សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិន​អនុញ្ញាតឱ្យ​មានរោងចក្រផលិតបារីអេឡិចត្រូនិកឡើយ បើ​ទោះ​បីក្នុងគោលដៅនាំចេញក៏ដោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិន​អនុញ្ញាតឱ្យ​មានរោងចក្រផលិតបារីអេឡិចត្រូនិកឡើយ បើ​ទោះ​បីក្នុងគោលដៅនាំចេញក៏ដោយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិន​អនុញ្ញាតឱ្យ​មានរោងចក្រផលិតបារីអេឡិចត្រូនិកឡើយ បើ​ទោះ​បីក្នុងគោលដៅនាំចេញក៏ដោយ

ភ្នំពេញ ៖ បញ្ជាក់​លើវិធានការ​បង្ក្រាប ទប់ស្កាត់ការធ្វើ​អាជីវកម្ម បញ្ឈប់​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក​ ឬ​ VAPE របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅថ្ងៃ​ទី៧ ខែតុលា នេះ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ​ទៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និងស្ថាប័ន​ពាក់ព័ន្ធ មិន​អនុញ្ញាត​ឱ្យ​ចេញ​អាជ្ញាប័ណ្ណ​វិនិយោគ​លើ​ការ​ផលិត​បារី​អេឡិចត្រូនិកនៅ​លើ​ទឹកដី​កម្ពុជា​ឡើយ បើ​ទោះ​បី​ជា​ក្នុង​ទិសដៅ​នាំចេញ​ក៏ដោយ។

សម្ដេច​ធិបតី បានបញ្ជាក់ថា ៖ «ខ្ញុំ​បាន​ណែនាំ​ទៅ​ក្រសួង​ពាក់ព័ន្ធ​របស់​យើង… មិន​ថា CDC​ ឬក្រសួងពាណិជ្ជកម្ម​ ដែល​ជួប​ជាមួយ​វិនិយោគិន​បរទេស បើ​គេ​មក​សុំផលិត​បារីអេឡិចត្រូនិក ឬVAPE​ នៅ​ស្រុក​ខ្មែរ គឺហាម​មិនឱ្យ​ទទួល​ទេ ទោះ​បី​គាត់​ផលិត​នាំចេញ​ក៏ដោយក៏អត់​ដែរ គឺ​សុំ​កុំឱ្យ​មាន​តែម្ដង ព្រោះ​បើគ្រាន់​តែ​នាំ​ចូល​នឹង​យើង​ពិបាក​គ្រប់គ្រង​ទៅ​ហើយ»។

បារីអេឡិចត្រូនិក VAPE គឺជាឧបករណ៍ដែល​ប្រើ​ថាមពលថ្ម បង្កើត​ជា​កំដៅ​ដុតអង្គធាតុ​រាវឱ្យក្លាយ​ទៅ​ជាចំហាយ​ អាច​ជក់ ឬបឺតបាន។ ចំហាយ​ដែល​ចេញ​ពី​អេឡិចត្រូនិកនេះ មាន​សារធាតុគីមីគ្រោះ​ថ្នាក់​ជាច្រើន​ ដូច​ជា នីកូទីន បង់សែន នីកែល សំណរបាហាំង​ និង​លោហធ្ងន់ ដែល​សារធាតុ​ទាំង​នេះ ជ្រាប​ចូល​ទៅ​ជ្រៅ​ក្នុង​ភ្នាសសួត និង​សរីរាង្គមនុស្ស បង្កទៅ​ជាជំងឺសួត​ និង​ជំងឺមហារីក។

អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច លោក​បណ្ឌិត ជ័យ តិច បង្ហាញ​ការ​គាំទ្រចំពោះ​ប្រសាសន៍​របស់​សម្ដេច​ធិបតី​ដែល​ប្រកាស​មិនអនុញ្ញាតឱ្យ​មាន​វត្ដមាន​ក្រុមហ៊ុន​ផលិតបារីអេឡិចត្រូនិក​នៅ​កម្ពុជា ដោយ​លោក​មើល​ឃើញ​​ផលប៉ះពាល់​សំខាន់ៗចំនួន ៣ គឺ​ទី១ បញ្ហា​សង្គមដែល​ធ្វើ​ឱ្យ​យុវវ័យ សិស្សានុសិស្ស ខាតបង់ពេលវេលា ផ្ដោត​អារម្មណ៍​លើ​ការងារ និង​ការ​សិក្សា ទី២ បញ្ហា​សុខមាលភាពសាធារណៈ គឺក្នុង​រយៈពេល​មធ្យម​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាពអ្នក​ជក់​ផ្ទាល់ និង​ទី៣ ផលប៉ះពាល់​រយៈ​ពេល​វែង គឺ​សុខភាព​នឹង​ចុះ​ទ្រុឌទ្រោម ក្លាយ​ទៅ​ជាជំងឺរ៉ាំរ៉ៃខាត​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ទាំង​មូលត្រូវចំណាយ​ទៅ​លើ​ការ​ព្យាបាលជំងឺ ឬ​ស្ដារនូវ​សុខភាព​ពួកគេឡើង​វិញ​ជា​ដើម។

តាម​រយៈ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន រាជរដ្ឋាភិបាល បាន​ចេញ​សេចក្ដីណែនាំ​​មួយ​កាល​ពី​ឆ្នាំ​២០១៤ ដោយ​ឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ច ហាមឃាត់ការនាំចូល ចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក ឬ Vape និងស៊ីសា យ៉ាង​តឹងរ៉ឹង រហូត​ដល់​ក្រសួង​អប់រំ និងក្រសួង​សុខាភិបាល បាន​ព្រមាន​ពីហានិភ័យ​នៃ​ការ​ជក់ ហើយ​បាន​ចេញ​សេចក្ដីណែនាំឱ្យ​ទប់ស្កាត់ និងបញ្ឈប់​ការ​ប្រើប្រាស់​ជា​បន្ទាន់នៅ​តាម​គ្រឹះស្ថានអប់រំ និង​ស្ថាប័ន​រដ្ឋ​នានា។​ ប៉ុន្ដែ​គេនៅសង្កេត​ឃើញមានការ​លួច​ចរាចរ និង​សកម្មភាព​ជក់វេប និង​ស៊ីសា ដែល​ជា​ប្រភេទ​បារី​អេឡិចត្រូនិកបង្កប់​នូវ​សារធាតុ​ញៀន​នេះនៅ​តែ​កើត​មាន ជា​ពិសេស​ទៅ​លើ​យុវវ័យ៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា