កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២ ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​ម្ចាស់​សហគ្រាស និងសិប្បកម្ម​ថ្មីៗដែល​កន្លងទៅ​សម្ដេច​មើល​ឃើញ​ថា ខ្វះ​យន្ដការស្ពាន ឬការសម្របសម្រួលឱ្យ​មាន​ប្រសិទ្ធភាព​នៅ​កន្លែង​តែមួយ បានក្លាយ​ជា​បញ្ហា​ស្មុគស្មាញ ទើបបង្កឱ្យ​មាន​ការ​ត្អូញត្អែរ​ខ្លះ​ពី​ម្ចាស់​អាជីវកម្មដែលមានបំណង​ចង់ចុះ​បញ្ជី​ត្រឹមត្រូវ។

​ សម្ដេច​មាន​ប្រសាសន៍​ថា យន្ដការ​​ទី១ ត្រូវបង្កើត​ប្រព័ន្ធ​ការងារ​ក្រោម​ដំបូល​រួម​តែមួយ។ នោះគឺអង្គភាព “SME- CU”​ ដែលមិន​ស្ថិតនៅ​ក្រោម​ក្រសួង-ស្ថាប័នណាមួយឡើយ ប៉ុន្ដែមានសិទ្ធិសម្របសម្រួល​ចុះបញ្ជីគ្រប់​អាជីវកម្ម​នៅ​កន្លែង​តែ​មួយ។ ត្រង់​ចំណុច​នេះ សម្ដេច​ធិបតី បាន​បញ្ជាក់​ថា គ្រប់ក្រសួង-ស្ថាប័នជំនាញ​នីមួយៗ មិន​ត្រូវ​បាន​ដកសិទ្ធិ​លើ​ជំនាញ​របស់ខ្លួន​ឡើយ ប៉ុន្ដែមន្ដ្រីត្រូវ​រត់​មក​ចូល​ក្នុង​អង្គភាព​នេះ ដើម្បី​បំពេញ​នីតិវិធី​ជូនម្ចាស់​អាជីវកម្ម។

រីឯ​យន្ដការទី២ ត្រូវ​បាន​សម្ដេច​សង្កត់ធ្ងន់​លើ​ពេលវេលានៃ​ការ​ផ្ដល់​សេវា។ អង្គភាព “SME-CU”​  ដែល​ជា​អង្គភាព​សម្របសម្រួល ត្រូវ​ភ្ជាប់​ទំនាក់ទំនង​អតិថិជន​ជាមួយ​ស្ថាប័ន​ជំនាញឱ្យ​បានជួប​គ្នា ដើម្បី​បំពេញ​នីតិវិធីខ្វះខាត​ទៅ​តាម​កាល​កំណត់​ជាក់លាក់។ អង្គភាព​សម្របសម្រួល ក៏ត្រូវ​បង្ហាញតារាង​តម្លៃ​សេវាស្ដង់ដារច្បាស់លាស់របស់​ក្រសួង-ស្ថាប័ន​នីមួយៗ ដើម្បីឱ្យ​អតិថិជន​បាន​ដឹង ហើយ​គាត់​អាច​ធ្វើ​ការ​បង់តម្លៃ​សេវា​នៅ​នឹង​កន្លែង​អង្គភាព​សម្រប​សម្រួល​នោះ​តែ​ម្ដង ហើយ​អង្គភាព​នឹង​បែងចែក​តម្លៃ​សេវា​ទៅ​ក្រសួង​-ស្ថាប័នជំនាញ​​តាម​ក្រោយ។

សម្ដេចធិបតី៖ «អង្គភាព​នេះ ជាអ្នក​ណាត់​ជួប​ជាមួយ​ក្រសួង-ស្ថាប័ន​ជំនាញ ហើយ​ណាត់​តែម្ដង​គត់ ចុះ​ទៅ​ទីតាំង​ជាមួយ​អតិថិជន! ឃើញ​ខ្វះខាត​អី​ ​អតិថិជន​មក​តែមួយ​កន្លែង​នេះ​បាន​ហើយ ទុកឱ្យ​ក្រសួង-ស្ថាប័ន ឈឺក្បាល​ជំនួស រដ្ឋជា​អ្នកសម្របសម្រួល ដោះស្រាយ​បញ្ហាជូន»។

យោង​តាម​របាយការណ៍​របស់​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដែល​រាយការណ៍ជូន​សម្ដេច​ធិបតី​នាឱកាស​​ដាក់ឱ្យ​អនុវត្ដ​យុទ្ធសាស្ដ្រជាតិស្ដីពីការអភិវឌ្ឍសហគ្រាស​ធុនមីក្រូ តូច និង​មធ្យម ឆ្នាំ២០២៦-២០៣០ កាល​ពី​ព្រឹក​ថ្ងៃ​ទី២២ ខែ​តុលា ឱ្យដឹង​ថា វិស័យ MSMEs បានក្លាយ​ជា​ឆ្អឹង​ខ្នងសេដ្ឋកិច្ច​របស់​កម្ពុជា ដោយ​គិតត្រឹម​រយៈ​ពេល ៩ខែ ក្នុង​ឆ្នាំ​២០២៦ កម្ពុជា​មាន​ទំនិញ​ប្រមាណ ២,៦០០មុខ ពោល​គឺ​កើន​ឡើង​ចំនួន ១,១០០មុខ បើធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៥។

ឯកឧត្ដម​ ហែម វណ្ណឌី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បាន​រំលេច​នូវ​តួលេខ​កាល​ពី​ឆ្នាំ​២០២២ ដែល​សិក្សា​ដោយ​វិទ្យាស្ថាន​ជាតិស្ថិតិ ថា កម្ពុជា​មាន​អង្គភាព​ដែល​ចាត់​ទុក​ជា MSMEs ​មានជាង ៧៥ម៉ឺន​មូលដ្ឋាន និងបានស្រូបទាញ​យក​កម្លាំង​ពលកម្ម​សរុបប្រមាណ ៣លាន​នាក់។ តាម​រយៈជំរឿន​សេដ្ឋកិច្ច​ឆ្នាំ​២០២២ នេះ បង្ហាញ​ដែរថា វិស័យ MSMEs ​បាន​រួម​ចំណែក​ប្រមាណ ៦៣% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប(GDP)៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា