កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

ភ្នំពេញ ៖ ក្នុងគោលបំណងសម្រួលដល់ការទូទាត់រវាង​ប្រជា​ជន​នៃសាធារណរដ្ឋប្រជា​មានិត​ចិន ដែលជា​ពាណិជ្ជករ ទេសចរ និងវិនិយោគិន​នៅកម្ពុជា​ ធនាគារជាតិនៃកម្ពុជា និង​កម្មវិធី​ទូទាត់ចល័ត ​Weixin Pay របស់ប្រទេស​ចិន​ បានដាក់​សម្ពោធដំណើរការ​ជាផ្លូវការនូវការ​ទូទាត់​ឆ្លងដែន​តាមរយៈឃ្យូអរកូដ កាលពីព្រឹកថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០២៦ ។​

តាមសេចក្ដីប្រកាសព័ត៌មានរួម​រវាង​ធនាគារ​ជាតិនៃកម្ពុជា និង Weixin Pay បានឱ្យដឹងថា ការ​ដាក់​ឱ្យដំណើរការនូវការទូទាត់​ឆ្លងដែន​តាមរយៈឃ្យូអរកូដ​នេះ នឹ​ងសម្រួល​ការទូទាត់​រវាង​ប្រទេស​ចិន​ និងកម្ពុជា ដោយផ្ដល់លទ្ធភាព​ឱ្យ​អ្នកប្រើប្រាស់​កម្មវិធីទូទាត់​ចល័ត​ Weixin Pay ឬ ( WeChat Pay ) អាចស្កេន​ទូទាត់តាមខេអេច​ឃ្យូអរកូដក្នុងប្រទេសកម្ពុជា តាមរយៈបណ្ដាញប្រតិបត្តិ​ការ​ទូទាត់​របស់​ Weixin Pay ។​

​សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងទៀតថា ​ភ្ញៀវទេសចរចិន នឹងទទួលបានភាពងាយស្រួលក្នុងការ​ទូទាត់​ថ្លៃអាហារ ទំនិញ ការធ្វើដំណើរ​ និង​កន្លែង​កម្សាន្ត​ផ្សេងៗ​នៅក្នុង​ប្រទេសកម្ពុជា ហើយការ​អភិវឌ្ឍគម្រោងទូទាត់សងប្រាក់​តាមរយៈឃ្យូអរកូដ​ឆ្លងដែននេះ ឆ្លុះបញ្ចាំងពីជំហាន​ឆ្ពោះទៅមុខ​ដ៏សំខាន់​ក្នុងការលើក​កម្ពស់កិច្ច​សហប្រតិបត្តិការ​លើ​ប្រព័ន្ធទូទាត់សង​ប្រាក់ដែលមានស្រាប់រវាង​កម្ពុជា និងចិន ។

នៅក្នុងពិធី​ប្រកាស​ដាក់ឱ្យដំណើរការ​ជាផ្លូវការ​នូវការទូទាត់​ឆ្លងដែន​តាមរយៈឃ្យូអរកូដ​រវាង​កម្ពុជា ​និងចិន លោកជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការ​ដាក់​ឱ្យដំណើរការ​នូវ​ការទូទាត់​ឆ្លងដែននេះ នឹងផ្ដល់​អត្ថប្រយោជន៍សំខាន់ៗចំនួនពីរ រួមមាន សម្រាប់ភ្ញៀវទេសចរ​បរទេស​ដែល​ប្រើប្រាស់​កម្មវិធីទូទាត់​ចល័ត Weixin Pay ជាពិសេស​ភ្ញៀវទេសចរ​ជនជាតិចិន អាចទទួលបានបទពិសោធន៍​នៃការទូទាត់​ដែលរហ័ស សុវត្ថិភាព និងងាយស្រួល ដោយពុំ​ចាំបាច់​ប្តូរ​រូបិយប័ណ្ណ កាន់សាច់ប្រាក់​ផ្ទាល់ និងមិនតម្រូវ​ឱ្យមានប័ណ្ណទូទាត់​ ។ សម្រាប់​សហគ្រាស​ក្នុងស្រុករបស់កម្ពុជា រាប់ចាប់ពីម្ចាស់អាជីវកម្ម ឬសហគ្រាសធំៗរហូតដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំង​ពាណិជ្ជករ​អាចទទួល​ការទូទាត់ពីអតិថិជន​ជាជន​បរទេស​បានកាន់តែច្រើន តាមរយៈខេអេច​ឃ្យូអរកូដ​ដែលមានស្រាប់​ ដោយពុំ​ប្រឈមនឹង​ការកាត់កម្រៃ​ប្រតិបត្តិ​ការ​បន្ថែមនោះឡើយ ។

លោកជំទាវបានបន្ថែមថា ប្រទេសកម្ពុជា​ និង​ចិន​ មានសម្ព័ន្ធភាពសេដ្ឋកិច្ចដ៏រឹងមាំ និងយូរអង្វែង ដែលស្តែងឡើងតាមរយៈលំហូរពាណិជ្ជកម្មយ៉ាងសកម្ម ការវិនិយោគផ្ទាល់ពីបរទេសដ៏ច្រើនសន្ធឹកសន្ធាប់ និងការផ្លាស់ប្តូរទេសចរ។​ ជាក់ស្ដែង​ នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានទទួលស្វាគមន៍ទេសចរចិនជាង ១,២ លាននាក់ ដែលស្មើនឹងប្រមាណ ២០% នៃចំនួនទេសចរអន្តរជាតិសរុប។ ដោយសារទេសចរចិន​ជា​ប្រភពទីផ្សារចម្បងមួយរបស់កម្ពុជា​ ការតម្រឹមប្រព័ន្ធទូទាត់រាយទៅនឹងទម្លាប់ឌីជីថលរបស់អ្នកប្រើប្រាស់ជនជាតិចិន គឺជាជំហានមួយដែលមិនអាចខ្វះបានសម្រាប់សេដ្ឋកិច្ច ជាពិសេស​លើ​ផ្នែកសេវាកម្មទេសចរណ៍នេះតែម្ដង​។

លោក​ Ben Yang នាយក​គ្រប់គ្រង​នៃ Weixin Pay ប្រចាំ​តំបន់អាស៊ីអាគ្នេយ៍ – អាម៉េរិកខាងជើង និង​អាម៉េរិកឡាទីន បានមានប្រសាសន៍ថា ការដាក់​ឱ្យដំណើរការ​ជាផ្លូវការ​នូវការទូទាត់ឆ្លងដែន​នេះ បានបង្ហាញពីសមិទ្ធផល​ដ៏អស្ចារ្យ​នៃការធ្វើអន្តរប្រតិបត្តិការនៃការទូទាត់​រាយ​ឆ្លងដែន​រវា​ងប្រទេស​កម្ពុជា និង​ចិន​។

លោកបន្តថា ការ​ប្រើប្រាស់​ខេអេច​ឃ្យូអរ​កូដ​តែមួយ​សម្រាប់ការទូទាត់​ទាំងអស់​ ក៏បានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការពង្រីក​លទ្ធភាពនៃការទូទាត់​ឱ្យ​កាន់តែមាន​សុវត្ថិភាព និងប្រកបដោយ​ប្រសិទ្ធភាព​ ជាពិសេស​ផ្ដល់​លទ្ធភាពឱ្យភ្ញៀវទេសចរ​ចិនអាច​ធ្វើប្រតិបត្តិការ​ទូទាត់បានយ៉ាង​ងាយស្រួលក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល​កម្ពុជា ។

លោក​បាន​បន្ថែមថា ការអភិវឌ្ឍលើការទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាការអភិវឌ្ឍ​ន៍មុខ​ងារជួយសម្រួលក្នុងការ​ទូទាត់​របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែជាការ​ធ្វើ​អន្តរប្រតិបត្តិការទូទាត់ឆ្លងដែន​ដោយផ្ដោតសំខាន់​លើការលើកកម្ពស់​ការ​ប្រើប្រាស់រូបិយវត្ថុ​ក្នងស្រុកសម្រាប់ទូទាត់​ និងការធ្វើឌីជីថលូបនីយកម្ម​ជាមួយពាណិជ្ជករ​ផងដែរ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា