ដូង​ពី​ខេត្ត​កំពត​ហូរ​ចូល​ទីផ្សារ​ភ្នំពេញ ​​អ្នក​លក់​រាយអាច​រក​ចំណូល​ដល់​ជិត​ ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដូង​ពី​ខេត្ត​កំពត​ហូរ​ចូល​ទីផ្សារ​ភ្នំពេញ ​​អ្នក​លក់​រាយអាច​រក​ចំណូល​ដល់​ជិត​ ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ដូង​ពី​ខេត្ត​កំពត​ហូរ​ចូល​ទីផ្សារ​ភ្នំពេញ ​​អ្នក​លក់​រាយអាច​រក​ចំណូល​ដល់​ជិត​ ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

​ភ្នំពេញ​៖​ ដូង​ពី​ខេត្ត​កំពត​កំពុង​ត្រូវ​បាន​នាំមក​លក់​នៅ​តាម​តូប ​និង​រទេះ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នក​លក់រាយ​មួយចំនួន​អាច​លក់​បានពី ១០ផ្លែ ​​រហូតដល់​ ៨០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​និង​រក​ចំណូល​បាន​ពី​ ៦​ម៉ឺន​រៀល​ រហូតដល់​ជិត​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។ ​សម្រាប់​អ្នក​ប្រកបរបរ​ខ្នាត​តូច​ទាំង​នេះ​ ការ​លក់​ដូង​បាន​ក្លាយជា​ប្រភព​ចំណូល​មួយ​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

​អ្នក​លក់​ដូង​នៅ​តំបន់​ផ្សេង​ៗ​ក្នុង​ភ្នំពេញ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន A​MS ថា​ ដូង​ដែល​ពួក​គេ​យក​មក​លក់​ភាគ​ច្រើន​មាន​ប្រភព​ពី​ខេត្ត​កំពត​។​ ​អ្នក​លក់​ខ្លះ​លក់​ជា​ផ្លែ​ ​ខណៈ​អ្នក​ខ្លះ​កាប់​យក​ទឹក ​និង​សាច់ដូង​ដាក់​កែវ​លក់​ ​ដោយ​តម្លៃ​អាច​ខុសគ្នា​ទៅតាម​របៀប​លក់​ ​និង​ទីតាំង​។

​អ្នក​ស្រី​ តុល ​ស្រី​រ័ត្ន​ ​អ្នក​លក់​ផ្លែ​ដូង​តាម​តូប​មុខ​ផ្ទះ​ម្ដុំ​ផ្លូវភូមិ​ព្រែក​តា​សេក​ ​សង្កាត់​ព្រែក​លៀប​ ​ខណ្ឌ​ជ្រោយ​ចង្វា ​បាន​ប្រាប់​ថា​ ​អ្នក​ស្រី​លក់​ផ្លែ​ដូង​ប្រមាណ ១០​ ​ទៅ​ ​២០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​​រួម​ជាមួយ​កាហ្វេ ​និង​ភេសជ្ជៈ​ផ្សេងទៀត​។

​អ្នក​ស្រី​ថា​ ​នៅពេល​អាកាសធាតុ​ក្តៅ ​មាន​អ្នក​ទិញ​ទឹកដូង​ ​និង​ផ្លែ​ដូង​ច្រើន​​ ​ហើយ​ការ​លក់​អាច​ឡើង​ដល់​ប្រមាណ ៣០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​តែរដូវ​ភ្លៀង​ការ​លក់​មិន​សូវ​ដាច់​។

​អ្នក​ស្រី​បន្ត​ថា​ ​ដូង​ដែល​យក​មក​លក់​មាន​ប្រភព​ពី​ខេត្ត​កំពត ​ដោយ​ក្នុង​មួយ​លើក​អ្នក​ស្រី​ទិញ​ជាង​ ​១០០​ផ្លែ​ ​ឬ​ប្រមាណ ​១០​ឡូ ​ក្នុង​រយៈពេល​ ២ ​ទៅ​ ​៣​ថ្ងៃ​។ ​ផ្លែ​ដូង​មួយ​លក់​ក្នុង​តម្លៃ​ ៣​ ៥០០​រៀល ​ហើយ​អាច​រក​ចំណូល​បាន​ប្រមាណ ​៦​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។

​ចំណែក​លោក​ ​ជា​ ដូង​ ​អ្នក​លក់​ដូង​តាម​រ៉ឺ​ម៉ក​ចល័ត ​បាន​ប្រាប់​ AMS ថា ​លោក​ជា​អ្នក​ស្រុក​ព្រៃ​កប្បាស​ ​ខេត្ត​តាកែវ ​ហើយ​ដូង​ដែល​យក​មក​លក់​មាន​ប្រភព​ពី​ខេត្ត​កំពត​។​ ​លោក​ចាប់ផ្តើម​លក់​តាំងពី​ម៉ោង​ ៦​ព្រឹក​ ​រហូតដល់​ម៉ោង​ ​១០​យប់​។

​លោក​កត់សម្គាល់​ថា​ ដូង​ដែល​មាន​រសជាតិ​ផ្អែម ​គឺ​ដូង​ក្រហម​របស់​អ្នក​ខេត្ត​កំពត ​ប៉ុន្តែ​ពេល​ទិញ​ដូង​មក​លក់​ ​អ្នក​ដឹកជញ្ជូន​មិន​អនុញ្ញាតឱ្យ​អ្នក​លក់​ជ្រើសរើស​តាម​ចិត្ត​នោះ​ទេ​។

​អ្នក​លក់​ដូង​វ័យ​ ២៩​ឆ្នាំ​រូប​នេះ​បន្ត​ថា​ ​ទោះបី​ការ​លក់​ត្រូវ​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ និង​ហាល​ថ្ងៃ​ក៏​ដោយ​ ​លោក​អាច​លក់​ដូង​បាន​ប្រមាណ​ ​៣០​ ​ទៅ​ ៥០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​។ ​លោក​កាប់​យក​ទឹកដាក់​កែវ​លក់​ជាមួយ​សាច់ដូង ​ក្នុង​តម្លៃ​ ៤ ០០០​រៀល​ក្នុង​មួយ​កែវ​។

​យ៉ាងណា​ក៏ដោយ​ ​លោក​ថា​ ​ការ​លក់​ដូង​បច្ចុប្បន្ន​មិន​សូវ​ដាច់​ដូច​មុន​ទេ​ ​ដោយ​អ្នកហូបមួយចំនួន​ងាក​ទៅ​រក​ភេសជ្ជៈ​កាហ្វេ​ឆុង​ម៉ាស៊ីន ​ប៉ុន្តែ​លោក​នៅតែ​អាច​រក​ចំណូល​បាន​ខ្លះ​ពី​មុខរបរ​នេះ​។

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​មុខរបរ​នេះ​បច្ចុប្បន្ន​លំបាក​បន្តិច ​ហើយ​បើ​គិត​ទៅ​ដល់​ការ​ចល័ត​លក់​ ​ចំពេល​ដែល​សាំង​កំពុង​ហក់​ឡើង​ថ្លៃ​ខ្ពស់​ ​យើង​ពិបាក​នឹង​រកចំណេញ​ណាស់​»​។

​សម្រាប់​លោក​ ស៊ាត​ ប៉េស​ ​អាជីវករ​លក់​ដូង​តាម​រ៉ឺម៉ក​នៅមុខ​អគារ​ពន្ធដារ​ថ្មី​ ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា ​រាជធានី​ភ្នំពេញ​ ​មុខរបរ​នេះ​អាច​ផ្តល់​ចំណូល​ជា​មធ្យម​ប្រមាណ ២៨​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។

​លោក​ ប៉េស ​បាន​ប្រកប​មុខរបរ​លក់​ដូង​ប្រមាណ​ ​៦​ឆ្នាំ​មកហើយ​ ​ប៉ុន្តែ​ការ​លក់​មិន​សូវ​កាក់​កប​ទេ ​រហូតដល់​មាន​អគារ​ពន្ធដារ​ថ្មី​នៅ​តំបន់​នោះ​។ ​បច្ចុប្បន្ន​ ​លោក​អាច​លក់​ដូង​បាន​ប្រមាណ​ ​៧០ ​ទៅ​ ៨០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​ក្នុង​តម្លៃ​ ៣​ ៥០០​រៀល​ក្នុង​មួយ​ផ្លែ​ ​ឬ​ ៤ ០០០​រៀល ​ប្រសិនបើ​ដាក់​ក្នុង​កែវ​។

​លោក​ ប៉េស​ ​បញ្ជាក់​ថា​ ​ទោះ​បី​មុខរបរ​នេះ​មិន​មែន​ជា​អាជីវកម្ម​ធំ​ដុំ​ក៏​ដោយ​ ​ក៏​ចំណូល​ដែល​ទទួល​បាន​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​ ​និង​ការ​សិក្សា​របស់​កូនក្នុង​បន្ទុក​គ្រួសារ​ចំនួន​ ២​នាក់​បាន​។

​លោក​ថា​ ​មុខរបរ​លក់​ដូង​មិន​មាន​តែ​តាម​រដូវកាល​នោះ​ទេ​ ​ហើយ​លោក​លក់​ជា​រៀងរាល់​ថ្ងៃ ​ទាំង​ខែ​វស្សា​ ​និង​ខែ​ប្រាំង​។ ​ទោះជា​យ៉ាងណា​ ​ការ​លក់​នៅ​ថ្ងៃ​សៅរ៍​ ​និង​អាទិត្យ​មិន​សូវ​ដាច់​ដូច​ថ្ងៃ​ចន្ទ​ដល់​សុក្រ​ទេ ​ដោយសារ​ជា​ថ្ងៃ​ឈប់​សម្រាក​ការងារ​។

​លោក​ ប៉េស ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ​មាន​ភរិយា ​និង​កូនក្នុង​បន្ទុក​ ២​នាក់​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំណូល​ពី​ការ​លក់​ដូង​តាម​រ៉ឺ​ម៉ក​បាន​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ ​និង​ការ​សិក្សា​របស់​កូន​ៗ​។ ​ចំពោះ​ការ​កើនឡើង​នៃ​ថ្លៃ​សាំង ​លោក​រំពឹង​ថា​ ​រាជ​រដ្ឋាភិបាល​នឹង​គិតគូរ​ពី​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​។

​លោក​ វន់ ពៅ​ ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​(​ID​EA​) ​បាន​មានប្រសាសន៍​ថា​ ​ការ​កើនឡើង​នៃ​តម្លៃ​សាំង ​និង​ហ្គាស​ ​ពិត​ជា​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​អ្នក​ប្រកប​អាជីវកម្ម ​និង​អ្នក​លក់ដូរ​ខ្នាត​តូច​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ហើយ​អាច​ធ្វើឱ្យ​ទំនិញ​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់​។

​លោក​បាន​អំពាវនាវ​ឱ្យ​រាជ​រដ្ឋាភិបាល​គិតគូរ​ឡើង​វិញ​ចំពោះ​ផលប៉ះពាល់​ពី​ការ​កើនឡើង​នៃ​ថ្លៃ​សាំង ​និង​ហ្គាស​ ​ដោយ​អាច​ពិចារណា​លើ​ការ​ឧបត្ថម្ភ​ធន ​ដើម្បី​ជួយ​ឱ្យ​តម្លៃ​សាំង ​និង​ហ្គាស​ចុះ​ថ្លៃ ​ឬ​ផ្ទេរ​សាច់​ប្រាក់​ទៅកាន់​អាជីវកម្ម​ខ្នាត​តូច​ដែល​រង​ផលប៉ះពាល់​។

​លោក​ វន់ ពៅ​ ​បញ្ជាក់​ថា​ ​វិធានការ​ទាំង​នេះ​អាច​ជួយ​សម្រួល​ដល់​ជីវភាព​របស់​អ្នក​ប្រកប​អាជីវកម្ម​ខ្នាត​តូច ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

​សម្រាប់​អ្នក​លក់​ដូង​ ​មុខរបរ​ដែល​ចាប់ផ្តើម​បាន​ដោយ​មិន​ត្រូវការ​ដើមទុន​ធំ ​និង​មិន​ចាំបាច់​មាន​ហាង​ធំ​ដុំ ​បាន​ផ្តល់​ជា​ប្រភព​ចំណូល​ប្រចាំ​ថ្ងៃ​សម្រាប់​គ្រួសារ​ ​ខណៈ​ដូង​ពី​ខេត្ត​កំពត​បន្ត​ធ្វើដំណើរ​ពី​ប្រភព​ផលិតកម្ម​មកកាន់​ទីផ្សារ​លក់​រាយ​នៅ​រាជធានី​ភ្នំពេញ​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា