គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

ភ្នំពេញ ៖ ជាទូទៅ តែង​មានការ​ភាន់ច្រឡំ​មកលើគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ដោយពលរដ្ឋ​មួយចំនួន​លើកឡើងថា ​គ្រឹះស្ថានធនាគារ ​ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​បាន​បង្ខំឱ្យពួកគាត់លក់ទ្រព្យ​ដើម្បីយកលុយមក​សងស្ថាប័ន​ធនាគារ ឬមីក្រូហិរញ្ញវត្ថុ​វិញ ប៉ុន្តែ​បើតាមមន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ ។​

Advertisement

បើតាមលោក ​សុខ ចាន់ នាយក​ផ្នែក​ទំនាក់ទំនងនៃ​សមាគម​ធនាគារនៅកម្ពុជាបានថ្លែង​ប្រាប់​បណ្ដាញព័ត៌មាន​ AMS នៅថ្ងៃទី១២ ខែសីហា ២០២៦ បាន​ឱ្យដឹងថា គោល​ដៅតែមួយគត់របស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ​​ ដែលផ្ដល់​កម្ចីទៅកាន់​អតិថិជនគឺចង់ឱ្យ​អតិថិជនរីក​ចម្រើន នៅពេលដែលអតិថិជន​មានជីវភាពរីកចម្រើន​ នោះធនាគារ ឬមីក្រូហិរញ្ញវត្ថុ​ដែលផ្ដល់​កម្ចីទៅកាន់​អតិថិជន​ក៏ទទួលបាន​ការ​សងត្រឡប់ពីអតិថិជនមកវិញ ប៉ុន្តែ​ក្នុងករណី​អតិថិជនទទួល​កម្ចីទៅប្រើប្រាស់​ ប៉ុន្តែបែរជា​ខាត​ដោយប្រការណាមួយ ហើយមិនមានលទ្ធភាពសងត្រលប់ គ្រឹះស្ថាន​ហិរញ្ញវត្ថុដែលផ្ដល់​កម្ចីមិនមានសិទ្ធិ​ក្នុងការ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ធានាដើម្បីសងត្រលប់ឡើយ ។​

លោក​បន្តថា​ នៅពេលអតិថិជនយកកម្ចីទៅប្រើប្រាស់​បែរជាបរាជ័យ គ្រឹះស្ថានធនាគារ​ ឬមីក្រូហិរញ្ញវត្ថុ​តែងរកដំណោះស្រាយ សម្របសម្រួល​ដើម្បីឱ្យភាពប្រសើរឡើងវិញ ។ ក្នុងករណីឥណទាននោះខូច​ ដោយសារតែអតិថិជន​អស់​លទ្ធភាពសងត្រលប់មក​កាន់ធនាគារ​វិញ  គ្រឹះស្ថាន​ផ្ដល់​កម្ចីអាច​ប្រើប្រាស់​យន្តការ​ច្បាប់ដើម្បីដោះស្រាយ ដោយអាច​ប្ដឹង​ឡើងទៅតុលាការ ដើម្បីស្នើឱ្យច្បាប់ជួយដោះស្រាយ ។ ក្នុងករណីនេះ អាច​ធ្វើទៅបាន​ក្រោយពេល​មានការសម្របសម្រួល ​និងដោះស្រាយ​តាមនីតិវិធីនានា​អស់លទ្ធភាពហើយនៅតែមិនអាចទៅរួច​ ។

លោក​ថា​ ៖

« បើសិនជា​មានករណី​បង្ខំឱ្យអតិថិជន​លក់​ទ្រព្យ​ដើម្បីសង​ត្រលប់មក​កាន់ធនាគារ ហើយ​បើសមាគម​បានរកឃើញ​ និងមានភស្តុតាង​បញ្ជាក់ថា​គ្រឹះស្ថាន​នោះពិតជា​បានបង្ខំ​ឱ្យអតិថិជនលក់ទ្រព្យសង​មក​វិញមែន នោះខាង​សមាគម​នឹងមិនលើកលែងទេ ព្រោះក្នុងវិស័យធនាគារ ​និង​ហិរញ្ញវត្ថុ​ មាន​ក្រម​ប្រតិបត្តិដែលបានចែង​រួមគ្នា​» ។​

ដោយឡែក លោក ​កាំង តុង​ងី ប្រធាននាយកដ្ឋានទំនាក់ទំនងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជា​អ្នកនាំពាក្យ​ បានមានប្រសាសន៍ថា ជា​ទូទៅ ​មុន​នឹងផ្ដល់​កម្ចីទៅអតិថិជន​រូបណាម្នាក់ គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ​ តែងតែ​វាយតម្លៃ​ទៅលើ​អត្តចរិត ទៅលើទ្រព្យ​ធានា​ និងទៅលើ​លក្ខខណ្ឌនានា ដើម្បីធានា​បានថា​ កម្ចីដែលអតិថិជន​យកទៅប្រើប្រាស់ចំគោលដៅ និង​រីកចម្រើន​ ។ លើសពីនេះដែរ មុននឹងផ្ដល់​កម្ចី គ្រឹះស្ថានក៏បានពន្យល់​ទៅអតិថិជន​ពីលក្ខខណ្ឌ និងកាតព្វកិច្ច​របស់អតិថិជនក្នុង​ការ​សង​ត្រលប់មក​កាន់គ្រឹះស្ថានវិញ ហើយ​លក្ខខណ្ឌទាំង​នេះ មិនត្រឹមតែ​ពន្យល់​ផ្ទាល់មាត់ទេ តែក៏បាន​ដាក់​ចូលទៅក្នុងកិច្ច​សន្យា​កម្ចី ដើម្បីឱ្យ​អតិថិជន ក៏ដូចជា​គ្រឹះស្ថាន​មាន​ឯកសារ​ច្បាស់លាស់​មួយផ្ទៀងផ្ទាត់​បន្ថែម​នៅពេល​ក្រោយ ។​

លោក​បន្តថា ៖

«ការ​ប្រើប្រាស់​កម្ចីទាំង​អស់​មិនប្រាកដ​ថា​ជោគជ័យ​១០០ភាគរយ​នោះទេ ក្នុងករណី​មាន​បញ្ហាណា​មួ​យ ជាទូទៅគ្រឹះស្ថាននីមួយៗក៏មានយន្តការ​ដើម្បីកាត់បន្ថយ​បញ្ហា​ ឬក៏ដោះស្រាយបញ្ហា​ទាំង​នោះដែរ តែក៏ទាមទារឱ្យ​មានការ​ចូលរួមពីអតិថិជន​ ដើម្បីរួមគ្នា​រក​ដំណោះស្រាយ» ។

យោងតាមសេចក្ដីថ្លែងការ​ណ៍រួមរបស់​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា​ និង​សមាគម​ធនាគារ​នៅកម្ពុជា នៅថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០២៦​ បានឱ្យដឹងថា សមាគមទាំងពីរ​បន្តយកចិត្តទុកដាក់​តាមដាន​យ៉ាងហ្មត់​ចត់​ចំពោះ ការ​ពិនិត្យ និងដោះស្រាយបណ្ដឹង​ ប្រកបដោយ​គោលការណ៍យុត្តិធម៌ តម្លាភាព ទាន់ពេលវេលា និងរក្សា​ការសម្ងាត់​ស្រប​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជាធរមាន ។ លើ​សពីនេះ សមាគម​ទាំងពីរ ក៏បាន​បន្ត​ប្ដេជ្ញា​ចិត្ត​អនុវត្ត​ស្រ​បតាមច្បាប់​ និង​បទប្បញ្ញត្តិ​ជាធរមាន ព្រមទាំង​សហការ​ជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រឹង​ការ​ផ្ដល់សេវាហិរញ្ញវត្ថុ​ប្រកបដោយការទទួល​ខុសត្រូវ កិច្ចការពារអតិថិជន ការ​ដោះស្រាយ​បណ្ដឹង​ និងការអប់រំផ្នែកហិរញ្ញវត្ថុ ។ សមាគមទាំងពីរ​ នៅតែបន្តកិច្ច​សន្ទនា​ប្រកបដោយការ​ស្ថាបនា​ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានដំណោះស្រាយ​ជាក់ស្ដែង កិច្ច​ការពារអតិថិជន និងពង្រឹង​ទំនុកចិត្ត​សាធារណជនមកលើប្រព័ន្ធធនាគារ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា