ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ តែអ្វីដែលព្រួយបារម្ភនោះ គឺបាតុភូតនៃកំដៅសកលដែលកំពុងគ្រប់ដណ្តប់មកលើប្រទេសដទៃ ក្នុងនោះមានប្រទេសកម្ពុជាដែរ។តាមការព្យាករណ៍អាកាសធាតុក្តៅខ្លាំង ឬហៅថាស៊ូភើបាតុភូតអែលនីញ៉ូ (Super El Niño) អាចបង្កការប៉ះពាល់ដល់ដំណាំស្វាយចន្ទីដាំថ្មី ។អាចប្រឈមនឹងការខ្វះទឹក ខ្លោចក្រៀមស្វិត និងងាប់។ចំណែក​ស្វាយ​ចន្ទីដែលចេញផ្លែវិញ ក៏អាចនឹងប្រឈមទៅនឹងថយចុះទិន្នផល និងគុណភាពគ្រាប់ផងដែរ។

សមាគមកំពុងព្រួយបារម្ភអំពីទំហំផលប៉ះពាល់ តែនៅពុំទាន់ដឹងពិតប្រាកដពីទំហំផលប៉ះពាល់នេះនៅឡើយដែរ តែអ្នកដាំដុះត្រូវតែត្រៀមទប់ទល់ ដើម្បីរក្សាបាននូវភាពធន់។

លោកប្រធានសមាគមបានបង្ហាញពីការសង្កេតបែបបច្ចេកទេសថា ជារឿយៗតាមរយៈអាកាសធាតុបែបនេះ វានឹង​បង្ក​ប៉ះពាល់ដោយផ្ទាល់ដល់ផលដំណាំ ហេតុនេះកសិករត្រូវតែមានការប្រុងប្រយ័ត្ន ហើយយកចិត្តទុកដាក់លើបញ្ហាទឹក ​ពិសេស​សម្រាប់​ស្វាយចន្ទី​ទើបតែដាំថ្មីៗ ចំណែកស្វាយចន្ទីដើមធំ​ក៏ត្រូវតែយកចិត្តទុកដាក់មើលទៅ​លើបញ្ហាទឹកដូចគ្នា ​បើពុំនោះ​ទេវាប្រឈមទិន្នផលថយចុះ​កើតឡើងយ៉ាងពិតប្រាកដ។

បើតាម លោក អួន ស៊ីឡុត ក្នុងរដូវវស្សាឆ្នាំនេះ ចំនួនអ្នកដាំស្វាយចន្ទីថ្មីមានសន្ទុះកើនឡើង ដោយសារតែទីផ្សារ​ល្អជាង​ឆ្នាំ​កន្លងមក។ទន្ទឹមនេះក្នុងរយៈពេល៤ខែចុងក្រោយ សមាគមស្វាយចន្ទីកម្ពុជា បាននិងកំពុងរៀបចំវគ្គ​បណ្តុះបណ្តាល​បំប៉នដល់កសិករដើម្បីសម្របខ្លួនទៅនឹងអាកាសធាតុក្តៅក្នុងខេត្តមួយចំនួន ដូចជា ខេត្តកំពង់ធំ កំពង់ឆ្នាំង ក្រចេះ សៀមរាប ព្រះវិហារ និងខេត្តរតនគិរី។

ជាមួយនឹងការឱ្យត្រៀមទុកជាមុន ជាមួយបាតុភូតឡើងកម្តៅរបស់ពិភពលោកនាឆ្នាំនេះ និងឆ្នាំក្រោយ ប្រធានសមាគម​ស្វាយចន្ទីកម្ពុជា នៅតែមានសុទិដ្ឋិនិយមចំពោះតម្លៃស្វាយចន្ទីរបស់កម្ពុជា នឹងរក្សាទីផ្សារល្អ ។លោក អួន ស៊ីឡុត បានបង្ហាញ​ហេតុផល ថាបើបណ្តាប្រទេសអាហ្វ្រិកខាងលិចដែលជាប្រទេសដាំ និងនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតក្នុងពិភព​លោក បន្តផ្អាកការលក់ទៅកាន់ប្រទេសឥណ្ឌា និងប្រទេសវៀតណាមបន្តទៀតនោះ ឈ្មួញនឹងងាកមកទិញពីកម្ពុជា ហើយសន្ទុះ​ការលក់នឹងខ្ពស់។ហេតុនេះយើងត្រូវរក្សាទាំងទិន្នផល និងគុណភាព។

សូមរំលឹកថា ឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ១ លាន​តោន ឬគិតជាទឹកប្រាក់ ១ ៧៥១លាន ដុល្លារ។ តួលេខនេះកើនឡើង ២៨,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥៕ ដោយ៖ ម៉ាដេប៉ូ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា