ន​នោង​ជ្រុង ​ដំណាំ​រយៈពេល​ខ្លី ងាយ​ដាំដុះ​ ​និង​អាច​រក​ចំណូល​បាន​ជិត ​២០ ​លាន​រៀល​លើ​ផ្ទៃដី​ ​៧៥ ​អា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ន​នោង​ជ្រុង ​ដំណាំ​រយៈពេល​ខ្លី ងាយ​ដាំដុះ​ ​និង​អាច​រក​ចំណូល​បាន​ជិត ​២០ ​លាន​រៀល​លើ​ផ្ទៃដី​ ​៧៥ ​អា

ន​នោង​ជ្រុង ​ដំណាំ​រយៈពេល​ខ្លី ងាយ​ដាំដុះ​ ​និង​អាច​រក​ចំណូល​បាន​ជិត ​២០ ​លាន​រៀល​លើ​ផ្ទៃដី​ ​៧៥ ​អា

​បាត់​ដំបង​៖ ​ដំណាំននោង​ជ្រុង​កំពុង​បង្ហាញ​ពី​សក្តានុពល​ជា​បន្លែ​សេដ្ឋកិច្ច​មួយ​សម្រាប់​កសិករ ​ដោយ​សារ​ងាយស្រួល​ដាំដុះ​ ថែទាំ​មិន​ស្មុគស្មាញ ​អាច​ដាំ​បាន​គ្រប់​រដូវ​កាល​ ​និង​ឆាប់​ទទួល​បាន​ផល ​ដែល​អាច​ជួយ​បង្កើត​ប្រាក់​ចំណូល​ជា​ប្រចាំ​សម្រាប់​គ្រួសារ​កសិករ​។

​តាម​បទពិសោធន៍​របស់​កសិករ​នៅ​ខេត្ត​បាត់ដំបង​ ន​នោង​ជ្រុង​ជា​ប្រភេទ​ដំណាំ​វល្លិ​ដែល​មាន​ភាព​បត់បែន​ខ្ពស់​ ​អាច​ដាំ​បាន​ទាំង​រដូវ​ប្រាំង ​និង​រដូវ​វស្សា​។ ការ​ធ្វើ​រោង​ ​ឬ​បង្អោង​សម្រាប់​ឱ្យ​វល្លិ​តោង​ឡើង​ ​ស្រដៀង​នឹង​ទ្រើង​ម្រេច​ ​អាច​ជួយ​សន្សំ​សំចៃ​ថ្លៃ​ដើម​ ​ងាយ​ស្រួល​ក្នុង​ការ​ថែទាំ ​និង​ប្រមូល​ផល​។

​ដំណាំ​នេះ​ចាប់ផ្តើម​បោះ​ដៃ​នៅ​អាយុ​ប្រហែល​ ​២០​ថ្ងៃ​ក្រោយ​ដាំ ​និង​អាច​ប្រមូល​ផល​ដំបូង​នៅ​អាយុ​ប្រហែល ​១​ខែ​ ​ហើយ​បន្ត​ផ្តល់​ផល​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជាង​ ១​ខែ​។​

​អ្នក​ស្រី​ ​ឆុំ​ ​ភ័ណ​ កសិករ​ដាំ​បន្លែន​នោង​ជ្រុង ​រស់នៅ​ភូមិ​កាប់​ព្រិច​ ​ឃុំ​ព្រះ​ផុស ​ស្រុក​គាស់​ក្រឡ ​ខេត្ត​បាត់ដំបង ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ AMS ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ប្រាក់​ចំណូល​គួរឱ្យ​កត់សម្គាល់​ ​ដោយ​អ្នក​ស្រី​ដាំ​លើ​ផ្ទៃដី​ ​៧៥​អា ​ស្មើនឹង​ ៧​,​៥០០​ម៉ែត្រ​ការ៉េ ​និង​មាន​ប្រមាណ​ ៦​,​២៥០​គុម្ព​។ ​ជា​ទូទៅ​ ន​នោង​អាច​ផ្តល់​ទិន្នផល​ជា​មធ្យម​ពី​ ​១៥ ​ទៅ​ ២៥​តោន​ក្នុង​មួយ​ហិកតា​។​

​អ្នក​ស្រី​បញ្ជាក់​ថា​ ​ការ​ប្រមូល​ផល​ជា​មធ្យម​អាច​ទទួល​បាន​ប្រមាណ ​៥០០​គីឡូក្រាម​ក្នុង​រយៈពេល​ ២​ថ្ងៃ​ម្តង​ ​ដោយ​មាន​តម្លៃ​លក់​ដុំ​ប្រមាណ ១​,​៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ​ដូច្នេះ​ ​កសិករ​អាច​ទទួល​បាន​ចំណូល​ប្រមាណ ​៧៥​ម៉ឺន​រៀល​ក្នុង​ការ​ប្រមូល​ផល​មួយ​លើក ​ដែល​អាច​ជួយ​ទ្រទ្រង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​។

​អ្នក​ស្រី​បាន​គណនា​ថា​ ​ប្រសិនបើ​ប្រមូល​ផល​បាន​ជា​មធ្យម​ ​១៣​តោន ​ឬ​ ​១៣​,​០០០​គីឡូ​ក្រាម​ ​លើ​ផ្ទៃដី​ ​៧៥​អា ​ហើយ​លក់​ក្នុង​តម្លៃ​បោះ​ដុំ ១​,​៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នោះ​ចំណូល​សរុប​អាច​មាន​ប្រមាណ ​១៩​លាន​ ៥​សែន​រៀល ​ដែល​អាច​ទូទាត់​ថ្លៃ​ដើម​ផលិតកម្ម​ទាំងអស់​ ​និង​នៅសល់​ប្រាក់​ចំណេញ​សុទ្ធ​គួរ​សម​។​

​ទាក់ទង​នឹង​ការ​ថែទាំ​ ​អ្នក​ស្រី​ ​ឆុំ ​ភ័ណ​ ​ឱ្យ​ដឹង​ថា​ ន​នោង​ជ្រុង​មិន​ត្រូវការ​ការ​ថែទាំ​ស្មុគស្មាញ​នោះ​ទេ​ ​ប៉ុន្តែ​កសិករ​ត្រូវ​ដាក់​ជី​បំប៉ន ការ​ពារ​សត្វ​ល្អិត ​និង​ស្រោច​ទឹក​ឱ្យ​បាន​ទៀងទាត់​មួយ​ថ្ងៃ​ម្តង​នៅ​ពេលល្ងាច​ ​ដើម្បី​ជួយ​ឱ្យ​ដំណាំ​លូតលាស់​ ​និង​ផ្តល់​ផលបាន​ល្អ​។

​អ្នក​ស្រី​បន្ថែម​ថា​ ​កសិករ​គួរ​ដាំននោង​ជ្រុង​ក្នុង​បរិមាណ​សម​ល្មម ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ថែទាំ ​និង​ប្រមូល​ផល ​ព្រមទាំង​អាច​ដាំ​រួម​ជាមួយ​ដំណាំ​ផ្សេង​ៗ​ទៀត​ ​ដើម្បី​ធ្វើ​ពិពិធកម្ម​ប្រភព​ចំណូល​គ្រួសារ​។

​គួរ​បញ្ជាក់​ថា​ ន​នោង​ជ្រុង​ជា​បន្លែ​ដែល​ត្រូវ​បាន​ដាំដុះ​នៅ​តាម​តំបន់​ជា​ច្រើន​ជុំវិញ​ពិភពលោក​ ​រួម​មាន​ ​អាមេរិក​ខាង​ជើង​ ​អូស្ត្រាលី ​និង​អឺរ៉ុប ​ព្រមទាំង​មាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​ឥណ្ឌា​ ​ចិន​ នេប៉ាល់ ប៊ូតង់ បង់​ក្លាដែស វៀតណាម ​និង​កម្ពុជា​។ ផ្លែននោង​នៅពេល​ទុំ​ពេញលេញ​មាន​សរសៃ​ច្រើន​។

​ចំពោះ​សមាសធាតុ​អាហារ​ ន​នោង​ជ្រុង​មាន​ជាតិ​សរសៃ ​ទឹក​ វីតាមីន​ ​A វីតាមីន ​C ​ជាតិ​ដែក ម៉ាញ៉េស្យូម ​និង​វីតាមីន ​B6 ​ព្រមទាំង​មាន​កាឡូរី ​និង​កូលេស្តេរ៉ុល​ទាប​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា