កសិករ​នៅ​បាត់ដំបង​​ ប្រើ​ដី​កន្លះ​ហិកតា​ដាំ​តា​សក់ រក​ចំណូល​ប្រមាណ​ ​៤០ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិករ​នៅ​បាត់ដំបង​​ ប្រើ​ដី​កន្លះ​ហិកតា​ដាំ​តា​សក់ រក​ចំណូល​ប្រមាណ​ ​៤០ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

កសិករ​នៅ​បាត់ដំបង​​ ប្រើ​ដី​កន្លះ​ហិកតា​ដាំ​តា​សក់ រក​ចំណូល​ប្រមាណ​ ​៤០ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

​បាត់​ដំបង​៖ កសិករ​មួយ​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ ​អាច​ប្រមូល​ផល​តា​សក់​បាន​ជា​មធ្យម​ប្រមាណ ៥០០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ​ពី​ផ្ទៃដី​ត្រឹម​ ​៥០​ ​អា ​ឬ​កន្លះ​ហិកតា ​ដោយ​ទទួល​បាន​ចំណូលប្រមាណ ​៤០​ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ ​ឬ​ស្មើនឹង​ប្រមាណ​ ​១២ លាន​រៀល​ក្នុង​មួយ​ខែ ​តាមរយៈ​ការ​ដាំដុះ​ដោយ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ត្រឹមត្រូវ​។

​លោក​ សារឿន ​និង​អ្នក​ស្រី​ ​សុភ័ណ ​ជា​កសិករ​រស់នៅ​ភូមិ​ស្តី​ក្រោម​ ​ឃុំ​ព្រែក​ហ្លួង​ ​ស្រុក​ឯក​ភ្នំ​ ​ខេត្ត​បាត់ដំបង ​បាន​ប្រកបរបរ​ដាំ​តា​សក់​លើ​ផ្ទៃដី​ទំហំ​ ៥០​អា ​អស់​រយៈពេល​ជាង​ ៣ ​ឆ្នាំ​មកហើយ​។ ​ការ​ដាំដុះ​នេះ​បាន​ក្លាយជា​ប្រភព​ចំណូល​មួយ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ​ដោយ​អាច​ផ្គត់ផ្គង់​តា​សក់​ទៅកាន់​ទីផ្សារ​ក្នុង​ខេត្ត​។

​អ្នក​ស្រី​ ​សុភ័ណ ​បាន​ឱ្យ​ដឹង​ថា​ ​ផ្ទៃដី​ទំហំ​ ៥០​អា ​អាច​ប្រមូល​ផល​តា​សក់​បាន​ជា​មធ្យម​ប្រមាណ​ ៥០០ គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​។ ​ចំពោះ​តម្លៃ​លក់​បោះ​ដុំ ​គឺ​ជា​មធ្យម​ប្រមាណ ៨០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ ​ដែល​អាច​រកចំណូល​បាន​ប្រមាណ​ ​៤០ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។ ប្រសិនបើ​គិត​ជា​មធ្យម​ក្នុង​រយៈពេល​មួយ​ខែ ​ចំណូល​អាច​មាន​ប្រមាណ ​១២​លាន​រៀល​។

​យ៉ាងណា​ក៏ដោយ​ តម្លៃ​តា​សក់​នៅលើ​ទីផ្សារ​ខេត្ត​បាត់ដំបង​មាន​ការ​ប្រែប្រួល​ទៅ​តាម​រដូវកាល​ ​ដោយ​អាច​មាន​តម្លៃ​ចន្លោះ​ពី​ ៨០០​ រៀល ​ដល់​ ១ ២០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ ​ហើយ​អាច​ឡើង​ខ្ពស់​ជាង​នេះ​នៅពេល​ដែល​ទីផ្សារ​ខ្វះខាត​បន្លែ​។​

តា​សក់​ជា​ដំណាំ​រយៈពេល​ខ្លី​ដែល​អាច​ប្រមូល​ផល​បាន​ក្នុង​រយៈពេល​ត្រឹម​ ​៣០​ ​ទៅ​ ​៣៥​ ​ថ្ងៃ​ក្រោយ​ដាំ​។ ​បន្ទាប់ពី​ប្រមូល​ផល​លើក​ដំបូង​ ​កសិករ​អាច​បេះ​ផ្លែ​ជា​បន្តបន្ទាប់​រាល់​ថ្ងៃ ​ឬ​រំលង​មួយ​ថ្ងៃ​ម្តង​ ​រយៈពេល​ប្រមាណ​ ​២​ ០​ទៅ​២​ ៥​ថ្ងៃ​ទៀត​ ​ទើប​អស់​ផ្លែ​។

​ចំពោះ​បច្ចេកទេស​ដាំដុះ​ ​អ្នក​ស្រី​ ​សុភ័ណ ​បាន​បញ្ជាក់​ថា​ កសិករ​ត្រូវ​ចាប់ផ្តើម​ពី​ការ​រៀបចំ​ដី​ ​លើក​រង​ ​និង​ជ្រើសរើស​ពូជ​ឱ្យ​បាន​ត្រឹមត្រូវ​។ ​នៅ​ពេល​ដំណាំ​មាន​អាយុ​ប្រមាណ ​១២ ​ទៅ​ ​១៥ ​ថ្ងៃ ​ត្រូវ​រៀបចំ​បោះ​បង្គោល ​និង​ចង​សំណាញ់​ធ្វើជា​ទ្រើង​ ​ដើម្បីឱ្យ​ដើម​តា​សក់​ឡើង​ ​ព្រមទាំង​ប្រើប្រាស់​ប្រព័ន្ធ​ទុយោ​ដំណក់​ទឹក​សម្រាប់​ស្រោចស្រព​។

​ក្រៅ​ពី​នេះ​ កសិករ​ត្រូវ​ប្រើ​ជី​កំប៉ុស្ត​ ​ឬ​ជី​លាមក​សត្វ​ពុក​ផុយ​សម្រាប់​ទ្រាប់​បាត​រង ​និង​បំប៉ន​ជី​គីមី​តាម​ដំណាក់កាល​លូតលាស់​របស់​ដំណាំ​។​ ​ការ​បំប៉នជី​ត្រូវ​ធ្វើ​នៅ​ដំណាក់កាល​ដំណាំ​មាន​អាយុ​ ​១២​ ​ទៅ​ ​១៥ ​ថ្ងៃ ​និង​ដំណាក់កាល​ចេញ​ផ្កា​ ​នៅ​អាយុ​ប្រមាណ​ ​២០​ ​ទៅ​ ​២៥​ ​ថ្ងៃ​។ ​ចាប់​ពី​ថ្ងៃ​ទី​ ​៣០​ ​ទៅ​ ​៣៥ ​ផ្លែ​តា​សក់​ចាប់ផ្តើម​ធំ​ពេញលេញ ​និង​អាច​ប្រមូល​ផល​យក​ទៅ​លក់​បាន​។

បើ​តាម​អ្នក​ស្រី​ ​សុភ័ណ​ ​ការ​ដាំ​តា​សក់​លើ​ផ្ទៃដី​ទំហំ​ ៥០ អា ​ត្រូវ​ចំណាយ​ដើមទុន​សរុប​ប្រមាណ​ ៤​ លាន​ ៥​ ​សែន​រៀល​ ​ដោយ​រាប់​បញ្ចូល​ទាំង​ការ​ភ្ជួរ​ដី​ ​គ្រាប់​ពូជ​ ​កៅ​ស៊ូ​គ្រប​រង​ ទុយោ​ទឹក​ ​សំណាញ់​ទ្រើង​ ​ជី ​ថ្នាំ​ ​និង​កម្លាំង​ពលកម្ម​។

​អ្នក​ស្រី​បាន​លើកឡើង​ថា​ ​ការ​ដាំដុះ​នេះ​មិន​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ភ្លាម​ៗ​នោះ​ទេ​ ​ប៉ុន្តែ​អាច​ជួយ​សម្រាល​បន្ទុក​ចំណាយ​ក្នុង​គ្រួសារ​។ ​មូលហេតុ​គឺ​ដោយសារ​សម្ភារៈ​មួយចំនួន​ ដូច​ជា​ ទុយោ​ទឹក ​បង្គោល ​និង​សំណាញ់​ទ្រើង​ ​អាច​យក​ទៅ​ប្រើប្រាស់​ឡើង​វិញ​បាន​ពី​ ​២​ ​ទៅ​ ៣ វដ្ត​ដំណាំ ​ដែល​ជួយ​កាត់បន្ថយ​ចំណាយ​នៅ​វដ្ត​បន្ទាប់ ​និង​បង្កើន​ប្រាក់​ចំណេញ​។

​អ្នក​ស្រី​ក៏​បាន​បញ្ជាក់​ថា​ ​គ្រួសារ​របស់​អ្នក​ស្រី​ធ្លាប់​ជួប​ការ​ខាតបង់​ក្នុង​ដំណាក់កាល​ដំបូង ​ដោយសារ​ខ្វះ​បទ​ពិសោធន៍​ ​និង​បច្ចេកទេស​ដាំដុះ​។ ក្រោយ​មក​ ​ពួក​គាត់​បាន​កែសម្រួល​វិធីសាស្ត្រ​ ​និង​អនុវត្ត​តាម​ការ​ណែនាំ​បច្ចេកទេស​ពី​អ្នក​ជំនាញ ​ទើប​អាច​ធ្វើឱ្យ​ការ​ដាំដុះ​មាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​មុន​។

​សម្រាប់​តំបន់​ផលិតកម្ម​កសិកម្ម​ក្នុង​ខេត្ត​បាត់ដំបង​ ​ស្រុក​បាណន់ ស្រុក​ថ្មគោល ​និង​ស្រុក​ឯក​ភ្នំ ​សុទ្ធតែ​ជា​តំបន់​ដែល​មាន​សក្តានុពល​ដាំដុះ​បន្លែ ​ដោយសារ​មាន​ប្រភព​ទឹក ​និង​ដី​មាន​ជីជាតិ​ ​ដែល​អាច​គាំទ្រ​ដល់​ការ​ផលិត​ ​និង​ផ្គត់ផ្គង់​បន្លែ​ទៅកាន់​ទីផ្សារ​ក្នុង​ស្រុក​។​

ទន្ទឹមនឹង​នេះ​ ​អ្នក​ស្រី​ ​សុភ័ណ ​ក៏​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​គាំទ្រ​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​ ​ដោយ​បញ្ជាក់​ថា​ ​ការ​គាំទ្រ​បន្លែ​ដែល​ផលិត​ដោយ​កសិករ​ក្នុង​ស្រុក​ ​មិន​ត្រឹមតែ​ជួយ​លើកទឹកចិត្ត​ដល់​អ្នក​ដាំដុះ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​ជំរុញ​ឱ្យ​កសិករ​ពង្រឹង​ការ​ផលិត ​និង​ដាំដុះ​បន្លែ​មាន​សុវត្ថិ​ភាព​ ​ដែល​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​បាន​គ្រប់​រដូវ​កាល​ ​ទាំង​រដូវ​ប្រាំង ​និង​រដូវ​វស្សា​ផងដែរ​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា