កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន និង​មាន​បច្ចេកទេស​ខ្ពស់។

អ្នកនាំ​ពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា ​បានមាន​ប្រសាសន៍​ថា អ្នក​ជំនាញ​បច្ចេកទេស បាន​សិក្សា​រួច​​ហើយថា សំរាម​ ឬសំណល់​រឹង គេអាចទាញយកឧស្ម័ន​មេតានទៅផលិតថាមពលអគ្គិសនី និងកែច្នៃ​ទៅ​ជាឥន្ធនៈ​ប្រភេទ RDF ដើម្បីយកទៅផ្គត់ផ្គង់ឧស្សាហកម្មផលិតស៊ីម៉ងត៍។​ ប៉ុន្ដែ​​សំរាម​នៅ​ទីលាន “ដង្កោ” ដែល​គេ​​មើល​ឃើញ​ថា​​ មាន​បរិមាណ​អាច​ទាញ​យក​ជា​ប្រយោជន៍​សេដ្ឋកិច្ច​បាន​នោះ មិន​ទាន់​មាន​ក្រុមហ៊ុន​​វិនិយោគ​ណា​មួយដាក់សំណើ​មក​ក្រសួង ដើម្បីចាប់ផ្ដើម​ប្រតិបត្ដិការ​គម្រោង​កែច្នៃ​​នៅ​ឡើយ​ទេ។

បើ​តាម​ឯកឧត្ដម ខ្វៃ អាទិត្យា កម្ពុជា​ស្វាគមន៍​ក្រុមហ៊ុន​វិនិយោគជាតិ និង​អន្ដរជាតិ ហើយក៏​រង់ចាំ​គាំទ្រ​ពេញ​ទំហឹង​លើ​ដំណើរការកែច្នៃ ប្រសិន​បើ​មាន​ក្រុមហ៊ុនធំៗចាប់​អារម្មណ៍ចង់បណ្ដាក់ទុន ខណៈ​ក្រសួង​ក៏កំពុងស្វែងរក​ដៃគូអភិវឌ្ឍន៍​លើ​វិស័យ​នេះឱ្យ​បាន​លឿន​ផងដែរ។ បើ​គម្រោង​នេះ​ត្រូវ​បាន​អនុវត្ដមែន វា​នឹង​ជួយ​បង្កើត​តម្លៃ​សេដ្ឋកិច្ច​ផង និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​មនុស្សជាតិផង។

សូម​ជម្រាប​ថា សំរាម​មិន​ទាន់​ញែកជាង ៤០០០តោន ក្នុង​ ១ថ្ងៃ បន្ដ​ដឹកចេញ​ពី​រាជធានីភ្នំពេញ ទៅ​ចាក់​នៅ​ទីលានសំរាម​ ស្ថិតនៅខណ្ឌដង្កោ​ដែលផ្ទុកសំរាមចន្លោះពី ១៤លាន ទៅ​ ១៥លាន​តោន​ស្រាប់​​ហើយ​នោះ ត្រូវ​បាន​ក្រសួង​បរិស្ថាន និង​ក្រុមហ៊ុន​ប្រមូល គ្រប់គ្រងសំរាម​នៅ​រាជធានីភ្នំពេញ ត្រៀម​ផ្ទេរ​ទៅ​ចាក់​នៅ​ទីលានទួលព្រិច ស្ថិតនៅស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល​វិញ ចាប់​ពី​ខែ​មករា ឆ្នាំ​២០២៧។ ចំណែកឯគំនរសំរាម “ដង្កោ” ត្រូវបិទជាមួយ​នឹង​ការ​ឃ្លាំមើលទីតាំង​នេះ​ជាប់លាប់ រង់ចាំការអភិវឌ្ឍន៍ ឬការកែច្នៃចូល​មក​ដល់។ ទោះ​ជា​យ៉ាងណា​ គ្រប់​ប្រភេទសំរាម ឬសំណល់​រឹង​ មិនមែន​សុទ្ធតែ​អាច​ទាញ​យកថាមពល​អគ្គិសនី និងប្រេងឥន្ធនៈបាន​ឡើយ លើកលែង​តែមាន​ការ​បែងចែក ឬញែក​ទៅ​តាម​ប្រភេទ​របស់​វា។

 បើ​តាម​លោក ឃុន ស៊ីវ ដែល​ជា​កូនខ្មែរ​ម្នាក់​មានសមត្ថភាពកែច្នៃប្លាស្ទិកទៅ​ជា​ប្រេងម៉ាស៊ូត នៅ​ខេត្ដ​ត្បូងឃ្មុំ បានឱ្យ​ដឹង​ថា ប្លាស្ទិកចំនួន ៧ប្រភេទ បាន​បង្កផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ ហើយក្នុងចំណោម​នោះ មាន​ប្លាស្ទិកតែ​ ២​ប្រភេទ​ប៉ុណ្ណោះ​ដែល​គេ​អាច​យក​ទៅចម្រាញ់​ជា​ប្រេង​ម៉ាស៊ូត​បាន។ ក្រៅ​ពី​នោះ គេ​អាចច្នៃបាន​ត្រឹម​ជាឥដ្ឋបរិស្ថាន ប៉ុន្ដែ​មុនកែច្នៃទាមទារឱ្យ​មាន​ការ​ញែក​ប្រភេទ​វា​ដាច់​ចេញ​ពី​គ្នា។

តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់ NEWSROOM CAMBODIA កាលពីខែតុលា ឆ្នាំ២០២០ ​លោក ឃុន ស៊ីវ បានប្រើប្លាស្ទិកចំនួន ៧៥៥ក្រាម ទើប​អាចចម្រាញ់បាន​ប្រេង​​ ១លីត្រ ដោយ​ប្រើ​កំដៅ​ក្នុង​ឡគ្មាន​វត្ដមាន​អ៊ុកស៊ីហ្សែន។ របៀបចម្រាញ់​នេះ បង្ក​ផលប៉ះពាល់​បរិស្ថាន​តិច​តួច​ជាង​ដុតប្លាស្ទិក​នៅ​វាលលំហ។ លោក​ថា បើ​ដុត​ប្លាស្ទិក​មួយ​គីឡូក្រាម វា​នឹង​បញ្ចេញ​ជាតិ​ពុល ៣គីឡូក្រាម។ ដូច្នេះ​ បើ​គេ​យកវា​ទៅ​ច្នៃ នឹង​កាត់បន្ថយផលប៉ះពាល់រហូត​ដល់ ៨០% នៃបរិមាណសំរាម ១០០%។

ជុំវិញ​ការកែច្នៃសំរាម​ទៅ​ជា​ប្រភព​ថាមពល(Waste to Energy)​ នេះ ​មាន​បណ្ដាប្រទេស​​សេដ្ឋកិច្ច​ជឿនលឿន​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ដូច​ជា សិង្ហបុរី ជប៉ុន ចិន ស៊ុយអែត និង​ប្រទេសដាណឺម៉ាក បាន​កែច្នៃ​ទៅ​ជា​ថាមពលស្អាត ហើយ​កាត់​បន្ថយ​ផលប៉ះពាល់​បរិស្ថានបាន​យ៉ាង​ជោគជ័យ។ ជាក់ស្ដែង​ សិង្ហបុរី ដែល​នៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​កម្ពុជា មាន​រោងចក្របំប្លែងសំរាមទៅជាថាមពល( WTE​ ) ជាច្រើន ដោយ​ប្រើ​ការ​ដុត​ទាញ​ទៅ​ជា​អគ្គិសនី ដែល​កាត់បន្ថយ​បរិមាណសំរាម​រហូត​ដល់ ៩០% ហើយបាន​រួមចំណែក​ប្រមាណ ២% នៃ​ការ​ផ្គត់ផ្គង់អគ្គិសនី​​នៅ​ទូទាំង​ប្រទេស។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់ទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា