អាជីវកម្មចិញ្ចឹមត្រីរ៉ស់ដ៏ធំមួយកន្លែង មានលទ្ធភាពផ្គត់​ផ្គង់ត្រីសាច់ចូលទីផ្សារបានដល់ប្រមាណ ២០តោនក្នុងមួយថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជីវកម្មចិញ្ចឹមត្រីរ៉ស់ដ៏ធំមួយកន្លែង មានលទ្ធភាពផ្គត់​ផ្គង់ត្រីសាច់ចូលទីផ្សារបានដល់ប្រមាណ ២០តោនក្នុងមួយថ្ងៃ

អាជីវកម្មចិញ្ចឹមត្រីរ៉ស់ដ៏ធំមួយកន្លែង មានលទ្ធភាពផ្គត់​ផ្គង់ត្រីសាច់ចូលទីផ្សារបានដល់ប្រមាណ ២០តោនក្នុងមួយថ្ងៃ

កំពង់ធំ ៖​ «TP កសិដ្ឋានចិញ្ចឹមត្រីរ៉ស់» ជាទីតាំងចិញ្ចឹមត្រីចម្រុះ ប៉ុន្តែផ្តោតសំខាន់ទៅលើប្រភេទរ៉ស់រហូតដល់ប្រមាណ ៩០ភាគរយ ស្ថិតនៅភូមិស្ទឹងជីនិត ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បាន និងកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាតាមរយៈការក្ដោបក្ដាប់ចំណែកទីផ្សារផ្គត់ផ្គង់ត្រីរ៉ស់ស្រស់នៅតាមបណ្តាខេត្ត/ក្រុង និងរាជធានីភ្នំពេញ បានចន្លោះពី ១៥ ទៅជាង ២០តោនក្នុងមួយថ្ងៃ ។

Advertisement

លោក តាន់ វណ្ណា ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី TP បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា អាជីវកម្មក្នុងវិស័យវារីវប្បកម្មមួយនេះបានដំណើរការជាង ៥ឆ្នាំមកហើយ ស្ថិតនៅលើផ្ទៃដីសរុបជាង ៨០ហិកតា និងមានស្រះចិញ្ចឹមប្រមាណជិត ១០០ ស្រះ ដោយក្នុងនោះ កសិដ្ឋានបានផ្តោតលើការចិញ្ចឹមប្រភេទត្រីរ៉ស់រហូតដល់ ៩០% និងប្រមាណ ១០% ទៀត ជាប្រភេទត្រីអណ្តែង ត្រីប្រា និងត្រីទីឡាព្យ៉ាជាដើម ដោយប្រើប្រាស់កម្លាំងពលកម្មបុគ្គលិកជំនាញសរុបចំនួន ៧០នាក់។

​ម្ចាស់កសិដ្ឋានរូបនេះបានទម្លាយឱ្យដឹងថា គន្លឹះជោគជ័យ និងសង្វាក់ផលិតកម្មស្តង់ដារក្នុងការគ្រប់គ្រងស្រះចិញ្ចឹមខ្នាតធំប្រចាំប្រទេសបែបនេះ មិនមែនជារឿងសាមញ្ញនោះឡើយ ពោលគឺត្រូវទាមទារឱ្យមានចំណេះដឹងផ្នែកវារីវប្បកម្ម​ ជំនាញ បច្ចេកទេស និងបទពិសោធន៍ ជាពិសេស ប្រព័ន្ធគ្រប់គ្រងទឹកនៅក្នុងស្រះនីមួយៗដែលមានការផ្លាស់ប្តូរ និងការទាញយកប្រភពទឹកពីបឹងធម្មជាតិ ដែលអំណោយផលការចិញ្ចឹមនៅក្នុងកសិដ្ឋាន។

ម្ចាស់កសិដ្ឋាន​រូបនេះបានបញ្ជាក់ថា ៖

«ត្រីដែលចិញ្ចឹមរយៈពេលពី ៥ ទៅ ៦ ខែ អាចមានទម្ងន់ចាប់ពី ០,៨ ទៅ ១គីឡូក្រាម ហើយបើចិញ្ចឹមរយៈពេលប្រមាណ ៦ ទៅ ៨ខែ អាចទទួលបានផលត្រីទម្ងន់ចាប់ពី ១ ទៅដល់​១,២ គីឡូក្រាម ដែលជាទម្ងន់ស្តង់ដារ​ និងអាចចាប់លក់ចូលទីផ្សារបាន​ដែលមានតម្រូវការខ្ពស់បំផុត។ អ្វីដែលជាលក្ខណៈពិសេសនោះ គឺការចិញ្ចឹម និងចាប់លក់ចូលទីផ្សារវិលជុំ ពោលគឺយើងអាចចាប់លក់បានរាល់ថ្ងៃ»។

សូមជម្រាបដែរថា ពាក់ព័ន្ធនឹងការថែទាំ និងផ្តល់ចំណីវិញ កសិដ្ឋានមួយនេះបាននាំចូលចំណីគ្រាប់មកពីប្រទេសវៀតណាម ដោយក្នុងមួយថ្ងៃអាចប្រើអស់ប្រមាណចាប់ពី ២០ ទៅ ៣០តោន ប៉ុន្តែសម្រាប់ចំណីសម្រាប់ប្រភេទត្រីប្រាវិញ គឺកសិដ្ឋានបានរៀបចំចំណីធ្វើដោយខ្លួនឯង ពោលគឺអាចជំនួសចំណីនាំចូលបានប្រមាណ ១០ភាគរយ នៃបរិមាណចំណីសរុបទាំងមូល។ ដោយឡែក ចំណែកកូនត្រីរ៉ស់ បាននាំចូលពីប្រទេសវៀតណាម ដោយពុំទាន់មានស្ថាននីយ៍ភ្ញាស់កូនត្រីដោយខ្លួនឯងនៅឡើយនោះទេ ព្រោះការភ្ញាស់កូនត្រី ត្រូវរៀបចំធ្វើឡើងដោយកសិដ្ឋានដោយផ្ទាល់ ត្រូវតែមានបច្ចេកទេស និងវត្ថុជាដើមជាឧបករណ៍ចំបាច់មួយចំនួនសម្រាប់ដំណើរការសង្វាក់ផលិតកម្មភ្ញាស់​ ក៏ដូចជាថែទាំផងដែរ។

 

លោក តាន់ វណ្ណា បានឱ្យដឹងថា ការបង្វិលជុំផលិតកម្មរបស់កសិដ្ឋានបានប្រើប្រាស់បច្ចេកទេសផ្លាស់ប្តូរការវិលជុំនៃការចិញ្ចឹម (Crop Rotation) ដើម្បីអាចប្រមូលផលប្រដេញគ្នា និងមានត្រីផ្គត់ផ្គង់ទីផ្សារជាប្រចាំថ្ងៃ។ ជាក់ស្ដែង បច្ចុប្បន្ន ក្នុងមួយថ្ងៃ កសិដ្ឋានបានប្រមូលត្រីចូលទីផ្សារកើនឡើងពី ១៥ ទៅជាង ២០តោន ហើយតម្លៃដែលទទួលបានគឺ ៨,៥00រៀល/គីឡូក្រាម។ ស្របតាមតារាងតម្លៃទំនិញប្រចាំថ្ងៃរបស់ធនាការ​​ ARDB ។​

ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី ក៏បានបញ្ជាក់ពីភាពប្រឈម និងភាពប្រកួតប្រជែង ក្នងទីផ្សារដោយសារអ្នកនាំចូលបានទម្លាក់តម្លៃធ្វើឱ្យកសិដ្ឋានជួបប្រទះនឹងផលលំបាកក្នុងការរក្សាចំណែកទីផ្សារ ខនៈដែលលទ្ធភាពផ្គត់ផ្គង់ត្រីដែលចិញ្ចឹមក្នុងស្រុកគឺមានភាពគ្រប់គ្រាន់មិនចាំបាច់ពឹងអាស្រ័យលើការនាំចូលនោះឡើយ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៩ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងសហការីដោយមានការចូលរួមពីអភិបាលរងខេត្តកំពត អភិបាលរងខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ចាម មន្រ្តីខេត្តកែប មន្រី្តកសិកម្មឃុំ, ក្រុមហ៊ុនផ្គត់ផ្គង់ចំណីត្រី, វារីវប្បករ, និងក្រុមហ៊ុនធានាទិញផលវារីប្បកម្ម ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រីរបស់ TP ចិញ្ចឹមត្រីរ៉ស់មួយនេះដោយផ្ទាល់។

នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានឱ្យបង្កើនសមត្ថភាពផលិតត្រីរ៉ស់នេះបន្ថែម និងគួរបង្កើនការចិញ្ចឹមប្រភេទត្រីផ្សេងទៀត ដើម្បីបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលបន្ថែម និងផ្ដល់ការចូលរួមនូវខ្សែចង្វាក់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញកសិដ្ឋាន តាមរយៈផលិតកម្មតាមកិច្ចសន្យា ក្នុងគោលដៅលើកកម្ពស់សមត្ថភាពនៃផលិតកម្មក្នុងស្រុក ជំនួសឱ្យការនាំចូលផង និងបង្កើនសមត្ថភាពក្នុងការនាំចេញផង៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា