វិចិត្រការនីខ្មែរ បង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍គំនូរ ដើម្បីរៃអង្គាសជួយដល់អង្គការក្នុងស្រុក ដែលធ្វើការលើបញ្ហាសង្គម និងសុខភាពផ្លូវចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិចិត្រការនីខ្មែរ បង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍គំនូរ ដើម្បីរៃអង្គាសជួយដល់អង្គការក្នុងស្រុក ដែលធ្វើការលើបញ្ហាសង្គម និងសុខភាពផ្លូវចិត្ត

វិចិត្រការនីខ្មែរ បង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍គំនូរ ដើម្បីរៃអង្គាសជួយដល់អង្គការក្នុងស្រុក ដែលធ្វើការលើបញ្ហាសង្គម និងសុខភាពផ្លូវចិត្ត

ភ្នំពេញ៖ លោកជំទាវ ជា សិរី លើកឡើងថា វិចិត្រការនីខ្មែរ បានបង្កើតព្រឹត្តិការណ៍សិល្បៈ តាមរយៈនៃការតាំងពិព័រណ៍គំនូរដ៏ពិសេស នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដើម្បីរៃអង្គាសមូលនិធិ សម្រាប់ជួយទ្រទ្រង់អង្គការក្នុងស្រុកចំនួនបី ។

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងជាវិចិត្រការនីម្នាក់ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ពិព័រណ៍គំនូរ ផ្សាយសារអំពីសាមគ្គីភាព និងរៃអង្គាសថវិកាសម្រាប់អង្គការក្នុងស្រុក នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ថា ក្នុងពេលវេលាដ៏លំបាកដូចបច្ចុប្បន្ននេះ យើងចាំបាច់ត្រូវរួបរួមគ្នា និងជួយគ្នាទៅវិញទៅមក ដែលបង្កើតក្តីសង្ឃឹម និងភាពរីករាយដល់គ្នាទៅវិញទៅមក តួយ៉ាងដូចជា ការតាំងពិព័រណ៍សិល្បៈគំនូរ ដើម្បីរៃអង្គាសមូលនិធិសប្បុរសធម៌នេះជាដើម តាមរយៈការប្រើប្រាស់ស្នាដៃ ដើម្បីជាប្រយោជន៍សម្រាប់សង្គម ។

ចំណែក កញ្ញា អាដាណា ម៉មឡឺហ្គាស ជាវិចិត្រការនីខ្មែរកាត់បារាំងវ័យក្មេង លើកឡើងថា នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ សិល្បៈតែងបានដើរតួយ៉ាងសំខាន់ ក្នុងការរុញច្រានភាពផ្លាស់ប្តូរក្នុងសង្គម និងជាមធ្យោបាយក្នុងការចែករំលែកគំនិតរវាងគ្នានឹងគ្នា, សារសំខាន់ដែលយើងចង់ចែករំលែកនៅថ្ងៃនេះ គឺជាសារអំពីសាមគ្គីភាព និងការជួយយកអាសារគ្នាទៅវិញទៅមក ជាពិសេសនៅពេលប្រឈមមុខនឹងជំងឺរាតត្បាតជាសកលបែបនេះ គំនិត របៀបរស់នៅ និងសិល្បៈ គួរត្រូវបានអភិវឌ្ឍឈានឡើង ដើម្បីបង្ហាញក្តីសង្ឃឹមរបស់យើងគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា៖ រាល់ថវិកាដែលទទួលបានពីការលក់ស្នាដៃគំនូរ ក្នុងការតាំងពិព័រណ៍នេះ នឹងត្រូវប្រើប្រាស់ដើម្បីឧបត្ថម្ភដល់អង្គការក្រៅរដ្ឋាភិបាលចំនួនបីគឺ ក្នុងនោះអង្គការចិត្តសង្គមអន្តរវប្បធម៌ (ធីភីអូ) កម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលឈានមុខគេមួយ ដែលធ្វើការក្នុងវិស័យសុខភាពផ្លូវចិត្ត និងការគាំទ្រផ្នែកចិត្តសាស្ត្រ ។

អង្គការជួយជនចាស់ជរាកម្ពុជា គឺជាអង្គការដែលជួយលើកកម្ពស់សិទ្ធិជនចាស់ជរា និងជួយឧបត្ថម្ភជនចាស់ជរាក្រីក្រនៅក្នុងប្រទេសកម្ពុជា ដោយឡែកអង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គមកម្ពុជា ផ្តល់ការបណ្តុះបណ្តាលដល់មាតាបិតា និងអ្នកថែទាំកុមារ ឲ្យទទួលបានចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបង្កើតបរិយាកាសគ្រួសារមួយដែលគ្មានអំពើហឹង្សា និងពោរពេញដោយភាពវិជ្ជមាន សំដៅលុបបំបាត់និង កាត់បន្ថយអំពើហឹង្សាលើស្រ្តីនិងកុមារ។

ទាក់ទងការតាំងពិព័រណ៌នេះ សាធារណជនអាចចូលទស្សនាការតាំងពិព័រណ៍ ដោយឥតគិតថ្លៃ នៅសាលពិព័រណ៍របស់សារមន្ទីរព្រះស្រីឦសានវរ្ម័ន ឬសារមន្ទីរ ស.ស.រ. ចាប់ពីថ្ងៃអង្គារ ទី ១២ ខែ មករា ខាងមុខនេះ នៅរាល់ម៉ោងធ្វើការ, ក្នុងនោះលោកអ្នកអាចគាំទ្រការតាំងពិព័រណ៍នេះ ដោយជាវស្នាដៃគំនូរណាមួយ ឬវត្ថុអនុស្សាវរីយ៍ជាស្រោមទូរស័ព្ទ គឺជាការបរិច្ចាគថវិកាដោយផ្ទាល់ ក្នុងមូលនិធិមនុស្សធម៌ ដែលកំពុងត្រូវបានរៃអង្គាសនេះ ៕ ដោយលោក វ៉េង លីមហួត និងវណ្ណលុក

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា