ធ្យូងអនាម័យនៅមានទីផ្សារល្អ ក្រោយឡើងថ្លៃមួយរយៈក្នុងពេលវិបត្តិថាមពលនៅមជ្ឈិមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធ្យូងអនាម័យនៅមានទីផ្សារល្អ ក្រោយឡើងថ្លៃមួយរយៈក្នុងពេលវិបត្តិថាមពលនៅមជ្ឈិមបូព៌ា

ធ្យូងអនាម័យនៅមានទីផ្សារល្អ ក្រោយឡើងថ្លៃមួយរយៈក្នុងពេលវិបត្តិថាមពលនៅមជ្ឈិមបូព៌ា

កំពង់ស្ពឺ ៖ ធ្យូងអនាម័យ ដែលផលិតពីកាកសំណល់កសិកម្ម និងកម្ទេចកម្ទីធ្យូងកាលពីពេលកន្លងទៅបានហក់ឡើងថ្លៃមួយរយៈ ស្របពេលមានភាពតានតឹង និងកើតមានវិបត្តិថាមពលនៅតំបន់មជ្ឈិមបូព៌ា ដែលប៉ះពាល់ដល់តម្លៃប្រេង។ យ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ននេះ បើទោះបីជាស្ថានការណ៍នៅមជ្ឈិមបូព៌ាបានធូរស្រាលបន្តិច ប៉ុន្តែទីផ្សារធ្យូងអនាម័យនៅតែមានតម្រូវការខ្ពស់ និងទទួលបានតម្លៃល្អដដែល។

Advertisement

ក្នុងអំឡុងមានភាពតានតឹងខ្លាំងនៅតំបន់មជ្ឈិមបូព៌ាដែលធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ ប្រជាពលរដ្ឋជាច្រើនបានងាកមកប្រើប្រាស់ធ្យូងអនាម័យ។ កាលនោះ ធ្យូងអនាម័យមានតម្រូវការច្រើន ហើយតម្លៃក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ប៉ុន្តែបច្ចុប្បន្ន តម្រូវការបានវិលត្រឡប់មកកម្រិតធម្មតាវិញហើយ។

លោក ហេង មករា ម្ចាស់សិប្បកម្មធ្យូងអនាម័យ TH (Cambodia) Energy Solution ដែលមានទីតាំងនៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានរំលឹកថា កាលពីពេលផ្ទុះសង្រ្គាមនៅមជ្ឈឹមបូព៌ា ធ្យូងអនាម័យប្រភេទលេខ១ បានឡើងថ្លៃដល់ ៤ ៥០០រៀលក្នុង១គីឡូក្រាម គឺឡើងថ្លៃ ៥០០រៀល។ ចំណែកធ្យូងលេខ២ ដែលគេប្រើជាទូទៅ បានឡើងថ្លៃដល់ ២ ៥០០រៀលក្នុងមួយគីឡូក្រាម ខណៈតម្លៃធម្មតាគឺក្រោម ២ ០០០រៀលប៉ុណ្ណោះ ហើយការផលិតត្រូវបានលក់អស់ពីស្តុក។​ ប៉ុន្តែចាប់ពីខែមិថុនាមក តម្រូវការបានវិលត្រឡប់មកប្រក្រតីភាពវិញ ដោយតម្លៃលក់ដុំជាមធ្យមគឺប្រមាណ ១លានរៀលក្នុងមួយតោន។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោកផលិតធ្យូងអនាម័យបានប្រមាណ ៣០ ទៅ ៤០តោនក្នុងមួយខែ។

លោក ហេង មករា បានឱ្យដឹងទៀតថា ដោយសារក្រុមហ៊ុនរបស់លោកប្រើកម្ទេចកម្ទីធ្យូងជាវត្ថុធាតុដើម លោកក៏ទទួលទិញធ្យូងជាកាកសំណល់គ្រប់ប្រភេទពីប្រជាពលរដ្ឋក្នុងតម្លៃ ២០០រៀលក្នុងមួយគីឡូក្រាមផងដែរ។

ធ្យូងអនាម័យ គឺជាធ្យូងផលិតពីកម្ទេចកម្ទីធ្យូងគ្រប់ប្រភេទ និងកាកសំណល់កសិកម្ម ដូចជា ត្រឡោកដូង កម្ទេចឈើ ស្លឹកឈើ និងសម្បកគ្រាប់រុក្ខជាតិ។ វត្ថុធាតុដើមទាំងនេះត្រូវបានដុតឱ្យក្លាយជាធ្យូង បន្ទាប់មកយកទៅកិន លាយជាមួយម្សៅមី និងទឹកស្អាត មុនបញ្ចូលទៅក្នុងម៉ាស៊ីនចាក់ពុម្ព ហើយហាលថ្ងៃ ឬសម្ងួតក្នុងឡរហូតដល់ស្ងួត។ ធ្យូងប្រភេទនេះមានគុណភាពខ្ពស់ ឆេះបានយូរ មិនផ្ទុះ មិនបង្កផ្សែង ឬធូលីរំខាន ហើយមិនធ្វើឱ្យប្រឡាក់ដៃ និងសម្លៀកបំពាក់ពេលប្រើប្រាស់។

ធ្យូងប្រភេទនេះ អាចឆេះបានរយៈពេល ៣ ទៅ ៤ម៉ោង ពោលគឺឆេះរយៈពេលយូរជាងធ្យូងធម្មតាប្រមាណ ២ ទៅ ៣ដង។ ធ្យូងអនាម័យស័ក្តិសមសម្រាប់ការអាំងសាច់ ព្រោះវាឆេះងំបានយូរ និងផ្តល់កម្តៅស្មើៗគ្នា មិនធ្វើឱ្យសាច់ឆាប់ខ្លោចដូចធ្យូងធម្មតា។ លើសពីនេះ ការផលិតធ្យូងអនាម័យក៏រួមចំណែកបង្កើនតម្រូវការម្សៅមី ដែលផលិតពីដំឡូងមីក្នុងស្រុកផងដែរ៕ ដោយ៖ ម៉ាដេប៉ូ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា