អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ភ្នំពេញ ៖ ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​ធ្វើយ៉ាងណាឱ្យទទួលបានការគាំទ្រពីពលរដ្ឋខ្មែរកាន់ច្រើនឡើងៗ។

Advertisement

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូលនៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ដើម្បីឱ្យផលិតផលក្នុងស្រុកមានស្ថិរភាព មានភាពប្រកួតប្រជែង និងឈរជើងបានយូរនៅលើទីផ្សារ ទាំងនៅក្នុងស្រុក និងឆាកអន្តរជាតិ សហគ្រាសដេលជាអ្នកផលិតត្រូវផ្តោតលើគុណភាព សោភ័ណភាពនៃការវេចខ្ចប ជាពិសេសកក្តាតម្លៃដែលអាចប្រកួតប្រជែងបាន។

លោកថា ៖

«រាល់ផលិតផលទាំងអស់ ត្រូវផលិតឡើងដោយមានគុណភាពស្តង់ដារខ្ពស់ ដើម្បីផ្តល់ទំនុកចិត្តទៅដល់អតិថិជនដែលជាអ្នកប្រើប្រាស់….បើយើងអត់មានស្តង់ដារផលិតផល ប្រជាជនយើងអត់មានទំនុកចិត្តប្រើប្រាស់នោះទេ​ ចឹង… បើយើងមិនមានស្តង់ដារផលិតផល គឺអ្នកប្រើប្រាស់មានក្ដីបារម្ភ និងអស់ទំនុកមកលើយើងបន្តិចម្តងៗជាមិនខាន»។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនំាពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នៅក្នុងតំណាក់កាលដំបូងនៃការធ្វើពហិការមិនប្រើផលិតផលថៃ ជារឿងល្អក្នុងរយៈពេលខ្លី ប៉ុន្តែបើគិតរយៈពេលវែងវាប្រាកដជារងផលប៉ះពាល់មិនខាន បើមិនបានគិតទុកជាមុន។ ផលប៉ះពាល់រយៈពេលវែងគឺផ្តោតទៅលើគុណភាព តម្លៃនៃការប្រកួតប្រជែង និងការផ្គត់ផ្គង់ជាដើម។

ឯកឧត្តមសង្កត់ធ្ងន់ថា ៖

«បើផលិតផលដូចគ្នា តែថ្លៃជាងគេ បើផលិតផលដូចគ្នា តែគុណភាពអន់ជាងគេ បើផលិតផលផ្គត់ផ្គង់មិនមានស្ថិរភាព អ្នកគាំទ្រក៏រងផលប៉ះពាល់ ជួបផលលំបាកក្នុងការគាំទ្រដែហើយនឹងពិចារណារកផលិតផលផ្សេងមិនខាន»។

ចំណុចដែលគួរបារម្ភ ​គឺការប្រកួតប្រជែងតម្លៃ ខណៈដែលសិប្បកម្មក្នុងស្រុកផលិតក្នុងបរិមាណតិច ធ្វើឱ្យថ្លៃដើមផលិតខ្ពស់ ចំណែកផលិតផលនាំចូលភាគច្រើននាំចេញពីរោងចក្រស្តង់ដារធំៗ ការផលិតមានចំនួនច្រើន និងលក់ក្នុងតម្លៃទាបជាង។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ សហគ្រាសដែលជាអ្នកផលិតគួរធ្វើយ៉ាងណាស្វែងរកដៃគូវិនិយោគបន្ថែមដើម្បីបង្កើនសមត្ថភាពផលិតឱ្យរីកកាន់តែធំ ផលិតបាននូវផលិតផលមានតម្លៃសមរម្យ ទើបអាចប្រកួតប្រែជែង និងមានស្ថិរភាពក្នុងរយៈពេលវែង។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្រៅពីគុណភាព និងតម្លៃ ផលិតផលក្នុងស្រុកត្រូវមានការវេចខ្ចប់ស្តង់ដារប្រកដោយភាពទាក់ទាញ។ តាមច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ទាមទារឱ្យមានការផ្តល់ព័ត៌មានគ្រប់គ្រាន់ស្តីពីសុវត្ថិភាពម្ហូបអាហារ រួមមានដូចជា គ្រឿងផ្សំផលិត ការរក្សាគុណភាព និងកាលបរិចេ្ឆទប្រើប្រាស់ជាដើម។​

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ៖

«ចំណុចនេះការធានានូវព័ត៌មានគ្រប់គ្រាន់ ការធានានូវស្រោមសំបកវេចខ្ចប់ល្អ ការធានានូវគុណភាព បង្កើតភាពទាក់ទាញ ធ្វើឱ្យមានការគាំទ្រពីប្រជាពលរដ្ឋ ការប្រឹងប្រែងជំរុញឱ្យផលិតផលមានវត្តមានលើទីផ្សារ ដែលក្រសូងពាណិជ្ជកម្ម កំពុងយកចិត្តទុកដាក់ និងព្យាយាមជំរុញបន្ថែម»។

សូមជម្រាប ទិន្នន័យពីក្រសួងពាណិជ្ជកម្មបង្ហាញថា ជាមួយនឹងការងាកមកគាំទ្រផលិតផលជាតិពីប្រជាជនកម្ពុជាក្រោយពហិការមិនប្រើទំនិញសៀម បច្ចុប្បន្ន ផលិតផលខ្មែរបានជ្រៀតចូលចំណែកទីផ្សារបានជាង៣២ភាគរយ ខណៈដែលការដាក់តាំងលក់នៅតាមបណ្តាផ្សារទំនើប និងផ្សារម៉ាតនានាទូទាំងរាជធានី ក្រុង/ខេត្ត មានសរុបច្រើនជាង ៥០០ទីតាំង រួចមកហើយ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា