ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

សៀមរាប ៖ កសិដ្ឋាន «ចម្ការបន្លែសុខភាព សៀមរាប» ជាកសិដ្ឋានដាំបន្លែលើទឹក (Hydroponics) កំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំងតាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះពីការដាំតាមបែបប្រពៃណីនៅលើដីមកប្រើបច្ចេកវិទ្យាដាំបន្លែនៅលើទឹកក្រៅរោងសំណាញ់ និងប្រើជីធម្មជាតិ ដែលអាចធានាបាននូវសុវត្ថិភាពសុខភាពរបស់អ្នកបរិភោគ ហើយថែមទាំងជួយឱ្យកសិដ្ឋានមានលទ្ធភាពអាចផលិតបន្លែបានទាន់ពេលវេលា សម្រាប់ផ្គត់ផ្គង់ទីផ្សារ ដែលកំពុងមានតម្រូវការកើនឡើងខ្ពស់។

Advertisement

លោក អាន ឬទ្ធី ម្ចាស់កសិដ្ឋាន «ចម្ការបន្លែសុខភាព សៀមរាប» មានទីតាំងស្ថិតនៅភូមិក្រពើ សង្កាត់បល្ល័ង្គ ក្រុងរុនតាឯក បានឱ្យដឹងថា កសិដ្ឋានបន្លែមួយនេះបានជ្រើសរើសបច្ចេកទេសដាំបន្លែលើផ្ទៃទឹក ដោយប្រើប្រាស់ជីធម្មជាតិ និងមានលក្ខណៈពិសេស គឺការដាំដុះក្រៅរោងសំណាញ់ដែលមានផ្ទៃដាំដុះសរុបជាង ១ហិកតា តាមរយៈការធ្វើធ្នើដាំជាង ១៥០ ធ្នើ (ទំហំ ១,៥m x ១២m ក្នុងមួយធ្នើ)។ ជាការកត់សម្គាល់ បច្ចុប្បន្ន កសិដ្ឋានអាចផលិតបន្លែបានចន្លោះពី ៥០០ ទៅ ៦០០ គីឡូក្រាមក្នុងមួយថ្ងៃ ដោយការដាំវិលជុំឆ្លាស់គ្នា ហើយទើបតែបានពង្រីកបន្ថែមចំនួន ៧០ធ្នើទៀត ដើម្បីអាចផ្គត់ផ្គង់តម្រូវការទីផ្សារដែលកំពុងកើនឡើង​​ដោយជាមធ្យមក្នុង ១ខែ អាចប្រមូលផលបាន ១៥ – ១៧ តោន ។


លោក អាន ឬទ្ធី បានអះអាងថា​ ចំពោះការចំណាយដើមទុនតាំងពីចាប់ផ្តើមដាំលើកដំបូងរហូតមកដល់ពេលនេះ ប្រហែល ១០ម៉ឺនដុល្លារ លើការទិញសម្ភារៈធ្វើធ្នើ ទុយោសម្រាប់ដាំ ប្រព័ន្ធទឹក និងប្រព័ន្ធសូឡា ប៉ុន្តែបើគិតពីចំណូលដែលទទួលបានពីការលក់សរុបប្រមាណ ១ម៉ឺនដុល្លារ ក្នុង១ខែ។

កសិកររូបនេះបានបញ្ជាក់ថា ៖

«បច្ចុប្បន្ននេះទីផ្សារបន្លែសុវត្ថិភាពគឺទូលាយ និងលក់បានថ្លៃគួរសម ដូចជា សាលាដិ៍ស្រួយ លក់ជាមធ្យម ១ គ.ក/៤,០០០៛ (តម្លៃបោះដុំ) សាលាដិ៍ពណ៌ស្វាយ តម្លៃ ៨,០០០៛/គ.ក ដោយឡែក ផ្កាខាត់ណាពណ៌លឿង ៤,០០០៛/គ.ក ខណៈផ្កាប្រូខូលី ៦,០០០៛/គ.ក (តម្លៃបោះដុំ) រីឯស្ពៃក្រញ៉ាញ់ និងស្ពៃតឿ តម្លៃជាមធ្យម ២,០០០៛/គ.ក។ តម្លៃបន្លែដែលបានដាំនៅលើទឹកសព្វថ្ងៃនេះ វាមិនទាន់ពេញចិត្តយើងចង់បាន ​១០០ភាគរយទេ ប៉ុន្តែ យើងអាចទទួលយកបានបើប្រៀបធៀបទៅនឹងកសិករដាំបន្លែផ្សេងទៀតដែលដាំនៅទីវាលលើដី»។

សូមជម្រាបដែរថា តម្រូវការទីផ្សារបន្លែសុវត្ថិភាពក្នុងក្រុងសៀមរាបខ្ពស់ជាងគេនាពេលបច្ចុប្បន្នរួមមានដូចជា ផ្កាខាត់ណា ប្រូខូលី និងសាលាដិ៍ច្រើនប្រភេទ និងមានតម្លៃល្អពេញមួយឆ្នាំ ប៉ុន្តែខ្វះកសិករផលិត។​

ដោយមើលឃើញ​​ពីបញ្ហានេះ កសិដ្ឋានដាំបន្លែសុវត្ថិភាពលើទឹកបានចាប់យកឱកាស និងបើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃជូនដល់កសិករក្នុងសហគមន៍ដែលចង់ផ្លាស់ប្តូរទម្លាប់ដាំដុះ ដោយប្តូរទម្លាប់ពីការដាំតាមបែបប្រពៃណីមកដាំដំណាំដែលមានតម្លៃបន្ថែមខ្ពស់។ បន្ថែមពីលើនេះ ក៏មានការចែករំលែកនូវគ្រាប់ពូជបន្លែដល់កសិករមួយចំនួនផងដែរ ដើម្បីបង្កើនប្រភពចំណូលបន្ថែម នៅពេលទំនេរពីការចិញ្ចឹមសត្វ​។

លោក អាន ឬទ្ធី​ បានមានប្រសាសន៍ឱ្យដឹងទៀតថា ក្រៅពីការផ្គត់ផ្គង់បន្លែសុវត្ថិភាពដូចបានលើកឡើងខាងលើនេះ កសិដ្ឋានក៏បានរៀបចំខ្លួនជាទម្រង់តភ្ជាប់វិស័យកសិកម្មទៅនឹងទេសចរណ៍ «កសិ-ទេសចរណ៍» ដោយបើកទ្វារឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលទស្សនា និងស្វែងយល់ពីចម្ការបន្លែលើទឹក ដែលគម្រោងនេះក៏ជាផ្នែកមួយក្នុងការចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

លោកបានបបញ្ជាក់ថា៖

«ប្រសិនបើប្រជាពលរដ្ឋយើងកាន់តែយល់ដឹងពីគុណភាពបន្លែសុវត្ថិភាពក្នុងស្រុក ហើយរួមគ្នាងាកមកគាំទ្រផលិតផលក្នុងស្រុក វានឹងជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាងបានយ៉ាងច្រើននៅថ្ងៃអនាគត»។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានមានប្រសាសន៍ថា «ចម្ការបន្លែសុខភាព សៀមរាប» មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារបានល្អ និងប្រកបដោយបទដ្ឋានបច្ចេកទេសកសិកម្មត្រឹមត្រូវ ដែលអាចទទួលយកបាន និងជាគំរូសម្រាប់កសិដ្ឋានដទៃ។ កសិដ្ឋានមួយនេះ បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកចែករំលែកចំណេះដឹងកសិកម្ម បច្ចេកទេសដាំដុះបែបទំនើប ហើយថែមទាំងចែករំលែកនូវគ្រាប់ពូជដំណាំដែលមានតម្រូវការទីផ្សារខ្ពស់ដល់កសិករក្នុងមូលដ្ឋាន​។

ក្នុងនាមជាមន្ត្រីកសិកម្មក្នុងតំបន់ សូមលើកទឹកចិត្តដល់កសិករបន្តការដាំដុះបន្លែដែលមានសុវត្ថិភាព ដែលអាចទទួលបានតម្លៃថ្លៃ និងអាចបង្កើនកម្រិតជីវភាពគ្រួសារបានល្អប្រសើរជាងមុន៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា