គ្រួសារមួយ​នៅមណ្ឌលគិរី​ បើ​ក​អាហារ​ដ្ឋានលក់​ម្ហូបប្រចាំ​តំបន់​ ផ្សព្វផ្សាយទេសចរណ៍ និង​រកប្រាក់​បើក​សាលាបង្រៀន​ភាសា​ដល់កុមារ​ក្នុងភូមិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រួសារមួយ​នៅមណ្ឌលគិរី​ បើ​ក​អាហារ​ដ្ឋានលក់​ម្ហូបប្រចាំ​តំបន់​ ផ្សព្វផ្សាយទេសចរណ៍ និង​រកប្រាក់​បើក​សាលាបង្រៀន​ភាសា​ដល់កុមារ​ក្នុងភូមិ​

គ្រួសារមួយ​នៅមណ្ឌលគិរី​ បើ​ក​អាហារ​ដ្ឋានលក់​ម្ហូបប្រចាំ​តំបន់​ ផ្សព្វផ្សាយទេសចរណ៍ និង​រកប្រាក់​បើក​សាលាបង្រៀន​ភាសា​ដល់កុមារ​ក្នុងភូមិ​

មណ្ឌលគិរី៖ គ្រួសារ​មួយ​រស់​នៅភូមិពូរតាំង សង្កាត់​រមនា​ ក្រុង​សែនមនោរម្យ​ ខេត្តមណ្ឌលគិរី បានបើក​អាហារដ្ឋាន លក់​ម្ហូបអាហារប្រចាំតំបន់​ភូមិភាគឦសាន បានជួយផ្សព្វផ្សាយទេសចរណ៍ និងជាពិសេស​យក​ចំណូលដែលបានមកពីការលក់​ម្ហូបទាំង​នោះមួយផ្នែក មកបើកសាលា​បណ្ដុះបណ្ដាល​ភាសា​ដល់​ក្មេងៗក្នុងភូមិ។

Advertisement

អ្នកស្រី មាស អេងណៃ ម្ចាស់អាហារដ្ឋាន អេងណៃមាស ដែល​ស្ថិតនៅក្នុង​ភូមិពូរតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ​ បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា មុនពេលវិបត្តិកូវីដ​១៩ អ្នកស្រី និងគ្រួសារ​គឺជាអ្នកនាំភ្ញៀវទេសចរ បរទេស​ដើរ​កម្សាន្ត​ក្នុងព្រៃ មើល​ដំរី ដែលជា​ទេសចរណ៍​លក្ខណៈផ្សងព្រេង នៅខេត្ត​មណ្ឌលគិរី ប៉ុន្តែពេល​កូវីដ​១៩ ​ចូលមកដល់ ធ្វើឱ្យបាត់​ភ្ញៀវទេសចរបរទេស​ស្ទើរទាំង​ស្រុង បន្ទាប់មកអ្នកស្រីក៏ចាប់ផ្ដើម​ប្តូរអាជីព មក​បើកអាហារ​ដ្ឋាន​លក់​ម្ហូបប្រចាំតំបន់​ភូមិភាគឦសានវិញ ដោយផ្ដោតលើ​ម្ហូបចម្អិ​នក្នុង​បំពង់ឬស្សី ។​

អ្នកស្រី​បានបន្តថា ចាប់តាំងពីអ្នកស្រី ​បើក​អាហារ​ដ្ឋាន​លក់ម្ហូបបំពង់ឬស្សី​នេះ មានបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ​​និងភ្ញៀវបរទេសជាច្រើនចាប់អារម្មណ៍ មកភ្លក្ស​រសជាតិ ហើយក៏មានការគាំទ្រ​តាំងពីពេលនោះមក ដោយ​ពួកគាត់​បានផ្សព្វផ្សាយ​តៗគ្នា​ពីរសជាតិ​ និង​ម្ហូបប្រចាំតំបន់​ក្នុងអាហារដ្ឋានរបស់អ្នក​ស្រី ធ្វើឱ្យភ្ញៀវ​មក​ទទួលទាន​ម្ហូបប្រចាំ​តំបន់​កាន់តែច្រើន។

អ្នកស្រីបានថ្លែងថា៖

“បច្ចុប្បន្ន​ ចំណូលដែលបានមកពី​របរលក់​ម្ហូបអាហារ​នេះ យកទៅបើក​សាលា​រៀន​មួយ ​សម្រាប់បណ្ដុះបណ្ដាលភាសាអង់គ្លេស​ដល់កូនៗអ្នកស្រុកភូមិ​ ហើយក៏មានក្មេងៗរាប់រយ​នាក់​បានចូលរៀន​ក្នុងសាលា​ ដែលខ្ញុំ​បានបង្កើត​។ គ្រូដែល​បង្រៀន​ក្មេង​ៗក្នុងភូមិ ភាគច្រើន ​គឺជាគ្រូបរទេស​ស្ម័គ្រចិត្ត​ ហើយរាល់ការ​ចំណាយរបស់​គ្រូ ដូចជា​ស្នាក់នៅ និង​ហូប​ចុក​​គឺជាការ​ចំណាយរបស់គ្រួសារខ្ញុំ។”​

អ្នកស្រីបានបន្តទៀត​ថា​ លក្ខណៈពិសេស ដែលធ្វើឱ្យ​ភ្ញៀវទេសចរ​ ចាប់អារម្មណ៍​លើ​ម្ហូប​ក្នុ​ងបំពង់ឬស្សីរបស់​អ្នកស្រីនោះ គឺការ​ធ្វើភ្លាមៗជូនភ្ញៀវ​ ដោយអាច​​​ឱ្យភ្ញៀវ ​មើលពីរបៀប​ធ្វើ​ដោយផ្ទាល់​ និងជាក់ស្ដែង​ សម្ល​ប្រូង​ដែលជាសម្ល​ប្រចាំតំបន់​មួយ​ ស្រដៀង​គ្នា​នឹង​សម្ល​កកូរ​របស់​ខ្មែរ ជា​​ម្ហូបល្បីប្រចាំអាហារ​ដ្ឋានរបស់អ្នកស្រី គឺត្រូវ​រៀបចំ​បន្លែ​និងសាច់រួចរាល់ រង់ចាំភ្ញៀវមកដល់​ទើបដាក់ចូលក្នុងបំពង់ឬស្សី ដើម្បីឱ្យភ្ញៀវបានឃើញផ្ទាល់ និងយកទៅដុត​ក្នុងភ្លើង មុន​នឹង​យក​ដាក់​ក្នុងឆ្នាំងឱ្យ​ភ្ញៀវទទួលទាន។

អ្នកស្រីបាន​បន្ថែមថា តាមរយៈការ​បើក​អាហារដ្ឋាន​លក់​ម្ហូប​តំបន់​ភូមិភាគឦសាន​នេះ មិនត្រឹមតែបានផ្សព្វផ្សាយទេសចរ​ជាតិ​ និងអន្តរជាតិឱ្យស្គាល់ពីម្ហូបប្រពៃណីភូមិភាគឦសាន និង​ជួយដល់កុមារ​ក្នុង​ភូមិ​ ឱ្យ​ទទួល​កា​របណ្ដុះបណ្ដាលភាសា​អង់គ្លេស​ដោយមិនគិតថ្លៃប៉ុណ្ណោះទេ តែ​ក៏បានជួយ​លក់​ផលិតផល​របស់កសិករ​ក្នុង​ខេត្ត​មណ្ឌលគិរី ដូចជា​ទឹកឃ្មុំ​ធម្មជាតិ ផ្លែឈើ​ធម្មជាតិ ដែលពួក​គាត់ដាំបាន ហើយពីមួយ​ឆ្នាំទៅមួយឆ្នាំ ភាពល្បីល្បាញ​នៃម្ហូបប្រចាំតំបន់​នៅក្នុងអាហារដ្ឋានរបស់អ្នកស្រីក៏កាន់​តែ​ខ្ទរខ្ទារ​ឡើង ដោយ​មាន​អ្នក​ដែលមកលេង​ខេត្ត​មណ្ឌលគិរី បាន​កុម្ម៉ង់​ឱ្យរៀបចំ​សម្រាប់កម្មវិធី​របស់ពួកគេផងដែរ។

អ្នកស្រី ​អេងណៃ បញ្ជាក់ថា​​ ពីមុន​ ក្នុងមួយថ្ងៃមានភ្ញៀវរាប់រយ​នាក់​បាន​មក​ទទួលទាន​ម្ហូប​តំបន់ភូមិភាគឦសាន​នៅក្នុងអាហារដ្ឋាន​របស់អ្នកស្រី ហើយក៏មានភ្ញៀវ​មករៀបចំកម្មវិធី​ជប់លៀងប្រចាំឆ្នាំនៅក្នុង​ទីតាំង​នោះដែរ ប៉ុន្តែបច្ចុប្បន្ន​នេះ បាន​ប្រែ​ក្លាយទៅជា​ស្ងប់ស្ងាត់​ភ្ញៀវខ្លាំង ​ជាពិសេស​ភ្ញៀវបរទេស​ ចាប់តាំងពីមានជម្លោះនៅតំបន់​មជ្ឈិម​បូព៌ា រហូតឈានដល់​កា​រ​បិទជើងហោះហើរនោះមក។​

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យ​អនុវត្តកម្មវិធី​ជំរុញការ​វិនិយោគ​ខេត្តទាំង ​៤ ក្នុងភូមិភាគឦសាន​ដោយ​ផ្ដោតលើ​វិស័យកសិម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។ ចាប់តាំងពីរាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់ឱ្យ​អនុវត្ត​កម្មវិធីនេះ ឃើញថា​បានទាក់ទាញ​វិនិយោគិន​ ជាច្រើន​ចូលទៅកាន់​តំបន់​ភូមិភាគឦសាន​​ ក្នុងពេល​រាជរដ្ឋាភិបាល​បានអនុគ្រោះ និងលើកទឹកចិត្ត​ដល់​វិនិយោគិន​ជាពិសេស​ផ្នែកពន្ធ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា