អតីតពលករមកពីកូរ៉េម្នាក់ យកជំនាញ និងបទពិសោធន៍កែច្នៃកសិផលក្នុងស្រុក ដើម្បីផ្គត់ផ្គង់លើទីផ្សារ និងឈានដល់ការនាំចេញ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
អតីតពលករមកពីកូរ៉េម្នាក់ យកជំនាញ និងបទពិសោធន៍កែច្នៃកសិផលក្នុងស្រុក ដើម្បីផ្គត់ផ្គង់លើទីផ្សារ និងឈានដល់ការនាំចេញ

អតីតពលករមកពីកូរ៉េម្នាក់ យកជំនាញ និងបទពិសោធន៍កែច្នៃកសិផលក្នុងស្រុក ដើម្បីផ្គត់ផ្គង់លើទីផ្សារ និងឈានដល់ការនាំចេញ

បន្ទាយមានជ័យ ៖ បន្ទាប់ពីទៅបម្រើការងារនៅក្នុងប្រទេសកូរ៉េក្នុងនាមជាពលករស្របច្បាប់ក្រោមការធានាសុវត្ថិភាពពីសំណាក់រដ្ឋាភិបាលកម្ពុជាអស់រយៈពេល០៤ឆ្នាំ អតីតពលករខ្មែរម្នាក់បានសន្សំយកជំនាញ និងចំណេះដឹង ជាមួយនឹងការព្យាយាមសិក្សាបន្ថែមដើម្បីអាចមានលទ្ធភាពកែច្នៃកសិកផលកសិកម្មក្នុងស្រុក ឱ្យក្លាយជាផលិតផលសម្រេចដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបានថែមទៀតផង។

លោក ស៊ុំ សុវង្ស អ្នកគ្រប់គ្រងទូទៅនៃសិប្បកម្ម VEHA Juice មានប្រសាសន៍ប្រាប់ AMS Economy ឱ្យដឹងថា សិប្បកម្មមួយនេះបានបង្កើតឡើងកាលពីអំឡុងឆ្នាំ២០១៩ ដោយមានទីតាំងស្ថិតនៅភូមិនិម្មិត១ សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយផ្តើមចេញពីការកែច្នៃផ្លែឈើស្រស់ឱ្យទៅជាផលិតផលផ្លែឈើក្រៀម ឬហៅថាដំណាប់ផ្លែឈើ ដូចជា ផ្លែមៀនប៉ៃលិន ម្នាស់ និងគ្រាប់ស្វាយចន្ទីជាដើម ហើយក្រោយមកទៀតក៏ព្យាយាមអភិវឌ្ឍន៍ពង្រីកចង្វាក់ផលិតកម្ម ក៏ដូចជាផលិតផលថ្មីបន្ថែមទៀត ដោយការបង្កើតជាភេសជ្ជៈទឹកផ្លែឈើ វេចខ្ចប់ជាកញ្ចប់ប្លាស្ទិក និងជាកំប៉ុង សម្រាប់ដាក់លក់នៅលើទីផ្សារក្នុងស្រុក។

ម្ចាស់សិប្បកម្មរូបនេះបានបន្តឱ្យដឹងទៀតថា ជាមួយនឹងខិតខំបង្កើនចង្វាក់ផលិតកម្មយ៉ាងមមាញឹក ជាអកុសល នៅក្នុងឆ្នាំ២០២០ វិបត្តិជំងឺកូវីដ-១៩ បានចូលមកដល់ ដែលបង្ករឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្មស្ទើរគ្រប់វិស័យ ហើយក្នុងដំណាក់នោះ សិប្បកម្ម VEHA Juice ក៏ទទួលរងផលប៉ះពាល់ផ្នែកទីផ្សារដូចគ្នា រហូតលោកបានសម្រេចចិត្តផ្អាកដំណើរការមួយរយៈ។

លោក ស៊ុំ សុវង្ស បានបញ្ជាក់ថា ៖

« ក្ដីទន្ទឹងរង់ចាំបានអូសបន្លាយពេលដល់ឆ្នាំ២០២១ ដែលជាអំឡុងពេលវិបត្តិជំងឺកូវីដនៅមិនទាន់សាបសូន្យនៅឡើយ ដោយសារតែមហិច្ឆតា និងក្ដីស្រឡាញ់បែបអាជីវកម្មកែច្នៃ ខ្ញុំបានចាប់ផ្តើមដំណើរការជាលើកទី២បន្តទៀត។ ក្នុងដំណាក់កាលចេញជាលើកទី២ នេះដែរ សិប្បកម្ម VEHA Juice ក៍នៅមិនទាន់មានសកម្មភាពពេញលេញនៅឡើយ ដោយសារសេដ្ឋកិច្ចពិភពលោក ក៏ដូចជាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជានៅមិនទាន់មានភាពច្បាស់លាស់ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំនៅតែបោះជំហ៊ានទៅមុខដោយមិនរាថយ»។

ក្នុងកិច្ចដំណើរការលើកទី២នេះ រហូតដល់ឆ្នាំ២០២២​ ក្រៅពីការជ្រៀតខ្លួនចូលទីផ្សារក្នុងស្រុកគួរជាទីមោទន ផលិតផលសម្រេចរបស់សិប្បកម្ម VEHA Juice បានទទួលការបញ្ជាទិញពីទីផ្សារនៅប្រទេសកូរ៉េ ដែលជាកន្លែងខ្លួនធ្លាប់បម្រើការងារជាពលករនៅទីនោះ ចន្លោះពី ២៥តោន ទៅ ៥០តោនក្នុងមួយឆ្នាំ ហើយបាននាំចេញគ្រាប់ស្វាយចន្ទីក្រៀមចេញទៅលក់នៅទីផ្សារប្រ​ទេសចិន និងប្រទេសអូស្រា្តលីប្រមាណជា ៦០តោនក្នុងមួយឆ្នាំ ដោយជ្រកក្រោមឈ្មោះក្រុមហ៊ុនជាដៃគូបញ្ជាទិញ។

សូមរំលឹកថា កាលពីឆ្នាំ២០១៤ លោក ស៊ុំ សុវង្ស បានចាកចេញពីស្រុកកំណើតទៅបម្រើការងារនៅរោងចក្រផលិតគ្រឿងបន្លាស់រថយន្តនៅក្នុងប្រទេសកូរ៉េ។ ក្រោយមក ដោយបានឃើញក្រុមហ៊ុនផលិតទឹកផ្លែឈើ និងធ្វើដំណាប់ផ្លែឈើ ដែលមានទីតាំងនៅក្បែរនោះមានតម្រូវការកម្មករបន្ថែម លោកក៏បានដាក់ពាក្យស្នើសុំចូលបម្រើការងារក្រៅម៉ោងដោយមិនគិតពីប្រាក់កម្រៃនោះឡើយ ។ ក្រោមកិច្ចខិតខំយចិត្តទុកដាក់បំពេញការងារបានមួយរយៈ ក្រុមហ៊ុនដំណាប់ផ្លើឈើកូរ៉េបានគិតថ្លៃពលកម្មក្រៅម៉ោងឱ្យលោកដូចគ្នាទៅនឹងពលករដទៃទៀតដែរ។

ការបំពេញការងារជាកម្មករនៅក្នុងរោងចក្រកែច្នៃមួយនេះបានត្រឹមតែរយៈពេល២ឆ្នាំ និងគាប់ជួនដល់ពេលដែលត្រូវវិលត្រឡប់មកកម្ពុជាវិញ រូបលោកផ្ទាល់ រួមជាមួយនឹងមិត្តភ័ក្ដិដែលជាកម្មករបម្រើការងារនៅក្នុងរោងចក្រកែច្នៃដំណាប់ផ្លែឈើមួយនេះ ក៏ដូចជាមិត្តភ័ក្ដិផ្សេងទៀតនៅក្នុងប្រទេសកូរ៉េ បានសហការចូលទុនដើម្បីបង្កើតជាសិប្បកម្មកែច្នៃនៅក្នុងស្រុក ដោយដាក់ទីតាំងលើកដំបូងនៅក្រុងប៉ោយប៉ែត។

សម្រាប់ថ្ងៃខាងមុខនេះ លោក និងក្រុមស្ថាបនិកបានបង្ហាញពីគោលដៅចម្បងក្នុងការពង្រីកចង្វាក់ផលិតកម្ម ក៏ដូចជាសិប្បកម្ម VEHA Juice ឱ្យកាន់តែធំជាងនេះ ដែលអាចបង្កើនការងារដល់ពលរដ្ឋខ្មែរនៅក្នុងតំបន់ ជាពិសេសអាចក្លាយជាទីផ្សារទទួលប្រមូលទិញកសិផលក្នុងស្រុកដែលពាក់ព័ន្ធនឹងផលិតកម្មបានមួយចំណែត ស្របនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បង្កើនឱកាសពិពិធកម្មសិប្បកម្ម ក៏ដូចជាជំរុញការផលិត និងលក់កសិផលក្នុងស្រុកឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការរបស់រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជមរុញ និងលើកកម្ពស់ ដើម្បីអាចធានាដល់សន្តិសុខស្បៀងទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា