ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៦

ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៦

ភ្នំពេញ ៖ ប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទាក់ទាញទេសចរណ៍ក្នុងចំណោមទីតាំងទេសចរណ៍ទាំង២៥ ដែលល្អបំផុតនៅអាស៊ី។ នេះបើយោងតាម TripAdvisor ជាគេហទំព័រផ្សព្វផ្សាយពីគោលដៅទេសចរណ៍ល្បីៗនៅទូទាំងពិភពលោក។

Advertisement

លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ AMS Economy នារសៀលថ្ងៃទី៤ ខែឧសភា នេះថា ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាទីតាំងដែលទាក់ទាញបំផុតនៅតំបន់អាស៊ីក្នុងឆ្នាំ២០២៦នេះ គឺពិតជាកាលានុវត្តភាពដ៏ល្អសម្រាប់កម្ពុជា ស្របពេលដែលបរិបទតំបន់ និងសកលលោកកំពុងស្ថិតក្នុងភាពប្រកួតប្រជែងខ្ពស់។

លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖

«ការណ៍នេះបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតីនាយក​រដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍-វប្បធម៌ និងពង្រឹងភាពធន់សម្រាប់វិស័យទេសចរណ៍»។

ក្រសួងទេសចរណ៍ ក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានរំពឹងដែរថា ការផ្តល់ចំណាត់ថ្នាក់នេះ នឹងផ្តល់ភាពអំណោយផលដល់កម្ពុជា ដូចជា៖ (១) ផលប៉ះពាល់ជាវិជ្ជមាននៃកិត្តិនាមរបស់កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ (២)កំណើននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ (៣) បង្កើតឱកាសការងារ និងប្រាក់ចំណូល និង (៤)ជំរុញចរន្តសេដ្ឋកិច្ចជាតិឱ្យរស់រវើក។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក-កម្ពុជា (PATA) ប្រាប់​ AMS Economy នាថ្ងៃទី៤ ខែឧសភា ដែរថា៖ មិនថាជាប់នៅក្នុងបញ្ជីរបស់ TripAdvisor ឬបណ្តាញផ្សព្វផ្សាយមួយណានោះទេ ពោលគឺឱ្យតែមាននៅក្នុងតារាងវិជ្ចមានដែលគេទទួលស្គាល់ជាសកល គឺសុទ្ធតែបង្ហាញ និងបញ្ជាក់ពីទីតាំងដ៏ផូរផង់ សុវត្ថិភាព ស្អាតស្អំ ក្នុងនាមជាតំបន់កម្សាន្តដែលគួរជាទីទុកចិត្ត និងជាគោលដៅទេសចរណ៍។

លោកបានបន្តថា៖

«កុំឱ្យតែយើងជាប់នៅក្នុងលេខមិនល្អ ដូចជា លេខ ៨០ ឬ ៩០ ឡើង អាហ្នឹងវាអត់ល្អទេ។ តែអង្គរវត្តយើងឈរក្នុងចំណាត់ថ្នាក់លេខ២ គឺមានន័យថា មានផលប្រយោជន៍សម្រាប់ប្រទេសជាតិ សម្រាប់កេរ្តិ៍ឈ្មោះរបស់យើង ពីព្រោះវេបសាយ TripAdvisor ល្បីឈ្មោះ។ ការទទួទលបានចំណាត់ថ្នាក់ល្អនេះគឺមានសារៈសំខាន់ណាស់ ព្រោះភ្ញៀវនៅក្នុងសម័យកាលនេះ មុនពេលដើរទៅណាមកណា គេតែងតែស្រាវជ្រាវ(Search) មើលថា តើគោលដៅហ្នឹងវាល្អទេ តើគេអាចទៅលេងបានអត់? »

យោងរបាយការណ៍ចុងក្រោយរបស់គ្រឹះស្ថានអង្គរសម្រាប់រយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ (ខែមករា ដល់ខែមេសា) បានបង្ហាញថា ខ្លួនរកចំណូលបាន ១៥ ៤៩៧ ៣៣៨ ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរអន្តរជាតិចំនួន ៣២២ ០០៤ នាក់។

គួររំលឹកថា៖ កម្ពុជារកចំណូលបានជាង ៤៤លានដុល្លារ(៤៤ ៧១១ ៦៧៥ ដុល្លារ)នៅឆ្នាំ២០២៥ ពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរទៅដល់ភ្ញៀវទេសចរអន្តរជាតិជាង ៩៥ ម៉ឺននាក់(៩៥ ៥១៣១នាក់)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីពេលកន្លងទៅថ្មីៗនេះ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា