កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

សៀមរាប ៖ កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ ។

Advertisement

អ្នកស្រី ឆុន សាមុន កសិកររស់នៅភូមិតាត្រាវ ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាបបានប្រាប់ឱ្យដឹងថា អ្នកស្រី និងអ្នកភូមិចំនួន៣គ្រួសារទៀត ដែលមានដីនៅជាប់គ្នា បានយកដីនោះ ដាំបន្លែចម្រុះ ដូចជា ខាត់ណាផ្កា ប្រូខូលី ខ្ទឹមស្លឹក និងបន្លែផ្សេងទៀត ផ្គត់ផ្គង់លើទីផ្សារ ក្រោមការជួយបង្ហាញពីបច្ចេកទេសដាំដុះ និងគ្រាប់ពូជមួយចំនួនពីអង្គការក្នុងស្រុកមួយ ដែលអាចរកចំណូលបានយ៉ាងគួរសមសម្រាប់ផ្គត់ផ្គង់គ្រួសារ និងរួមចំណែកដល់ការកាត់បន្ថយការនាំចូលបន្លែទាំងពីប្រទេសជិតខាងផងដែរ ។

អ្នកស្រីបន្តថា អ្នកស្រីមានដីទំហំ១០ ឬ១០០០ម៉ែត្រការ៉េ ហើយអ្នកផ្សេងទៀតក៏មានដីទំហំដូចគ្នា បាន​យកមកដាំបន្លែចម្រុះ ពីព្រោះថាបើសិនជាធ្វើតែម្នាក់ឯង ទំហំផ្ទៃដីតូចពេក មិនអាចដាំបានច្រើន ប៉ុន្តែពេលយកដីដែលនៅជិតគ្នានោះមកដាក់រួមគ្នា ដាំរួមគ្នា ធ្វើឱ្យផ្ទៃដីដាំដុះមើលទៅធំ និងអាចដាំបន្លែបានច្រើនមុខ ។

អ្នកស្រីបានបន្ថែមថា ក្នុងមួយរដូវកាល អ្នកស្រី និងកសិករ៣គ្រួសារផ្សេងទៀត អាចប្រមូលផលបន្លែបានចន្លោះពី១០តោនទៅ១៥តោន និងអាចរកចំណូលបានចន្លោះពី១០លានទៅ១២លានរៀលក្នុងមួយគ្រួសារ ដែលអាចធ្វើឱ្យគ្រួសារអ្នកស្រី មានជីវភាពកាន់តែប្រសើរ អាចមានលទ្ធភាពឱ្យកូនៗទៅរៀនបានគ្រប់គ្នា និងសល់លុយសម្រាប់ការចំណាយប្រចាំថ្ងៃបានយ៉ាងស្រួល ។ នៅពេលទទួលបានផលហើយ អ្នកស្រី និងគ្រួ​សារ​ផ្សេងទៀតនោះ បានចាប់ផ្ដើមដាំបន្តឡើងវិញ និងនាំគ្នាថែទាំ ទាំងអស់គ្នា ។

កសិកររូបនេះ បានបញ្ជាក់ថា ពេញមួយឆ្នាំ អ្នកស្រី និងក្រុមរបស់អ្នកស្រី ដាំបន្លែចម្រុះជាប់ជាប្រចាំ ដោយខែប្រាំង ដាំបន្លែណាដែលត្រូវនឹងខែប្រាំង ដូចជាខ្ទឹមស្លឹម  ខាត់ណា ស ខាត់ណាខៀវ ហើយខែវស្សា រកបន្លែណាដែលធន់នឹងទឹកភ្លៀង ដូច្នេះទើបអាចមានបន្លែសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សាររកចំណូលបានពេញមួយឆ្នាំ ។ ការធ្វើបែបនេះ បានធ្វើឱ្យជីវភាពរបស់អ្នកស្រី និងគ្រួសារ៣ផ្សេងទៀតបានផ្លាស់ប្តូរជីវភាពបានប្រសើរ ខុសឆ្ងាយពីពេលមុន ។

លោក ទួត សេងហ័ង អ្នកគ្រប់គ្រងសហប្រតិកម្មធន់ទ្រាំ និងអាកាសធាតុនៃអង្គការ អាយឌីអ៊ី (IDE) កម្ពុជាលើគម្រោង ស៊ីស្មាត បានបញ្ជាក់ថា បច្ចុប្បន្ននេះ ទាក់ទងទៅនឹងការដាំដំណាំ ឬបន្លែ មិនអាស្រ័យទៅតាមខែ ឬរដូវដូចកាលពីមុននោះទៀតទេ ប៉ុន្តែអ្វីដែលសំខាន់ គឺការចេះជ្រើសរើសពូជដំណាំ បច្ចេកទេសដាំ និងវិធីនៃការថែទាំ។

លោកបន្តថា សម្រាប់កសិករ ៤គ្រួសារ ដែលមានផ្ទៃដីប្រមាណ៤០អា ដាំខាតណាផ្កា និងខាត់ណាប្រូខូលី គឺអង្គការ បានជួយជាបច្ចេកទេស និងគ្រាប់ពូជឱ្យពួកគាត់យកទៅដាំ ហើយពួកគាត់ក៏មិនធ្វើឱ្យក្រុមការ​ងាររបស់អង្គការអស់សង្ឃឹមដែរ គឺទទួលបានផលដ៏ល្អប្រសើរសម្រាប់កែប្រែជីវភាពរបស់ពួកគាត់៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា