ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ភ្នំពេញ៖ ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនៗរហូតបញ្ចប់ការសិក្សាជាវេជ្ជបណ្ឌិត។

លោក អ៊ឹង ទ្រី ម្ចាស់ចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ស្ថិតនៅភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្រាប់បណ្តាញព័ត៌មាន AMS ថា លោកមានបទពិសោធន៍ដាំឫស្សីទំពាំងផ្អែមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាទូទៅ អ្នកដាំឫស្សីតែងផ្តោតលើការយកទំពាំងលក់ ហើយលោកក៏ធ្លាប់ប្រកបរបរបែបនេះដែរ។

លោកបានឱ្យដឹងថា លោកបានកែប្រែយុទ្ធសាស្ត្រទីផ្សារ ដោយងាកមក «ផ្សាំដើមធ្វើកូនពូជលក់» វិញ។ កូនពូជត្រូវបានលក់ក្នុងតម្លៃ ៤,០០០ រៀលក្នុងមួយដើម ដែលលោកចាត់ទុកថាផ្តល់តម្លៃបន្ថែមខ្ពស់ និងមានស្ថិរភាពជាងការលក់ទំពាំង។

ចម្ការរបស់លោកមានសមត្ថភាពផលិត និងត្រៀមកូនពូជស្រាប់ពី ៥០០ ទៅ ១,០០០ កូនជាប្រចាំថ្ងៃ។ នៅពេលមានការបញ្ជាទិញខ្នាតធំ លោកអាចពង្រីកកម្លាំងពលកម្មរហូតដល់ជាង ២០នាក់ ដើម្បីឆ្លើយតបការបញ្ជាទិញរហូតដល់ ៣ ម៉ឺនកូនក្នុងពេលតែមួយ។ សម្រាប់ថ្ងៃធម្មតា ចម្ការប្រើកម្មករត្រឹមតែ ៥នាក់។

លោក អ៊ឹង ទ្រី បានបញ្ជាក់ថា បច្ចុប្បន្ន ចម្ការរបស់លោកទទួលបានចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ។ ចំណូលនេះអាចជួយទ្រទ្រង់ជីវភាពគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនប្រុសស្រីរហូតបញ្ចប់ការសិក្សាជាវេជ្ជបណ្ឌិត។

លោកបានរៀបរាប់ថា លោកបានដាំឫស្សីទំពាំងផ្អែមអស់រយៈពេលជាង ១០ឆ្នាំមកហើយ លើផ្ទៃដីប្រមាណជាង ៦ហិកតា។ មូលហេតុដែលលោកជ្រើសរើសដាំឫស្សីប្រភេទនេះ ដោយសារវាងាយស្រួលដាំ ងាយថែទាំ ទទួលបានផលល្អ ហើយនៅពេលលក់មានអតិថិជនមកទិញដល់ចម្ការ។ ទំពាំងផ្អែមក៏មានតម្លៃខ្ពស់ជាងទំពាំងធម្មតាផងដែរ។

កាលពីផ្តោតលើការប្រមូលផលទំពាំង លោកអាចប្រមូលបានប្រមាណ ៨០០ ទៅ ៩០០ គីឡូក្រាម ក្នុងចន្លោះពេល ៣ថ្ងៃម្តង។ នៅរដូវប្រាំង ទំពាំងអាចលក់បានក្នុងតម្លៃ ៦,០០០ ទៅ ៧,០០០ រៀលក្នុងមួយគីឡូក្រាម ហើយនៅរដូវវស្សា តម្លៃស្ថិតនៅចន្លោះ ២,០០០ ទៅ ៣,០០០ រៀលក្នុងមួយគីឡូក្រាម។

លោក អ៊ឹង ទ្រី បានបញ្ជាក់ថា ការប្តូរមក «ផ្សាំដើមធ្វើកូនពូជលក់» កើតចេញពីការមើលឃើញឱកាសចំណេញខ្ពស់ជាង និងអាចរក្សាដើមឫស្សីមេបាន។ លោកបានកត់សម្គាល់ថា នៅពេលកាត់ទំពាំង វាអាចធ្វើឱ្យបាត់បង់ឫស្សីពី ៦ ទៅ ៧ដើមក្នុងមួយគុម្ព។ ដូច្នេះ ការទុកដើមឫស្សីផ្សាំជាកូនសម្រាប់លក់ អាចផ្តល់ផលល្អជាង។

តាមលោក អ៊ឹង ទ្រី ជាធម្មតា ចម្ការរបស់លោកធ្លាប់ប្រមូលផលទំពាំងផ្អែមលក់ឱ្យឈ្មួញកណ្តាលនៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត។ ក្រោយពេលប្តូរមកផលិតកូនពូជ ទីផ្សាររបស់លោកនៅតែមានអតិថិជនជាប្រចាំនៅតាមបណ្តាខេត្ត និងក្រុងនានា លើកលែងតែខេត្តមួយចំនួនដែលជាប់បណ្តោយព្រំដែនថៃ។

លោកបានឱ្យដឹងទៀតថា ឫស្សីជាដំណាំត្រូពិចមួយដែលងាយស្រួលដាំ និងមើលថែ។ ឫស្សីត្រូវបានដាំដើម្បីយកទំពាំងមកលក់ និងធ្វើជាម្ហូបអាហារផ្សេងៗ ហើយដើមរបស់វាក៏អាចយកទៅប្រើប្រាស់ក្នុងវិស័យសំណង់ និងផលិតគ្រឿងសង្ហារឹមបានផងដែរ។

សម្រាប់ដំណាំឫស្សីទំពាំងផ្អែម លោក អ៊ឹង ទ្រី បានលើកឡើងថា វាជារុក្ខជាតិបន្លែប្រភេទថ្មីមួយ ដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ទាំងក្នុងស្រុក និងប្រទេសជិតខាង។ ដំណាំនេះអាចផ្តល់ចំណូលគួរសមដល់អ្នកដាំដុះ ហើយមិនសូវពិបាកក្នុងការថែទាំនោះទេ។

ពាក់ព័ន្ធនឹងបច្ចេកទេសដាំដុះ និងថែទាំ លោក អ៊ឹង ទ្រី បានបញ្ជាក់ថា កូនឫស្សីដែលអ្នកដាំទទួលយកទៅដាំ អាចចាប់ផ្តើមផ្តល់ទំពាំងជាលើកដំបូងក្នុងរយៈពេលប្រមាណ ៤ខែ ហើយអាចកាត់លក់ជាបន្តបន្ទាប់។

លោកបន្តថា ឫស្សីប្រភេទនេះអាចបន្តផ្តល់ផលទំពាំងចាប់ពី ២០ ទៅ ២៨ឆ្នាំ ហើយផលរបស់វានឹងកាន់តែល្អនៅឆ្នាំបន្ទាប់។ ពោលគឺ កាលណាដាំកាន់តែយូរ វាអាចផ្តល់ផលកាន់តែច្រើន។

លោក អ៊ឹង ទ្រី បានចាត់ទុកដំណាំឫស្សីផ្អែមជាជម្រើសកសិកម្មដែលមានទីផ្សារច្បាស់លាស់ និងរឹងមាំ។ សម្រាប់កសិករដែលមានបំណងសិក្សាពីបច្ចេកទេសដាំដុះ និងការជ្រើសរើសពូជ លោកក៏បានចែករំលែកចំណេះដឹងជាវីដេអូនៅលើទំព័រហ្វេសប៊ុក «ចម្ការឫស្សី តាទំពាំងផ្អែម ទន្លេបិទ» ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា