បរទេស ៖ អ៊ីរ៉ង់បានប្រើប្រាស់សេវាអ៊ីនធឺណិតផ្កាយរណបរបស់លោកមហាសេដ្ឋីអាមេរិក Elon Musk ក្នុងការវាយប្រហារលើកងកម្លាំងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើតាមកាសែត Washington Post រាយការណ៍ កាលពីថ្ងៃសៅរ៍ ដោយផ្អែកលើប្រភពព័ត៌មាននានា។
របាយការណ៍នេះបានដកស្រង់សម្តីមនុស្សពីរនាក់ដែលដឹងពីការពិភាក្សាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដោយរៀបរាប់ថា នាយកប្រតិបត្តិក្រុមហ៊ុន SpaceX គឺ លោក Elon Musk មានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីបានដឹងអំពីការប្រើប្រាស់សេវាអ៊ីនធឺណិតផ្កាយរណប Starlink ដោយគ្មានការអនុញ្ញាតចំនួនពីរករណី ដែលក្រុមការងាររបស់លោកបានសន្និដ្ឋានថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់អ៊ីរ៉ង់ប្រឆាំងនឹងកងកម្លាំងអាមេរិក។
ប្រភពម្នាក់ក្នុងចំណោមនោះបានប្រាប់កាសែត Washington Post ថា លោក Musk ក៏ត្រូវបានគេរាយការណ៍ឲ្យដឹងផងដែរថា យោធាអាមេរិកបានបង្ហោះដ្រូនវាយប្រហារអត្តឃាត ដោយប្រើប្រាស់ប្រព័ន្ធ Starlink ជំនាន់យោធា ដែលមានឈ្មោះថា Starshield ប៉ុន្តែបានប្រើប្រាស់លើកញ្ចប់សេវាដែលមានតម្លៃថោកជាង ដែលតាមពិត ត្រូវបានបង្កើតឡើងសម្រាប់ប្រតិបត្តិការជើងគោកប៉ុណ្ណោះ។
ក្រុមហ៊ុន SpaceX និងក្រសួងការពារជាតិអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ នោះទេ។
បើតាមសារព័ត៌មានអាមេរិក CNBC, ការប្រើប្រាស់ប្រព័ន្ធ Starlink នៅក្នុងតំបន់ជម្លោះភូមិសាស្ត្រនយោបាយ, ការគ្រប់គ្រងរបស់រដ្ឋាភិបាលអាមេរិកលើប្រព័ន្ធនេះ ក៏ដូចជា ការប្រើប្រាស់ដោយខុសច្បាប់ពីសំណាក់ភាគីដែលរងទណ្ឌកម្ម បានទាក់ទាញការពិនិត្យតាមដានយ៉ាងខ្លាំង ចំពេលមានសង្គ្រាមនៅអ៊ុយក្រែន និងនៅអ៊ីរ៉ង់។
ប្រព័ន្ធ Starlink មិនមានអាជ្ញាប័ណ្ណប្រតិបត្តិការនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ ប៉ុន្តែ លោកមហាសេដ្ឋី Elon Musk ធ្លាប់បានលើកឡើងពីមុនមកថា សេវានេះមានដំណើរការនៅទីនោះ៕
ប្រភព ៖ CNBC, ប្រែសម្រួល ៖ សារ៉ាត























