អ្នកជំនាញ​ថា ការចិញ្ចឹមគោ ឬក្របី យកសាច់លក់តាមបច្ចេកទេស កសិករអាចមាន​ឱកាសចំណេញច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ​ថា ការចិញ្ចឹមគោ ឬក្របី យកសាច់លក់តាមបច្ចេកទេស កសិករអាចមាន​ឱកាសចំណេញច្រើន

អ្នកជំនាញ​ថា ការចិញ្ចឹមគោ ឬក្របី យកសាច់លក់តាមបច្ចេកទេស កសិករអាចមាន​ឱកាសចំណេញច្រើន

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បាន​ជំរុញ​ឲ្យ​ប្រជា​កសិករ​ពិចារណា​លើករាចិញ្ចឹម​គោ ឬក្របី​ដើម្បី​យក​សាច់លក់ ដោយ​សារ​ការចិញ្ចឹម​សត្វ​ពាហនៈ​ទាំង​នេះ​​នឹង​ផ្តល់​ផល​ចំណេញ​ច្រើន ព្រមទាំង​ធន​នឹង​ជំងឺ​ទៀត​ផង។

Advertisement

អ្នកជំនាញ​ផ្នែកចិញ្ចឹម​សត្វ​រូបនេះ បានលើកឡើងថា ការចិញ្ចឹមគោ ឬក្របីយកសាច់លក់ លក្ខណៈកសិដ្ឋាន​តាមបច្ចេកទេសអាចផ្តល់ផលចំណេញខ្ពស់ជាងការចិញ្ចឹមមាន់ទា ឬជ្រូក ដោយសារសត្វប្រភេទទាំងពីរនេះវាធន់នឹងជំងឺជាងមាន់ទា ឬជ្រូក។

លោក ស្រ៊ុន ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា ៖

«បាបញ្ហាទី១ បញ្ហាទី២ គោឥឡូវគេឱ្យស៊ីចំណីដូចជ្រូកចឹង ហើយគោនឹងអត់មានប្រឈមជំងឺអីធ្ងន់ធ្ងរដូចជ្រូកទេ ចឹងមើលទៅសព្វថៃនេះខ្ញុំនៅតែឃើញវិស័យគោលមួយល្អ ថ្ងៃក្រោយទៅគឺអ្នកចិញ្ចឹមគោល្អជាងអ្នកចិញ្ចឹមជ្រូក»។

​ប្រធានសមាគម​ចិញ្ចឹមសត្វកម្ពុជារូបនេះបានរៀបរាប់ថា​ ការចិញ្ចឹមគោបំប៉នយកសាច់លក់ នឹងធ្វើឲ្យកសិករចំណេញ ២ដងសម្រាប់គោមួយក្បាល គឺទី១ គោទិញចូលសម្រាប់បំប៉ន​យកសាច់មានតម្លៃទាបជាងពេលលក់ចេញវិញ។ ទី២ ការចិញ្ចឹមបំប៉នក្នុងរយៈ​ពេល ២ ទៅ ៣ខែ គោអាចឡើងគីឡូចាប់ពី ១៥០គីឡូក្រាម ទៅដល់ ៣០០គីឡូក្រាម។​

លោក ឆុង ផាត ឈ្មូញទិញគោនៅម្តុំផ្សារថ្នល់បត់ ក្នុងស្រុកសំរោងទង ខេត្តកំង់ស្ពឺ បានមានប្រសាសន៍ថា ជាធម្មតា ទិញគោនៅតូចសម្រាប់ចិញ្ចឹម​បំប៉ន​យក​សាច់លក់ក្នុងតម្លៃប្រមាណ ៨៥០០ រៀលក្នុងមួយគីឡូក្រាម។ លុះដល់​គោឡើងសាច់ល្មមលក់ លោកអាចលក់ចេញវិញក្នុង​តម្លៃ ៩៥០០ រៀល ទៅ ១១០០០រៀល ក្នុងមួយ​គីឡូក្រាម។

លោក ឆុង ផាត បានបញ្ជាក់ដូច្នះថា ៖

«គោ បើយើងនិយាយអោយចំទៅតាមតែយើងចេះចិញ្ចឹម ចេះថែទាំ យើងទិញចូលក្នុងតម្លៃ ៨៥០០ ហើយយើងលក់ទៅវិញ ៨៥០០ ឬ ៩០០០ ក៍យើងនៅចំណេញដែរ ព្រោះគោពេលណាយើងទិញយកមកនៅតូច ទម្ងន់នៅតិច លុះពេលយើងលក់ចេញ វាបានឡើងទម្ងន់ វាធំជាងមុន ដូច្នេះ វានៅតែចំណេញ»។

លោក តេង សុភក្រ្ត ម្ចាស់កសិដ្ឋានចិញ្ចឹមក្របី នៅក្នុងឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ បានមានប្រសាសន៍ថា ចំពោះការចិញ្ចឹមក្របីមានភាពងាយស្រួលជាងការចិញ្ចឹមគោ ដោយសារក្របីធន់ជំងឺ និងងាយស្រួលផ្តល់ចំណីជាងគោ។ ក្របីអាយុ ៣ឆ្នាំ គេអាចលក់បានចន្លោះពី ២លាន ៥សែនរៀល ទៅដល់ ៣លានរៀល ក្នុង​មួយ​ក្បាល ជាពិសេស សត្វក្របីមានទីផ្សារល្អដែលគេអាចនាំចេញទៅប្រទេសវៀតណាមច្រើន។

លោកបានបញ្ជាក់ថា ៖

« ឱ្យតែមាន មិនខ្លាចអត់ទីផ្សារនោះទេ គ្រាន់តែថា ពេលខ្លះលក់បានថ្លៃ ពេលខ្លះអាចធ្លាក់ថ្លៃបន្តិច មុនលក់បានមួយក្បាល៤លានរៀល តែឥលូវបានត្រឹមជាង ៣លានរៀល ប៉ុន្តែបន្តិចទៀតអាចឡើងថ្លៃវិញដូចដើមវិញហើយ»។

ពាក់ព័ន្ធទៅនឹងទីផ្សារសាច់គោ និងក្របីនេះដែរ អ្នកជំនាញកសិកម្ម បានផ្តល់​យោបល់​ឲ្យ​ប្រជាកសិករកម្ពុជាគួរ​ងាកមកចិញ្ចឹមគោ​យក​សាច់​បែបកសិដ្ឋាន​ដើម្បីធានា​គុណភាពសាច់ អនាម័យ និងសុវត្ថិភាព។ ប៉ុន្តែការចិញ្ចឹមបែបកសិដ្ឋាន​ត្រូវ​ការ​ការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយ​ចំនួន ដូចជា ការដាំស្មៅ និងជម្រកត្រឹមត្រូវជាដើម៕


លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា