន្ទាប់។

គ្រោះរញ្ជួយដីនេះបានបង្កឱ្យសំឡេងរោទ៍ប្រកាសអាសន្នរបស់រថយន្តបន្លឺឡើង បែកកញ្ចក់បង្អួចនៅព្រលានយន្តហោះ និងបណ្តាលឱ្យមានផ្សែងហុយចេញពីរោងចក្រចម្រាញ់ប្រេងមួយកន្លែង ខណៈប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិត្រូវបានដំណើរការ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នករងរបួស ឬការខូចខាតធ្ងន់ធ្ងរណាមួយនៅឡើយទេ។

ការិយាល័យសេវាសង្គ្រោះបន្ទាន់របស់អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានបង្ហោះនៅលើបណ្តាញសង្គម Facebook ថា ខ្លួនកំពុង «ធ្វើការយ៉ាងសកម្មជាមួយមន្ត្រីមូលដ្ឋាន ដើម្បីវាយតម្លៃពីផលប៉ះពាល់នានា»។

ការិយាល័យនេះបានបន្ថែមថា «គ្រោះរញ្ជួយដីមិនអាចព្យាករណ៍ទុកជាមុនបានទេ ដូច្នេះសូមត្រៀមខ្លួនសម្រាប់រំញ័រជាបន្តបន្ទាប់ទៀត»។

យោងតាមវីដេអូថតបាននៅក្នុងតំបន់នោះ គ្រោះរញ្ជួយដីដំបូងបានបង្ខំឱ្យយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ផ្អាកការចុះចត នៅពេលដែលវាកំពុងហោះចូលជិតដល់ព្រលានយន្តហោះ Los Angeles។

យន្តហោះដឹកអ្នកដំណើរនោះរៀបនឹងប៉ះដីទៅហើយ នៅពេលដែលគ្រោះរញ្ជួយដីបានកើតឡើង ដែលជំរុញឱ្យក្រុមអាកាសយានិកត្រូវបានបញ្ជាឱ្យផ្អាកការចុះចតជាបន្ទាន់ ក្រែងលោមានស្នាមប្រេះនៅលើផ្លូវរត់ (Runway)។

អភិបាលក្រុង លោកស្រី Karen Bass បានប្រាប់សារព័ត៌មាន Fox News ថា «នោះគឺជាទង្វើដ៏ត្រឹមត្រូវបំផុតដែលត្រូវធ្វើ ព្រោះធ្វើយ៉ាងម៉េច ឲ្យពួកគេអាចដឹងបាន រហូតទាល់តែផ្លូវរត់ត្រូវបានត្រួតពិនិត្យរួចរាល់?»

រំញ័រលើកក្រោយបានធ្វើឱ្យធ្លាក់បន្ទះពិដានពណ៌សមួយផ្ទាំងនៅព្រលានយន្តហោះ Los Angeles ជាកន្លែងដែលកញ្ចក់បង្អួចនៅក្នុងស្ថានីយអ្នកដំណើរ (Terminal) មួយក៏ត្រូវបានបែកខ្ទេចផងដែរ។

កញ្ញា Kenna Cramer អាយុ ២៧ ឆ្នាំ ជាមេធាវីមកពីរដ្ឋ Maryland ដែលកំពុងឡើងជិះយន្តហោះត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «មនុស្សម្នាមានការភ័យខ្លាច»៕

ប្រភព ៖ AFP, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា