ភ្នំពេញ ៖ ក្រោយទទួលបានមតិរិះគន់រឿងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់នៅលើបណ្តាញសង្គម មន្ត្រី
នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈមួយចំនួនក្នុងខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើដេប៉ូចែកចាយបន្ត និងអនុវត្តការពិន័យអន្តរការណ៍ចាប់ពី ៤ លាន ដល់ ១០ លានរៀល តាមករណីជាក់ស្តែង។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម(facebook) ពាក់ព័ន្ធនឹងបញ្ហាប្រេងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់ ដោយពួកគេអះអាងថា បន្ទាប់ពីចាក់ប្រេងសាំងប្រភេទនេះរួច បណ្តាលឱ្យម៉ាស៊ីនយានយន្តមានបញ្ហា មិនដំណើរការ និងបង្កការរំខានដល់ការធ្វើដំណើរ ដែលទាមទារនូវការជួសជុល។
ជាក់ស្តែង អ្នកប្រើប្រាស់ម្នាក់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ (ដោយប្រើឈ្មោះហៅក្រៅថា យុទ្ធ) បានបញ្ជាក់ប្រាប់ AMS ថា «ខ្ញុំបានជួបផ្ទាល់ ពេលខ្ញុំទៅស្ទោងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ដោយខ្ញុំបានចូលចាក់សាំងនៅការ៉ាសសាំងមួយកន្លែង ម្ដុំព្រែកតាមាក់។ នៅពេលចាក់រួច ខ្ញុំមានអារម្មណ៍ថា ឡានរបស់ខ្ញុំស្ទក់ៗជាងមុន ដល់ល្ងាចក៏មកភ្នំពេញវិញនៅមិនទាន់អីនោះទេ។ លុះព្រឹកឡើង ខ្ញុំក៏យកទៅវាទៅលាងទឹក ក៏ស្រាប់តែលែងឆេះ ខ្ញុំគិតថាវាខូចអាគុយ រួចក៏ដូរអាគុយហើយក៏ឆេះវិញ»។
លោក យុទ្ធ បានបញ្ជាក់ថា រំលងបានប៉ុន្មានថ្ងៃក្រោយមកទៀត លោកក៏បានចាក់សាំងបន្ថែម ៥០លីត្រនៅការ៉ាសសាំងម៉ាកល្បីមួយនៅម្ដុំចាក់អង្រែ ក្នុងការត្រៀមសម្រាប់ដើរលេងជុំគ្រួសារ ក៏ប៉ុន្តែដល់ថ្ងៃបន្ទាប់ ដែលត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា នៅពេលដែលលោកបើកបរចេញទៅដល់គីឡូលេខ២០ ផ្លូវជាតិលេខ៣ វារលត់តែម្ដង។ មកដល់ចំណុចនេះ ក្នុងនាមជាអ្នកប្រើប្រាស់សាំងក្រហមមួយរូប នៅពេលដែលទៅជួបជាងជួលជុលផ្ទាល់ ជាងក៏ប្រាប់លោកយុទ្ធវិញថា ឡាននេះមានបញ្ហាមកពីសាំង ហើយជាងក៏ដូរបូមសាំងចេញ។
ដោយឡែក នៅក្នុងមតិយោបល់ (Comment) នៃការបង្ហោះមួយ ក្រោមគណនីឈ្មោះ Vannk Nim គេសង្កេតឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាសាំងក្រហមនេះ ដោយអ្នកខ្លះបានលើកឡើងពីបទពិសោធន៍ស្រដៀងៗគ្នាទៅនឹងករណីរបស់លោក យុទ្ធ ផងដែរ។ មិនមែនមានតែការផុសមួយ ឬពីរ នោះទេ គឺមានការផុស និងចែកចាយជាច្រើនជុំវិញលើបញ្ហានេះ។
ដូចនេះ ជាការឆ្លើយតបទៅនឹងកង្វល់របស់អ្នកប្រើប្រាស់ ថ្លែងប្រាប់ AMS នាពេលថ្មីៗនេះ លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ច្បាស់ថា ក្រុមការងាររបស់លោកក៏បានទទួលនូវបញ្ហាបាតុភាពនេះ ហើយថែមទាំងបានចុះទៅដល់គោលដៅទីតាំងដែលបានរាយការណ៍ផ្ទាល់ផងដែរ។
លោកបានមានប្រសាសន៍ថា៖ «យើងបានទំនាក់ទំនងសួរនាំទៅថាតើគាត់មានបញ្ហានៅកន្លែងណាខ្លះ អ្នកប្រើប្រាស់ទាំងនោះ ក៏បានប្រាប់ឈ្មោះទីតាំងស្ថានីយដែលផ្គត់ផ្គង់ប្រេងពណ៌ក្រហមទាំងនោះដែរ។ ឥលូវនេះ ខ្ញុំមិនហ៊ានបញ្ចេញអត្តសញ្ញាណស្ថានីយនោះនៅឡើយទេ ខ្ញុំគ្រាន់តែអាចនិយាយបានថា យើងដឹងហើយប្រេងពណ៌ក្រហមមាននៅស្ថានីយណាខ្លះ អ្នកណាខ្លះអ្នកផ្គត់ផ្គង់។ ពួកយើងបានចុះទៅខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ប៉ុន្មានគោលដៅកន្លែងរួចហើយ»។
ក្រុមការងារ ក.ប.ប.បានយកគំរូមួយចំនួនដើម្បីបញ្ជូនទៅមន្ទីរពិសោធប្រេងឥន្ធនៈនៅអគ្គនាយកដ្ឋានវិភាគផងដែរ ប៉ុន្តែ ក.ប.ប. មិនទាន់រកឃើញបាតុភាពបង្ហាញថាសាំងក្រហមនៅតាមស្ថានីយធំៗទាំងនោះ មានលាយសារធាតុអ្វីផ្សេងដែលនាំឱ្យប៉ះពាល់ទៅដល់គ្រឿងម៉ាស៊ីនយានយន្តរបស់អ្នកប្រើប្រាស់នៅឡើយទេ។ នេះបើតាមបញ្ជាក់របស់លោក គឹម មាសសុខសីហា។
ក្នុងនាមជាអគ្គនាយកនៃ ក.ប.ប. រូបលោកផ្ទាល់ក៏មិនទាន់ហ៊ានសន្និដ្ឋានថាគ្មានបញ្ហាកើតឡើងទាំងស្រុងនោះទេ ដោយសារក្រុមការងារកំពុងសហការជាមួយអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ដើម្បីចុះត្រួតពិនិត្យបន្ត មុននឹងបូកសរុបលទ្ធផលជូនសាធារណជន។ ទោះយ៉ាងណា ការចុះពិនិត្យស្ថានីយគោលដៅមួយចំនួនកន្លងមក ពុំទាន់រកឃើញភាពមិនប្រក្រតីណាមួយឡើយ។

ជាមួយគ្នានេះដែរ ចំពោះការចុះមើលបរិមាណប្រេង អគ្គនាយកដ្ឋាន ក.ប.ប.មានឧបករណ៍រង្វាស់រង្វាល់ដែលបានផ្ទៀងផ្ទាត់ខ្នាតត្រឹមត្រូវដោយមជ្ឈមណ្ឌលមេត្រូសាស្ត្រនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោកគឹម មាសសុខសីហា បានបន្តថា ក្រុមការងាររបស់លោក បានចុះផ្ទៀងផ្ទាត់ដោយចៃដន្យ (ចុះដោយមិនជូនដំណឹងមុន) នៅតាមស្ថានីយ តាមដេប៉ូកន្លងទៅ ហើយក៏ធ្លាប់បានអនុវត្ត និងរកឃើញករណីខ្លះ នៅតាមដេប៉ូ ដែលមិនមានការត្រួតពិនិត្យវាយតម្លៃភាពអនុលោមត្រឹមត្រូវនៃការផ្គត់ផ្គង់សាំង។
លោកថា ៖ «កន្លងទៅយើងបានពិន័យចំនួន ៧ ដេប៉ូចែកចាយ ជាសាច់ប្រាក់ ហើយយើងក៏បានណែនាំដេប៉ូដែលមិនអនុលោមមួយចំនួនផងដែរ នៅពេលដែលយើងទទួលព័ត៌មានជាក់លាក់ថាកន្លែងណាដែលមានបាតុភាពធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់ទាំងគុណភាព ទាំងបរិមាណនៃប្រេង យើងនឹងចាត់មន្ត្រីយើងចុះធ្វើការជាបន្ទាន់»។
លោកក៏បានសង្កត់ធ្ងន់ថា ក្រុមការងារជំនាញ បានចុះពិនិត្យសាំងក្រហម យកគំរូទៅពិសោធន៍ និងផ្ទៀងផ្ទាត់ឧបករណ៍វាស់វែងរួចហើយ ដោយបង្ហាញក្ដីបារម្ភច្រើនលើដេប៉ូចែកចាយបន្តជាងស្ថានីយ ព្រោះស្ថានីយប្រេងឥន្ធនៈមានការត្រួតពិនិត្យផ្ទៃក្នុងច្បាស់លាស់ ខណៈការងារនេះនឹងបន្តធ្វើរួមគ្នាជាមួយស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។ ចំពោះចេតនាបន្លំគុណភាព ឬបរិមាណផលិតផលប្រើប្រាស់ ដូចជា ប្រេងឥន្ធនៈ ក.ប.ប. អនុវត្តការពិន័យអន្តរការណ៍តាមមាត្រាទី ៤១ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
លោក គឹម មាសសុខសីហា បានបន្ថែមថា ការកំណត់ប្រាក់ពិន័យត្រូវពិនិត្យយ៉ាងល្អិតល្អន់ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធជាក្រុម ដោយផ្អែកលើទំហំអាជីវកម្ម ទំហំបទល្មើស និងស្ថានភាពជាក់ស្តែង ដើម្បីទប់ស្កាត់ការប្រព្រឹត្តម្តងទៀត។ កន្លងមក ស្ថានីយខ្លះត្រូវបានពិន័យដល់ ១០ លានរៀល និងដេប៉ូខ្លះពិន័យ ៤ លានរៀល។ ប្រសិនបើរកឃើញការល្មើសជាលើកទីពីរ វិធានការនឹងកាន់តែតឹងរ៉ឹង រហូតដល់ព្យួរអាជ្ញាប័ណ្ណ ឬដកលិខិតអនុញ្ញាតធ្វើអាជីវកម្មតែម្ដង៕























