កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

ភ្នំពេញ ៖ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងឆមាសទី១ ឆ្នាំ២០២៦ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ២៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ប៉ុន្តែចរាចរណ៍អ្នកដំណើរមានការថយចុះ ៧% ។​ នេះបើយោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

Advertisement

ប្រភពដដែលនេះបានឱ្យដឹងថាបរិមាណទំនិញតាមផ្លូវអាកាសដែលអាកាសយានដ្ឋានទាំង៣របស់កម្ពុជាទទួលបានក្នុងឆមាសទី១ ឆ្នាំ២០២៦ មានចំនួន ៤៧,៦២៧ តោន កើនឡើង ២៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណែកអាកាសយានដ្ឋានទាំង៣ របស់កម្ពុជាទទួលបានជើងហោះហើរទ្វេទិសសរុបចំនួន ៣២,៣០៦ ជើង ដោយរក្សាបាននូវស្ថិរភាព បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះ អ្នកដំណើរដែលចូលមកកម្ពុជាតាមផ្លូវអាកាសរយៈពេល៦ខែនេះ មានចំនួន ៣,២៦៩,២៩៧ នាក់ ថយចុះ ៧% បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២៥។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា៖​ ការកើនឡើងនូវបរិមាណទំនិញតាមផ្លូវអាកាសក្នុងកម្រិតខ្ពស់បែបនេះ ដោយសារកម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាស (Dedicated Freighters) ច្រើនជាងមុន ហើយការប្រើប្រាស់ទំហំផ្ទុកទំនិញក្រោមពោះយន្តហោះ (Belly-hold Capacity) មានប្រសិទ្ធភាពខ្ពស់ ឆ្លុះបញ្ចាំងពីការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការរីកចម្រើននៃវិស័យ e-commerce នៅក្នុងប្រទេស។

ពាក់ព័ន្ធនឹងអ្នកដំណើរតាមផ្លូវអាកាស អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងថា ចរាចរណ៍អ្នកដំណើរសរុបបានថយចុះ ៧% មកត្រឹម ៣,២៦៩,២៩៧ នាក់។ ការធ្លាក់ចុះនេះត្រូវបានគេមើលឃើញថា ជាឥទ្ធិពលនៃរដូវកាលបៃតង (Low-Season) នៃវិស័យទេសចរណ៍ក្នុងតំបន់។ ទោះបីជាចំនួនអ្នកដំណើរថយចុះក៏ដោយ ចំនួនជើងហោះហើរចេញ-ចូលសរុបនៅតែរក្សាបាននូវស្ថិរភាពទាំងស្រុង​ ជាមួយនឹងចំនួន ៣២,៣០៦ ជើង​ ដែលបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍នានានៅតែបន្តរក្សាជើងហោះហើរដដែលដើម្បីរក្សាពេលវេលាហោះហើរ-ចុះចត (Slots) ក៏ប៉ុន្តែចំនួនកៅអីដែលមានអ្នកជិះមានការថយចុះ។

ទាក់ទងនឹងចំនួនទេសចរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA)​ប្រចាំកម្ពុជាបានប្រាប់បណ្តាញសារព័ត៌មាន AMS  ថា ៖ សង្គ្រាមនៅមជ្ឈិមបូព៌ា ប្រៀបដូចជាទឹកជោរ ទឹកនាច ឡើងចុះមិនទៀង សង្រ្គាមជាបញ្ហាចម្បងដែលធ្វើឱ្យមានការធ្វើដំណើរជាលក្ខណៈអន្តរជាតិមានការធ្លាក់ចុះ ប៉ុន្តែការធ្លាក់ចុះនេះ មិនមែនគ្រប់គោលដៅនោះទេ។

លោកបន្តថា ៖

«នៅក្នុងតំបន់អាស៊ាន យើងឃើញកម្ពុជាមានការធ្លាក់ចុះ វាឆ្លុះបញ្ចាំងឲ្យយើងបានដឹងថា ឥឡូវនេះ គោលដៅទេសចរណ៍នីមួយៗ មានការប្រកួតប្រជែងខ្ពស់ណាស់ អ៊ីចឹង បើសិនជាយើងមិនចេះផ្លាស់ទីឲ្យទាន់ពេលវេលា មិនចេះបំប្លែងគុណវិបត្តិទៅជាគុណសម្បត្តិឲ្យទាន់ពេលវេលាទេ អ៊ីចឹងអ្នកដែលរងគ្រោះគឺយើង។ យើងនឹងបន្តរងគ្រោះ បើយើងទាំងអស់គ្នាអង្គុយរង់ចាំមើលបញ្ហា ហើយមិនរិះរកវិធីសាស្ត្រក្នុងការទប់ស្កាត់ ឬក៏នាំគ្នារួមដៃគ្នាប្រយុទ្ធនឹងបញ្ហា »។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនជាតិមានចំនួន ៤ និងក្រុមហ៊ុនអន្តរជាតិមានចំនួន ២៩ ដែលកំពុងដំណើរការហោះហើរក្នុងបណ្តាញ។

សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣៖ តេជោ KTI, សៀមរាបអង្គរ SAI, ព្រះសីហនុ KOS សរុបជើងហោះហើរ ចេញ-ចូល មានចំនួន៣២,៣០៦ ។ សរុបបរិមាណទំនិញតាមផ្លូវអាកាស ( Total Air Cargo Volume)៤៧,៦២៧តោន កើនឡើង ២៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ខណៈចរាចរណ៍អ្នកដំណើរ មានចំនួន៣,២៦៩,២៩៧ នាក់  – ថយចុះ ៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ចំណែកជើងហោះហើររំលងដែនអាកាសកម្ពុជា មានចំនួន៤៤,៩៩១ ជើង កើនឡើង ៤% បើធៀបនឹង  រយៈពេលដូចគ្នាឆ្នាំ២០២៥ ។ សម្រាប់ខែមិថុនាមានជើងហោះហើរ ចេញ-ចូល ៤,៤៦៣ ជើង បរិមាណទំនិញតាមផ្លូវអាកាស៨,៦៧៦ តោន ខណៈចរាចរណ៍អ្នកដំណើរ មានចំនួន ៣៩៥,២១៣ នាក់ ថយចុះ ១១% ធៀបនឹងខែមុន។នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា