សាណា ៖ ក្រុមប្រដាប់អាវុធហ៊ូទី នៅប្រទេសយេម៉ែនអះអាងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារលើអាកាសយានដ្ឋាន, មូលដ្ឋានប្រេង និងឧស្ម័ន ព្រមទាំង ស្ថានីយអគ្គិសនីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Saree បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ថា ក្រុមរបស់លោកបានធ្វើប្រតិបត្តិការយោធាចំនួន ៥ លើក ដោយកំណត់គោលដៅលើប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ។
លោកបន្ថែមទៀតថា ការវាយប្រហារទាំងនោះ បានផ្តោតលើ អាកាសយានដ្ឋានអន្តរជាតិ King Khalid ស្ថិតក្នុងទីក្រុងរីយ៉ាដ (Riyadh), មូលដ្ឋានប្រេង និងឧស្ម័ន ព្រមទាំង ទីតាំងដំឡើងប្រព័ន្ធរ៉ាដា និងស្ថានីយអគ្គិសនី។
អារ៉ាប៊ីសាអូឌីតបានប្រឈមមុខនឹងការវាយប្រហារម្តងហើយម្តងទៀតពីសំណាក់ក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែន ដោយក្រុមនេះបានកំណត់គោលដៅលើទីក្រុង រោងចក្រប្រេង និងការដឹកជញ្ជូនតាមផ្លូវទឹក ចាប់តាំងពីការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមស៊ីវិលយេម៉ែនបានកើនឡើងកម្តៅខ្លាំងកាលពីខែកក្កដា។
ក្រុមចម្រុះដែលគាំទ្ររដ្ឋាភិបាលយេម៉ែន ដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិ បានបន្តទម្លាក់គ្រាប់បែកជាប្រចាំលើតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូធី ចាប់តាំងពីសង្គ្រាមស៊ីវិលនៅយេម៉ែនបានផ្ទុះឡើងវិញ។
ជាការឆ្លើយតប ក្រុមយុទ្ធជនហ៊ូទី បានបើកការវាយប្រហារសំដៅលើព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលយេម៉ែន និងជាប្រទេសដែលសម្បូរប្រេងមួយនេះ ស្ទើរតែរៀងរាល់ថ្ងៃ ខណៈដែលការវាយប្រហារជាទូទៅ កើតមានលើទីតាំងថាមពល អាកាសយានដ្ឋាន និងតំបន់ហិរញ្ញវត្ថុរបស់រាជធានីរីយ៉ាដ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត























