ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

ភ្នំពេញ៖ ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព ជាពិសេស អាចជួយបង្កើនខ្សែសង្វាក់ផលិតកម្ម ជះផលវិជ្ជមានទៅដល់សហគ្រាសធុនតូច និងមធ្យម ឱ្យពង្រីកខ្លួនកាន់តែច្រើន។

Advertisement

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានអះអាងថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងការធ្វើពហិកាផលិតផលថៃពីសំណាក់ប្រជាជនខ្មែរ បានធ្វើឱ្យលំហូរទំនិញថៃចូលមកទីផ្សារកម្ពុជាធ្លាក់ចុះយ៉ាងគំហុក ដោយមុខទំនិញមួយចំនួនស្ទើបាត់មុខតែម្តង។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានបង្ហាញថា ចន្លោះពីខែមករា-មេសា ២០២៦ ការនាំចេញ-នាំចូលទំនិញ រវាងកម្ពុជា-ថៃ មានទឹកប្រាក់សរុបត្រឹម ៩២៥,៤៥ លានដុល្លារ ថយចុះ ៣៨,១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានប្រមាណ ១ ៤៩៤,៥៩ លានដុល្លារ។ ក្នុងចំនួននេះ គឺ ទំនិញកម្ពុជានាំទៅថៃ ២៣៤,៩២ លានដុល្លារ ធ្លាក់ចុះ ២៨,៣% ចំណែកថៃនាំចូលមកវិញ ៦៩០,៥៣ លានដុល្លារ ធ្លាក់ចុះ ៤០,៨%។

ឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម (FASMEC) បានប្រាប់ AMS Economy ថា ក្រោយពីថៃបិទព្រំដែនដោយឯកតោភាគី បណ្តាសហគ្រាសក្នុងស្រុកខិតខំផលិត កែច្នៃផលិតផល ដើម្បីបំពេញតម្រូវការទីផ្សារ ដោយគ្រាមុនមានត្រឹមប្រមាណ ២-៣ភាគរយប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ ទំនិញក្នុងស្រុកបានឆក់យកចំណែកទីផ្សាររហូតដល់ជាង ៣០ភាគរយ ហើយនឹងបន្តកើនឡើងខ្ពស់ជាងនេះក្នុងពេលដ៏ខ្លី។

លោកឧកញ៉ា បានលើកឡើងថា៖

« ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក បានជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង ជាពិសេស​ជួយសហគ្រាសធុនមីក្រូ  តូច និងមធ្យម ឱ្យកាន់តែរីកធំធាត់» ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ស្មារតីជាតិនិយម ការធ្វើពហិកាទំនិញថៃ បានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម មានកំណើនគួរ​ឱ្យ​កត់​សម្គាល់។

អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា​ ៖

«អ្នកផលិតបានពង្រីកខ្លួនកាន់តែធំ ហើយក៏មានអ្នកទើបចាប់ផ្តើមក៏ច្រើនដែរ។ នេះជាចំណុចសំខាន់ដែលការបិទទំនិញ បិទព្រំដែនគោកជាមួយប្រទេសជិតខាង ធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមរបស់ខ្មែរអាចពង្រីកខ្លួនបាន»។


លោក ឌុច ដារិន្ទ អ្នកវិភាគសេដ្ឋកិច្ចបានប្រាប់ AMS Economy ថា ការបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជារបស់រាជរដ្ឋាភិបាលពី ៥.៥ % មក ៥% គឺជារបាយតម្លៃប្រកបដោយការប្រុងប្រយ័ត្ន ស្របតាមភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកដែលកំពុងប្រឈមនឹងសង្គ្រាមពាណិជ្ជកម្ម ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការថមថយនៃតម្រូវការទីផ្សារអន្តរជាតិ។ ប៉ុន្តែ ទោះជាយ៉ាងណា កំណើន ៥% នេះនៅតែជាអត្រាបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដោយមានការគាំទ្រពីការវិនិយោគផ្ទាល់ពីបរទេស ការនាំចេញ និងទេសចរណ៍។

ក្នុងបរិបទនេះ ការប្រើប្រាស់ផលិតផលក្នុងស្រុកមានសារៈសំខាន់ ពីព្រោះវាជួយជំរុញការផលិត បង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋខ្មែរ និងរក្សាលំហូរថវិកាឲ្យចរាចរនៅក្នុងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ វាជួយឲ្យតុល្យភាពពាណិជ្ជកម្មកាន់តែប្រសើរ និងជំរុញឲ្យសហគ្រាសក្នុងស្រុកបន្តលើកកម្ពស់គុណភាព និងភាពប្រកួតប្រជែង។

អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ថា

«ការគាំទ្រផលិតផលក្នុងស្រុក និងការបង្កើនសមត្ថភាពផលិតកម្មជាតិ គឺជាកត្តាសំខាន់ក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់ក្នុងរយៈពេលវែង»។

ចំណែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ AMS Economy ថា​ ការប្រើប្រាស់ផលិតផលក្នុងស្រុកនេះ បានរួមចំណែកច្រើនណាស់ទៅដល់សេដ្ឋកិច្ចសង្គម។​ ទីមួយ គឺជួយទៅដល់ផលិតករ សិប្បករ ឧស្សាហករ អាចនឹងដំណើរការផលិតកម្មរបស់ពួកគេឲ្យមានជាប្រក្រតី ហើយអាចនឹងជំរុញការងារជាច្រើនកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា។ទីពីរ ៖ទប់ស្កាត់នូវការនាំចូលពីបរទេស។​ កាលណានាំចូលច្រើនមានន័យថានាំរូបិយប័ណ្ណបរទេសហ្នឹងចេញទៅក្រៅដែលនាំឲ្យប៉ះពាល់ដល់ទៅម៉ាក្រូសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាទៅតាមវិស័យ ទៅតាមប្រភេទនៃផលិតផល។

លោកបណ្ឌិត បានបញ្ជាក់ថា៖

«នៅពេលយើងទិញច្រើន ប្រើប្រាស់ច្រើននូវទំនិញបរទេស​ យូរៗទៅ វាអាចប៉ះពាល់ដល់ទៅដល់ប្រាក់រៀលទៀតផង។ អ៊ីចឹង នៅពេលដែលយើងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកច្រើន ជួយឱ្យមានការចាយវាយប្រាក់រៀល ឬក៏វិសាលភាពនៃប្រាក់រៀលរបស់កម្ពុជា មានដំណើរការល្អប្រសើរផងដែរ»។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានលើកឡើងថា៖ ចំណុចមួយទៀត ការប្រើប្រាស់ផលិតផលក្នុងស្រុកកើនឡើង ជាពិសេសផ្នែកឧស្សាហកម្មចំណីអាហារ ក៏បានផ្តល់ជាវិជ្ជមានទៅដល់ប្រភពដើមនៃផលិតផលកែច្នៃ ដូចជា ការដាំដុះ ក៏ដូចជាវិស័យចិញ្ចឹមសត្វផងដែរ។

លោកបានបញ្ជាក់បន្ថែមថា៖

«ផលប្រយោជន៍ទាំងអស់ហ្នឹង គឺសុទ្ធតែបានរួមចំណែកទៅដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជាយើង ដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជាយើង ក៏អាចទទួលបានផលចំណេញពីកិច្ចការមួយហ្នឹងដែរ ជាពិសេស គឺ សុខភាពសាធារណៈ»។

លោក ញ៉ិល រដ្ឋា ប្រធានសមាគមពាណិជ្ជករកម្ពុជា -រុស្ស៊ី បានប្រាប់ AMS Economy ថា ៖ តាមរយៈចលនាជាតិនិយម ការធ្វើពហិកាផលិតផលថៃ គឺចំណេញបាន ៣ ធំៗ ទី១. រក្សាលំនឹងសាច់ប្រាក់ក្នុងស្រុក ព្រោះនៅពេលដែលប្រជាពលរដ្ឋចាប់ផ្តើមកាត់បន្ថយទិញទំនិញថៃ ហើយងាកមកទិញទំនិញខ្មែរ ដូច្នេះ លុយដុល្លារ និងលុយរៀលរាប់ពាន់លានដុល្លារដែលធ្លាប់ហូរចេញទៅក្រៅនោះ វានឹងត្រូវបានរក្សាទុក ឬនឹងបម្រើនៅក្នុងចរន្តសេដ្ឋកិច្ចក្នុងស្រុក។ ទី២. បង្កើតឱកាសការងារ និងជំរុញការវិនិយោគ ដោយសារការកើនឡើងនៃតម្រូវការទំនិញខ្មែរ ត្រូវតែបង្កើតរោងចក្រ បង្កើតសហគ្រាស សិប្បកម្មក្នុងស្រុក ពង្រីកការផលិត ជំរុញឲ្យមានការជួលកម្លាំងពលកម្មបន្ថែម ហើយទី៣. ពង្រឹងឯកភាពសេដ្ឋកិច្ច ដែលវាជាឱកាសដ៏សំខាន់ក្នុងការកែប្រែទម្លាប់របស់អ្នកប្រើប្រាស់ខ្មែរឲ្យមានទំនុកចិត្តលើផលិតផលរបស់ខ្លួនឯង ដែលជាសសរទ្រូងមួយនៃស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែង៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា