«ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ»

«ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ»


«ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ» ជាសុភាសិតខ្មែរមួយ ដាស់តឿនសតិកូនខ្មែរឱ្យប្រតិបតិ្តវប្បធម៌ដឹងគុណ។ មានន័យថា ប្រសិនបើយើងទទួលបានភោគផល លទ្ធផលល្អ ការអភិវឌ្ឍ សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុដុមភាព សុខុមាលភាព ឬសុភមង្គលហើយនោះ យើងតែត្រូវនឹកគុណដល់អ្នកដែលផ្ដួចផ្ដើមគំនិត អ្នកលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ និងបានពុះពារគ្រប់ការលំបាក ដើម្បីបង្កើតឱ្យមានរបស់ទាំងអស់នេះ។

នៅក្នុងគ្រួសារ ក្នុងនាមយើងជាអ្នកជំនាន់ក្រោយ ឬកូន ត្រូវតែចេះអរគុណដល់អ្នកជំនាន់មុន អរគុណដល់ឪពុកម្ដាយ និងជីដូនជីតា ដែលបានធ្វើអ្វីដើម្បីគ្រួសារ។ នៅក្នុងសង្គមជាតិ យើងប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ដែលកំពុងរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍ ត្រូវតែគោរពដឹងគុណដល់ថ្នាក់ដឹកនាំ វីរៈយុទ្ធជន យុទ្ធនារី និងអ្នករួមចំណែកដទៃទៀត ដែលបានបង្កើតឱ្យមានសមិទ្ធផល ឬស្នាដៃ អ្នកកសាង អ្នកដែលបានជួយសង្គ្រោះ និងអ្នកផ្ដល់ជំនួយជាដើម។ យើងជាអ្នកជំនាន់ក្រោយ ឬអ្នកដែលបានទទួលផលពីបុព្វការី ត្រូវចេះដកស្រង់បទពិសោធន៍ បន្តវេន ផ្ដល់កិត្តិយស និងអាចតបស្នងតាមលទ្ធភាពដែលអាចធ្វើទៅបាន។

សម្រាប់យើងជាយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីដ៏សំខាន់សម្រាប់អនាគតគ្រួសារ ជាពិសេសប្រទេសជាតិ គួរគប្បីប្រកាន់នូវពាក្យមួយទុកក្នុងចិត្តថា «កុំភ្លេចកំណើតជាតិឯង» នេះគឺជាគុណតម្លៃមួយ ដែលយើងត្រូវប្រកាន់ខ្ជាប់ជានិច្ច។ ជាក់ស្តែង ប្រទេសកម្ពុជាយើងមិនដែលស្គាល់នូវពាក្យថា «សន្តិភាព» ឡើយ។ កម្ពុជាយើងធ្លាប់ឆ្លងកាត់នូវសង្គ្រាមហែកហួររាប់សិបសតវត្សរ៍មកហើយ ជាពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់ជាង ៣ លាននាក់ បានបាត់បង់ជីវិត។ ក្រោយរបបយង់ឃ្នងនេះបានដួលរលំ ប្រទេសជាតិទាំងមូលបានក្លាយជាផេះផង់។ កម្ពុជាយើងបានឆ្លងកាត់ឧបសគ្គរាប់រយជំពូក ទើបស្វះស្វែងរកបានសុខសន្តិភាពពេញលេញជូនប្រជាជន និងជាតិមាតុភូមិ រហូតដល់មានលទ្ធភាពជួយដោះស្រាយបញ្ហាដល់ប្រទេសក្នុងតំបន់ និងអន្តរជាតិទៀតផង។

យុវជនយើងមួយចំនួន ហាក់មិនចាប់អារម្មណ៍ថា អ្វីដែលពួកគេបានឃើញ និងទទួលបាននាពេលបច្ចុប្បន្ន ដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម សំណង់អគារតូចធំ ខ្ពស់ទាប ផ្លូវថ្នល់ខ្វាត់ខ្វែងអាចទៅគ្រប់ទីន្លែងដែលចង់ទៅ ការរស់នៅដោយសុខសប្បាយពោរពេញដោយស្នាមញញឹមជួបជុំក្រុមគ្រួសារ ជាពិសេសមានឱកាសបន្តការសិក្សានៅបរទេសទៀតផង។ នៅមានអ្វីៗច្រើនទៀត ដែលយើងមិនអាចរៀបរាប់អស់។ ទាំងអស់នេះហើយ គឺជាផ្លែផ្កានៃសន្តិភាព ដែលអ្នកជំនាន់មុន ក៏ដូចជាប្រមុខថ្នាក់ដឹកនាំ បានយកជីវិតជាដើមទុនទៅប្តូរ និងខិតខំរកមកយ៉ាងលំបាកដើម្បីផ្តល់ជូន។ ដូចនេះ យើងជាអ្នកជំនាន់ក្រោយ ត្រូវតែមានមោទនភាពចំពោះការលះបង់ដ៏មហិមានោះ។

យើងជាយុវជនជំនាន់ក្រោយ ត្រូវចងចាំថា ជាតិណាក៏ដោយ គេគោរពគុណតម្លៃ និងអត្តសញ្ញាណជាតិរបស់គេណាស់។ គុណតម្លៃបរទេសមួយចំនួន អាចមានចំណុចល្អ ដែលយើងគួរទទួលយក ប៉ុន្តែយើងក៏មិនគួរយកគុណតម្លៃបរទេសណាមួយមកលុបចោលគុណតម្លៃ និងអត្តសញ្ញាណជាតិ និងវប្បធម៌ ដូនតាយើងដែរ។ យើងត្រូវចងចាំថា មិនមែនបានទៅរៀនចេះដឹងខ្ពង់ខ្ពស់នៅបរទេស ស្រាប់តែចាប់ផ្តើមមានចរិតក្រអឺតក្រទម មើលងាយឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ ឬប្រទេសជាតិខ្លួនឯងនោះទេ។

អ្វីដែលបានលើកឡើងខាងលើនេះ គឺជាគតិតូចមួយសម្រាប់ឱ្យយុវជនយើងយកទៅពិចារណា ក្នុងការអភិវឌ្ឍខ្លួន និងជួយជ្រោមជ្រែង ថែរក្សាសង្គមជាតិខ្មែរ ហើយត្រូវចងចាំជានិច្ចថា គ្មានបរទេសណាមកស្រលាញ់ជាតិខ្មែរ ជាងខ្មែរនោះទេ ព្រោះគេមានប្រទេសជាតិគេដែលគេត្រូវស្រលាញ់ និងថែរក្សាដែរ៕

#ក្អែកខ្មៅ #ប្រវត្ដិសាស្រ្ដកម្ពុជា #សន្ដិភាព #សង្រ្គាម

Facebook Page: Black-CrowTelegram Channel

Advertisement

លី ប៊ុនហេង - Ly Bunheng

លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា