រដ្ឋាភិបាល បានប្រែក្លាយតំបន់​លិច​ទឹកក្នុងរាជធានីភ្នំពេញ ទៅជាទីក្រុងដ៏​ទំនើប និង​គួរឱ្យទាក់ទាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាល បានប្រែក្លាយតំបន់​លិច​ទឹកក្នុងរាជធានីភ្នំពេញ ទៅជាទីក្រុងដ៏​ទំនើប និង​គួរឱ្យទាក់ទាញ

រដ្ឋាភិបាល បានប្រែក្លាយតំបន់​លិច​ទឹកក្នុងរាជធានីភ្នំពេញ ទៅជាទីក្រុងដ៏​ទំនើប និង​គួរឱ្យទាក់ទាញ

ភ្នំពេញ ៖ ភ្នំពេញ គឺជា​រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដែលសំបូរ​ទៅដោយ​បឹង​បួរ​ ប្រឡាយ ពោល គឺជា​តំបន់​លិច​ទឹក​ ប៉ុន្តែ​រាជរដ្ឋាភិបាល បានខិតខំអភិវឌ្ឍ ដើម្បីអាចប្រែក្លាយតំបន់ទាំងនោះទៅជា​ទីក្រុងដ៏ទំនើប​ និងគួរឱ្យទាក់ទាញ ដោយក្នុងនោះរួម​មានទីក្រុងរណប​ជាច្រើន​នៅជុំវិញរាជធានីភ្នំពេញ ដូចជា ​ទីក្រុង​រណប​កោះពេជ្រ ទីក្រុងរណបជ្រោយជ្រោយចង្វារ ក្រុងរណបតំបន់​បឹងកក ក្រុងរណបកាំកូស៊ីធី តំបន់បឹងកេងកង និង​តំបន់​បឹងទំពុនជាដើម ។

Advertisement

នៅក្នុងឱកាស​អញ្ជើញទស្សនកិច្ច​អគារទីស្ដីការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ​ថ្មីកាលពីព្រឹកថ្ងៃទី​០២ ខែមិថុនា ឆ្នាំ២០២៦ សម្ដេច​អគ្គមហាសេនាប​តីតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា​ បានមានប្រសាសន៍ថា ទីក្រុង​ភ្នំពេញ​ពីបរមបុរាណមក គឺជា​តំបន់​ទឹកលិច​ ដែលត្រូវបានសាងសង់​ជា​បណ្ដើរៗដោយព្រះករុណាព្រះបាទបរមរតនកោដ សម្តេច នរោត្តម សីហនុ តាំងពីជំនាន់​អាណានិគមនិយម​បារាំង​ ដែលសូម្បីតែនៅម្តុំ​​​វិមាន​ឯករាជ្យផ្ទាល់ក៏ជាបឹងដែរ​ ។​

សម្ដេច​តេជោ​បានមានប្រសាសន៍ថា មកដល់ជំនាន់​សម្ដេច​ដឹក​នាំប្រទេស​ សម្ដេច​ក៏បានកែប្រែ​តំបន់​លិច​ទឹកមួយចំនួន​ក្លាយជា​ទីក្រុងដ៏ទំនើប​គួរឱ្យទាក់ទាញ ជាក់ស្ដែង​ តំបន់ជ្រោយចង្វារ​ផ្ទាល់ ពីមុន​គឺជា​តំបន់ដែលពលរដ្ឋ​ដាំត្រកួន និងតំបន់ព្រៃត្រែង ប៉ុន្តែ​បច្ចុប្បន្ន​នេះ វាបានក្លាយជា​ទីក្រុង​ដែលពោរពេញដោយអគារ​លំនៅដ្ឋានបែបទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម បណ្តុំអាហារដ្ឋាន ភ្ជាប់ជាមួយផ្លូវ​ខ្វែងខ្វាត់​ ជាក់ស្ដែង អគារទីស្ដីការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ​ថ្មី ជាទីតាំង​សម្រាប់ប្រជុំ​ខ្នាត​អន្តរជាតិ ដោយសម្ដេច​ក៏បានណែនាំឱ្យ​រាជរដ្ឋាភិបាល​ជ្រើសរើស​យកអគារ​នេះធ្វើជាទីតាំង​សម្រាប់កិច្ចប្រជុំធំៗរបស់រាជរដ្ឋាភិបាលផងដែរ ។

សម្ដេច​បានបន្ថែមថា ទីក្រុងរណប​មួយទៀត​នៅក្នុងរាជធានីភ្នំពេញដែលពីមុនគឺជា​តំបន់​លិចទឹក បច្ចុប្បន្ននេះ បាន និងកំពុងក្លាយជា​តំបន់ដែលគួរឱ្យទាក់ទាញ នោះគឺតំបន់បឹងទំពុន​ ។ តំបន់បឹងទំពុន​នេះ​ ពីមុន​គឺជាកន្លែងដាំត្រកួន​ដូច​នឹង​តំបន់ជ្រោយចង្វារ​ដែរ ប៉ុន្តែ ក្រោយពេល​បានរៀបចំប្រព័ន្ធរំដោះ​ទឹក​ចេញពីទីនោះ រដ្ឋាភិបាល សហការជាមួយវិស័យឯកជន រៀបចំតំបន់​នោះឱ្យក្លាយជា​បណ្ដុំ​សំណង់​អគារ​ ដូចជា​ មណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប បុរី លំនៅឋាន​បែបទំនើបជាច្រើន​ ។​

សម្ដេច​បានបញ្ជាក់ថា​ ៖

«ទីក្រុង​ភ្នំពេញ បានពង្រីកជា​បន្ត​បន្ទាប់ ពី ៣០០គីឡូម៉ែត្រ​ការ៉េ​​ ឱ្យទៅជា ​៦០០គីឡូ​ម៉ែ​ត្រ​ការ៉េ ហើយផែនកា​រពង្រីកទីក្រុងភ្នំពេញនេះ ខ្ញុំក៏បានចុះហត្ថលេខាមិនតិចជាង ​៥ដងទេ ខណៈដីក្នុងរាជធានីភ្នំពេញជាច្រើន​កន្លែង​នាពេលបច្ចុប្បន្ន​នេះ គឺជាអតីតទឹក​ដីនៃក្រោមការ​គ្រប់គ្រង​របស់រដ្ឋបាលខេត្ត​កណ្ដាល ជាក់ស្ដែង ទីតាំងអគារពន្ធដារ​នៅខណ្ឌជ្រោយចង្វារ ពីមុនគឺជាដែនដីរបស់រដ្ឋបាលខេត្ត​កណ្ដាលនោះទេ» ។​

អ្នកឧកញ៉ា​បណ្ឌិត​ សំ សុខនឿន ប្រធានក្រុមប្រឹក្សាសម្ព័ន្ធក្រុមហ៊ុន SAM SN Group ធ្លាប់បាន​លើកឡើងថា ការពង្រីកដែនដីរបស់រដ្ឋបាលរាជធានីភ្នំពេញ អាចធ្វើទៅបានមានតែការ​កាត់យក​ដែនដីមួយចំនួនដែលស្ថិតនៅក្រោមការ​គ្រប់គ្រងរបស់រដ្ឋបាលខេត្ត​កណ្ដាល មក​ស្ថិតនៅក្រោមការ​គ្រប់គ្រងរបស់រដ្ឋបាល​រាជធានីភ្នំពេញ ​ពីព្រោះថា​ ខេត្ត​កណ្ដាលមានផ្ទៃដីធំ និងព័ទ្ធជុំវិញរាជធានីភ្នំពេញ ដូច្នេះ ការ​ពង្រីក​ដែនដីរាជធានីបន្តិចម្ដងៗ នឹងត្រូវ​កាត់យកផ្ទៃដី​របស់រដ្ឋបាល​ខេត្ត​កណ្ដាល​បន្តិ​ចម្ដងៗដូចគ្នា ។

អ្នកឧកញ៉ា​បានបន្តថា ការ​ពង្រីក​ផ្ទៃដីនៃរដ្ឋបាលរាជធានីភ្នំពេញ ធ្វើឱ្យតំបន់​ដែលពីមុន​ជាវាលស្រែ ជាបឹង​​បួរ ជាព្រែក ក្លាយជា​បណ្តុំសំណង់លំនៅឋាន​ អគាររោងចក្រ ឃ្លាំង និង​សំណង់​ផ្សេងទៀត​ និង​មានបណ្តាញអគ្គិសនីព្រោងព្រាត មានផ្លូវ​ខ្វាត់ខ្វែង​ ហើយក៏បានធ្វើឱ្យតម្លៃដីធ្លីនៅតាមតំបន់ទាំង​នោះមានតម្លៃខ្ពស់​ផងដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា