កសិករដាំបន្លែនៅសៀមរាប បង្កើតចំណូលប្រចាំថ្ងៃ និងជួយផ្គត់ផ្គង់ទីផ្សារក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិករដាំបន្លែនៅសៀមរាប បង្កើតចំណូលប្រចាំថ្ងៃ និងជួយផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

កសិករដាំបន្លែនៅសៀមរាប បង្កើតចំណូលប្រចាំថ្ងៃ និងជួយផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

​សៀមរាប​៖ ​ការ​ដាំដុះ​បន្លែ​ចម្រុះ​ជា​លក្ខណៈ​គ្រួសារ​តាម​បែប​ប្រពៃណី​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​សៀមរាប ​នៅតែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ ​បង្កើត​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​ និង​ចូលរួម​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ខាងក្រៅ​។

Advertisement

​ការ​ក្រោក​ពី​ព្រលឹម​ប្រមូល​ផល​ និង​ដឹកជញ្ជូន​បន្លែ​ស្រស់​ទៅកាន់​ទីផ្សារ​ ​បាន​ក្លាយជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​កសិករ​ដាំ​បន្លែ​បែប​ប្រពៃណី​នៅ​សៀមរាប​។ ​សកម្មភាព​នេះ​មិន​ត្រឹមតែ​ផ្គត់ផ្គង់​អាហារ​ស្រស់​ដល់​អ្នកប្រើប្រាស់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បង្កើត​ចំណូល​ ​និង​រំហូរ​សាច់ប្រាក់​នៅក្នុង​សហគមន៍​មូលដ្ឋាន​ផងដែរ​។

​អ្នកស្រី​ ​វឿន ​សុភាព ​ជា​ប្រជាកសិករ​នៅ​ភូមិ​បឹង​ជុំ ​ឃុំ​ត្រពាំង​ធំ​ ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀមរាប ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ ​AMS​ ​ថា​ ​អ្នកស្រី​ដាំ​បន្លែ​នៅ​ជុំវិញ​ផ្ទះ​តាម​រដូវ​ ​ដូចជា​ ​តា​សក់​ ត្រប់​ស្រួយ​ និង​ក្រសាំង​ទាប ​ដើម្បី​យក​ទៅ​លក់​នៅ​ទីផ្សារ​ប្រចាំ​ថ្ងៃ​ និង​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

​អ្នកស្រី​បាន​ឱ្យដឹង​ថា​ ​ការ​លក់​បន្លែ​មិន​សូវ​ជួប​ការ​លំបាក​នោះ​ទេ ​ដោយ​ភាគ​ច្រើន​មាន​ម៉ូយ​មក​ទទួល​ទិញ​អស់​។ ​ជាក់ស្ដែង​ ក្នុង​មួយ​ថ្ងៃ​ ​អ្នកស្រី​អាច​ប្រមូល​តា​សក់​ប្រមាណ​ ​៣០​ ​គីឡូក្រាម​ ត្រប់​ស្រួយ​ប្រមាណ​ ​២៥​ ​គីឡូក្រាម​ និង​ក្រសាំង​ទាប​តិច​ជាង​ ​១០​ ​គីឡូក្រាម​។

​អ្នកស្រី​បន្ត​ថា​ ​នៅ​រដូវ​ប្រាំង​ ​អ្នកស្រី​ក៏​អាច​ទទួលបាន​បន្លែ​ចម្រុះ​បន្ថែម​ពី​អ្នកជិតខាង​ ​ដើម្បី​យក​ទៅ​លក់​បន្ត ​ដែល​អាច​រក​ចំណូល​បាន​ប្រមាណ​ ​៥០​ម៉ឺន​ទៅ​ ​៦០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។

​ទន្ទឹមនឹង​នេះ​ ​អ្នកស្រី​ ​វឿន ​សុភាព ​បាន​បញ្ជាក់​ថា​ កសិករ​មួយចំនួន​នៅក្បែរខាង​ដែល​ប្រមូល​ផល​បន្លែ​បាន​ច្រើន​ ត្រូវ​ក្រោក​ពី​ព្រឹក ​ដើម្បី​ដឹក​យក​ទៅ​លក់​ និង​ចែកចាយ​បន្ត​ទៅ​ទីផ្សារ​ឱ្យ​បាន​ទាន់​ពេល​វេលា​។

​ចំណែក​អ្នកស្រី​ ​ជា​ ​សុភា ​និង​ស្វាមី ​លោក​ វណ្ណៈ​ ​ដែល​ប្រកបរបរ​ទទួល​ទិញ​បន្លែ ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ ​AMS​ ​ថា​ ​ពួកគាត់​ទទួល​ទិញ​បន្លែ​ពី​កសិដ្ឋាន​សុខភាព​ ​សៀមរាប​ ក្នុង​បរិមាណ​ប្រមាណ​ ​៥០០​ ​ទៅ​ ​៦០០​ ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ ​ដើម្បី​យក​ទៅ​លក់​នៅ​ទីផ្សារ​។

​អ្នកស្រី​ ​ជា​ ​សុភា ​បាន​ឱ្យដឹង​ថា​ ​បន្លែ​ពី​កសិដ្ឋាន​មិន​ពិបាក​លក់​នោះ​ទេ​ ​ហើយក៏​មិន​ចាំបាច់​ក្រោក​ពី​ព្រលឹម​ពេក​ដែរ​ ​ដោយ​កសិដ្ឋាន​បាន​កាត់​ និង​រៀបចំ​បន្លែ​រួច​ជាស្រេច​។ ​អ្នកទទួល​ទិញ​គ្រាន់តែ​រៀបចំ​ ​ថ្លឹង​ ​និង​ដឹក​យកមក​ទីផ្សារ​ប៉ុណ្ណោះ​។​

ក្រៅពី​បន្លែ​ពី​កសិដ្ឋាន​ ​អ្នកស្រី​ក៏​ទទួល​ទិញ​បន្លែ​ចម្រុះ​ពី​កសិករ​ដែល​ដាំ​ដោយ​ខ្លួនឯង​ផងដែរ​។ ​បន្លែ​ទាំង​នេះ​អាច​មាន​បរិមាណ​ប្រមាណ​ ​១០០​ ​គីឡូក្រាម​ ​ឬ​លើស​ពី​នេះ​ពី​កសិករ​ម្នាក់​ ​ហើយ​ជា​រួម​អាច​ទទួល​ទិញ​បាន​ប្រមាណ​ ​៥០០​ ​ទៅ​ ​៦០០​ ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ ​ដើម្បី​យក​ទៅ​លក់​នៅ​ទីផ្សារ​។

​អ្នកស្រី​បាន​បន្ថែម​ថា​ ​ការ​ទទួល​ទិញ​ ​និង​លក់​បន្លែ​ជាប្រចាំ​ថ្ងៃ​ ​មិន​សូវ​មាន​ការ​លំបាក ​ឬ​ការ​ប្រឈម​ធ្ងន់ធ្ងរ​នោះ​ទេ​ ​ប៉ុន្តែ​ជា​ប្រភព​ចំណូល​បន្ថែម​ដែល​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

​អ្នកស្រី​ ​ជា​ ​សុភា ​បន្ត​ថា​ កសិករ​ដែល​នៅ​ឆ្ងាយ​ ​និង​ដាំ​បន្លែ​ដោយ​ខ្លួនឯង​ ​តែង​ដឹក​ផលិតផល​មក​លក់​នៅ​ទីផ្សារ ​ដោយ​អ្នក​ខ្លះ​ក្រោក​ពី​ព្រលឹម​នៅ​ម៉ោង​ ​៤​ ​ឬ​ម៉ោង​ ​៥​ ​ដើម្បីឱ្យ​ទាន់​ពេល​វេលា​។ ​សកម្មភាព​នេះ​បាន​ក្លាយជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រកបរបរ​ដាំ​ ​និង​លក់​បន្លែ ​ដើម្បី​រក​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​។

​ការ​ផលិត​បន្លែ​ដោយ​កសិករ​ក្នុង​ស្រុក​ ​ក៏​មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ច​ផងដែរ​ តាមរយៈ​ការ​ជួយ​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​បរទេស​ និង​រក្សា​លំហូរ​សាច់ប្រាក់​នៅក្នុង​ប្រទេស​ ​ព្រមទាំង​ផ្គត់ផ្គង់​បន្លែ​ស្រស់ ​និង​មាន​គុណភាព​ដល់​អ្នកប្រើប្រាស់​។

​លើស​ពី​នេះ​ ការ​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​ក៏​ជួយ​បង្កើត​ប្រភព​ចំណូល​ប្រចាំ​ថ្ងៃ​ ​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​គ្រួសារ​ និង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ភាព​ក្រីក្រ​នៅ​តំបន់​ជនបទ​។

​ទោះបី​កសិកម្ម​កម្ពុជា​កំពុង​ផ្លាស់ប្ដូរ​ទៅ​រក​ការ​ផលិត​ទំនើប​កាន់តែ​ច្រើន​ក៏ដោយ​ ​ការ​ដាំដុះ​បន្លែ​ចម្រុះ​ជា​លក្ខណៈ​គ្រួសារ​តាម​បែប​ប្រពៃណី​ ​នៅតែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​គ្រួសារ​កសិករ​ និង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​សៀមរាប​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា