បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច​។

Advertisement

​លោក ​ធឿន ​លីន ​នាយក​ប្រតិបត្តិ​រោងចក្រ​ផលិត​បំពង់​បឺត​អង្ករ​ ​TK​ ​& ​D​ ​Manufacturing​ ​បាន​មានប្រសាសន៍​ថា​ ​បំពង់​បឺត​នេះ​ផលិត​ចេញ​ពី​អង្ករ​សុទ្ធ ​១០០ ​ភាគរយ ​ដោយ​មិន​លាយ​សារធាតុ​គីមី​សម្រាប់​រក្សាទុក​ឱ្យ​បាន​យូរ​ ​និង​មិន​លាយ​ជាមួយ​គ្រឿង​ផ្សំ​ផ្សេង​ៗ​ដើម្បី​បន្ថែម​រសជាតិ​ ​ដែល​លោក​ថា​ ​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។

​លោក​បាន​ថ្លែង​ថា​ ​អតិថិជន​អាច​ទទួលទាន​បំពង់​បឺត​នេះ​បាន​ដូចជា​នំ​កញ្ចប់​ ​បន្ទាប់ពី​ទទួលទាន​កាហ្វេ ​ឬ​ភេសជ្ជៈ​រួច ​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​ ​និង​បរិស្ថាន ​ខុសពី​បំពង់​បឺត​ជ័រ​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​នៅ​តាម​ហាង​លក់​ភេសជ្ជៈ​មួយចំនួន​។

​លោក ​ធឿន ​លីន ​បាន​ឱ្យដឹង​ថា​ ​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ផលិត​ ​អតិថិជន​មិន​ទាន់​ស្គាល់​ផលិតផល​នេះ​ច្រើន​នៅឡើយ​ទេ​។ ​ប៉ុន្តែ​បន្ទាប់ពី​ដំណើរការ​ និង​ចរាចរ​លើ​ទីផ្សារ​បាន​មួយ​រយៈ​ អតិថិជន​បាន​ចាប់ផ្តើម​ស្គាល់​ជាបន្តបន្ទាប់​ ​និង​មាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ដែល​ជំរុញ​ឱ្យ​ការ​ផលិត​មាន​កំណើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

ក្រៅពី​ចែកចាយ​នៅ​ទូទាំង​ ​២៥​រាជធានី​-​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ ​បំពង់​បឺត​ផលិត​ពី​អង្ករ​នេះ​ ​ក៏​មាន​អតិថិជន​បញ្ជាទិញ​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​ជាបន្តបន្ទាប់​ ​រួមមាន​ ​អូស្ត្រាលី ​អាមេរិក​ កាណាដា ​កូរ៉េ ​និង​ប៉ូឡូញ​។​

បច្ចុប្បន្ន ​រោងចក្រ​មាន​សមត្ថភាព​ផលិត​បំពង់​បឺត​ជា​មធ្យម​ប្រមាណ​ ​១,៨​លាន​ដើម​ក្នុង​មួយ​ថ្ងៃ​ ​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​។ ​ផលិតផល​នេះ​មាន​តម្លៃ​ខ្ពស់​ជាង​បំពង់​បឺត​ជ័រ​បន្តិច​ ​ដោយ​មួយ​កេស​មាន​ ​២,៥០០​ដើម​ តម្លៃ​ ​១១៦​ដុល្លារ​។ ​ទោះជា​យ៉ាងណា​ ​បើ​គិត​តាម​តម្លៃ​លក់​រាយ​ដល់​អតិថិជន​ ភាព​ខុសគ្នា​ពី​បំពង់​បឺត​ជ័រ​មិន​ដល់​ ​១០០​រៀល​ក្នុង​មួយ​ដើម​នោះ​ទេ​។

​លោក​បាន​លើកឡើង​ថា​ ​អ្នកលក់​កាហ្វេ​ ​និង​ភេសជ្ជៈ​គួរ​ប្រើ​បំពង់​បឺត​អង្ករ​នេះ​ ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ដល់​អតិថិជន ​ខណៈ​ផលិតផល​អាច​ទទួលទាន​ជាមួយ​កាហ្វេ ​ឬ​ភេសជ្ជៈ​បាន​ផងដែរ​។

​លោក ​ធឿន ​លីន ​បាន​បន្ថែម​ថា​ ​ ​នៅពេល​អ្នកលក់​កាហ្វេ ​ឬ​ភេសជ្ជៈ​ផ្សេង​ៗ​ប្រើ​បំពង់​បឺត​អង្ករ​នេះ​ ​នឹង​អាច​ទទួលបាន​ការ​គាំទ្រ​ពី​អតិថិជន​កាន់តែ​ច្រើន​ ​ដោយសារ​អតិថិជន​អាច​ទទួលទាន​បំពង់​បឺត​ជាមួយ​ភេសជ្ជៈ​ ​ដើម្បី​បន្ថែម​រសជាតិ​ ​ហើយ​អាច​ជំរុញ​ឱ្យ​អតិថិជន​ត្រឡប់មក​ទិញ​ម្តង​ទៀត​។

​ទាក់ទង​នឹង​សុវត្ថិភាព​ផលិតផល​ លោក​បាន​ឱ្យដឹង​ថា៖​

“​រោងចក្រ​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខភាព​ ​និង​បរិស្ថាន ​ចាប់តាំងពី​ដំណាក់កាល​ប្រមូល​ទិញ​អង្ករ​ពី​កសិករ​ រហូតដល់​ដំណើរការ​ផលិត​ ​ការ​ត្រួតពិនិត្យ​ផលិតផល​សម្រេច​ ​និង​ការ​ស្តុក​ទុក​។ ​ដំណើរការ​ទាំង​នេះ​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ស្ថាប័ន​ជំនាញ​ក្នុង​ ​និង​ក្រៅ​ប្រទេស​។”

​សម្រាប់​ដំណើរការ​ផលិត​ ​ជំហាន​ដំបូង​ ​រោងចក្រ​កែច្នៃ​អង្ករ​ឱ្យ​ទៅជា​ម្សៅ​ ​បន្ទាប់មក​បញ្ចូល​ទៅក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម ​ដើម្បី​កែច្នៃ​ម្សៅ​អង្ករ​ទៅជា​បំពង់​បឺត​។ ​បន្ទាប់ពី​នោះ​ ​បំពង់​បឺត​ត្រូវបាន​យក​ទៅ​សម្ងួត​ ​មុននឹង​ក្លាយជា​ផលិតផល​សម្រេច​ ​ដែល​អាច​ប្រើប្រាស់​ និង​អាច​ទទួលទាន​បាន​។

​រោងចក្រ​ផលិត​បំពង់​បឺត​អង្ករ​នេះ​ ​បាន​ចាប់ផ្តើម​ផលិត​តាំងពី​ឆ្នាំ​ ​២០២០​ ​ស្ថិត​លើ​ផ្ទៃដី​ជាង​ ​១​ហិកតា​ ​ក្នុង​ភូមិ​តាកែវ​ក្រោម​ ​ឃុំ​បឹង​កន្ទួត​ ​ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់​។ ​រោងចក្រ​នេះ​បាន​រួមចំណែក​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​ ​៤០​នាក់​ និង​ជួយ​ទិញ​អង្ករ​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ ​៧០០​តោន​ក្នុង​មួយ​ឆ្នាំ​ ​ដែល​ជា​ការ​ចូលរួម​លើកកម្ពស់​ជីវភាព​កសិករ​ ​និង​សេដ្ឋកិច្ច​ជាតិ​៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា