អាកាសចរណ៍ស៊ីវិល អះអាងថា ព្រលានយន្តហោះតេជោ នឹងមិនជួបហានិភ័យទឹកជំនន់ឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាកាសចរណ៍ស៊ីវិល អះអាងថា ព្រលានយន្តហោះតេជោ នឹងមិនជួបហានិភ័យទឹកជំនន់ឡើយ

អាកាសចរណ៍ស៊ីវិល អះអាងថា ព្រលានយន្តហោះតេជោ នឹងមិនជួបហានិភ័យទឹកជំនន់ឡើយ

ភ្នំពេញ ៖ នៅពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃកំពុងជួបប្រទះនឹងបញ្ហាទឹកជំនន់ដែលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការហោះហើរ សម្រាប់កម្ពុជាបានប្រកាសថា ប្រសិនបើជាមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចនៅប្រទេសថៃ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមិនមានការផ្អាកជើងហោះហើរនោះទេ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា ​រូបភាពបែបនេះនឹងមិនអាចកើតមានឡើងដូចគ្នានោះទេ ពីព្រោះការរចនាប្លង់​វិស្វកម្ម និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរួមបញ្ចូលដំណោះស្រាយវិស្វកម្មជលសាស្ត្រកម្រិតខ្ពស់ (ឈានមុខគេ) ក្នុងការធានាបាននូវភាពធន់នៃដំណើរការ ប្រឆាំងនឹងកម្រិតទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្ររួចជា ស្រេច(ដែលបានគណនាសម្រាប់វដ្តនៃការកើតឡើងវិញដដែលៗ ពី​១០០ ទៅ ២០០ ឆ្នាំម្តង)។

អ្នកជំនាញអាកាសចរណ៍រូបនេះបានបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានប្រព័ន្ធប្រឡាយរំដោះទឹក និងស្ទាក់ទឹកដ៏ប្រទាក់ក្រឡាជុំវិញ រួមទាំងអាងស្តុកទឹកបណ្តោះអាសន្ន និងប្រព័ន្ធបូមរំដោះទឹកស្វ័យប្រវត្តិកម្លាំងខ្លាំង ដំណើរការបូមទឹកបញ្ចេញភ្លាមៗដោយស្វ័យប្រវត្តិក្នុងកម្រិតរាប់ម៉ឺនម៉ែត្រគូបក្នុងមួយម៉ោង ធានាមិនមានការជន់កកស្ទះលើហេដ្ឋារចនាសម្ព័ន្ធរបស់អាកាសយានដ្ឋានជាដាច់ខាត។ ​ជាមួយគ្នានេះដែរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរខាងក្រៅតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ សុទ្ធតែបានគិតគូរយ៉ាងលម្អិតលើខ្សែផ្លូវតភ្ជាប់ពហុទម្រង់ ដោយធានាថា មិនមានការរំខានពីគ្រោះទឹកជំនន់។ ពិសេសជាងនេះ អាកាសយានដ្ឋានក៏មានផែនការបម្រុង (Business Continuity Plan) ដោយមានកន្លែងស្នាក់នៅបម្រុងសម្រាប់បុគ្គលិកបច្ចេកទេសសំខាន់ៗ ដើម្បីធានាថា ប្រតិបត្តិការមិនមានការកកស្ទះ ទោះស្ថិតក្នុងគ្រាអាសន្នក៏ដោយ។

 ​សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ (កម្រិត 4F) ត្រូវបានរៀបចំសាងសង់ឡើងស្របតាមស្តង់ដាសុវត្ថិភាពអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ជាមួយនឹងប្រព័ន្ធវិស្វកម្មការពារទឹកជំនន់ពហុស្រទាប់ (Multi–layered Flood Defense) ឆ្លើយតបយ៉ាងរឹងមាំចំពោះបម្រែបម្រួលអាកាសធាតុ។

បទពិសោធន៍នៃការកកស្ទះដោយសារជំនន់ទឹកភ្លៀងនៅបណ្តាអាកាសយានដ្ឋានក្នុងតំបន់ ត្រូវបានកម្ពុជាយកមកសិក្សា និងរៀបចំវិធានការការពារ ដែលមិនត្រឹមតែសម្រាប់តំបន់ស្នូល​ និងសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធរបស់អាកាសយានដ្ឋានប៉ុណ្ណោះទេ ថែមទាំងធានាបាននូវហេដ្ឋារចនាសម្ព័ន្ធចរន្តផ្លូវតភ្ជាប់ធ្វើដំណើរខាងក្រៅ និងផ្លូវធ្វើដំណើរពាក់ព័ន្ធបម្រើប្រតិបត្តិការជើងហោះហើរមិនឱ្យរអាក់រអួលថែមទៀតផង៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា