ភ្នំពេញ៖ អាជីវកម្មលក់គ្រឿងចាប់ហួយនៅតាមភូមិ សហគមន៍ និងទីផ្សារក្នុងរាជធានីភ្នំពេញ កំពុងទទួលបានឱកាសបង្កើនការលក់ និងប្រាក់ចំណូល ក្នុងអំឡុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខណៈតម្រូវការទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងទេសសម្រាប់រៀបចំចង្ហាន់កើនឡើង។
គ្រឿងចាប់ហួយ ដូចជា អង្ករ ស្ករ តែ ទឹកដោះគោ អំបិល ខ្ទឹមស ប៊ីចេង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងខ្យង ប្រេងឆា មី ត្រីខកំប៉ុង ម្សៅស៊ុប និងគ្រឿងទេសផ្សេងៗ គឺជាទំនិញចាំបាច់ដែលប្រជាពលរដ្ឋប្រើប្រាស់ជាប្រចាំ។ ក្នុងអំឡុងពេលកាន់បិណ្ឌ ពុទ្ធសាសនិកជនខ្មែរតែងរៀបចំចង្ហាន់ និងគ្រឿងបរិភោគទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដែលធ្វើឱ្យតម្រូវការបន្លែ ត្រី សាច់ និងគ្រឿងទេសកើនឡើង។
ចំណុចសំខាន់មួយរបស់តូបចាប់ហួយតាមភូមិ និងផ្សារក្នុងស្រុក គឺភាពជិតស្និទ្ធ និងងាយស្រួលសម្រាប់អតិថិជន ដែលអាចទិញទំនិញបានភ្លាមៗដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ។
អ្នកស្រី សៀ ណៃវួច អាជីវករលក់គ្រឿងចាប់ហួយនៅផ្សារសំណង់១២ ខណ្ឌទួលគោក បានឱ្យដឹងថា ចាប់តាំងពីដើមរដូវកាន់បិណ្ឌ ប្រាក់ចំណូលពីការលក់របស់អ្នកស្រីបានកើនឡើងប្រមាណ ៥០% បើធៀបនឹងថ្ងៃធម្មតា។
អ្នកស្រីបានលើកឡើងថា ប្រសិនបើថ្ងៃធម្មតាអាចលក់បានប្រមាណ ៨ ម៉ឺនរៀលក្នុងមួយថ្ងៃ នៅពេលចាប់ផ្តើមកាន់បិណ្ឌ ប្រាក់ចំណូលអាចកើនដល់ប្រមាណ ១២ ម៉ឺនរៀលក្នុងមួយថ្ងៃ។
ដោយឡែក អ្នកស្រី សៀវ ឡាន អាជីវករនៅផ្សារ ៧ មករា បានឱ្យដឹងថា ការលក់អាចឡើងចុះទៅតាមថ្ងៃ ប៉ុន្តែដោយសារពិធីកាន់បិណ្ឌមានរយៈពេល ១៥ ថ្ងៃ និងប្រជាជនផ្លាស់ប្តូរវេនគ្នាទៅកាន់បិណ្ឌនៅតាមវត្ត តម្រូវការគ្រឿងទេស និងទំនិញចាប់ហួយត្រូវបានរំពឹងថានឹងបន្តមានពេញមួយរដូវកាលបុណ្យ។
អ្នកស្រីបញ្ជាក់ថា នៅសល់ពេលច្រើនទៀតសម្រាប់ប្រជាជន និងគ្រួសារផ្សេងៗទៅវត្តតាមវេន ដូច្នេះពួកគេនៅតែត្រូវការទិញគ្រឿងទេស និងទំនិញចាប់ហួយសម្រាប់រៀបចំធ្វើបុណ្យ។
អ្នកស្រី ភាព ពិសី អាជីវករនៅផ្សារទួលគោក បានកត់សម្គាល់ថា ការលក់រាយមិនទទួលបានប្រាក់ចំណេញច្រើន ដោយសារការប្រកួតប្រជែង និងថ្លៃដើមទំនិញបោះដុំ។ អ្នកស្រីបន្ថែមថា បច្ចុប្បន្ន អតិថិជននិយមមកទិញទំនិញនៅពេលព្រឹក ហើយផលិតផលក្នុងស្រុក ឬផលិតផលខ្មែរ កំពុងមានវត្តមាន និងទទួលបានការគាំទ្រច្រើន។
អ្នកស្រីបានឱ្យដឹងទៀតថា ការលក់នៅពេលចាប់ផ្តើមកាន់បិណ្ឌ-ភ្ជុំបិណ្ឌ មានលក្ខណៈប្រហាក់ប្រហែលការលក់ប្រចាំថ្ងៃធម្មតា ដោយអាចប្រមូលចំណូលចរន្តបានប្រមាណ ៨ ទៅ ១០ ម៉ឺនរៀលក្នុងមួយថ្ងៃ មិនទាន់គិតថ្លៃដើម។
ជាមួយគ្នានេះ អាជីវករបោះដុំគ្រឿងចាប់ហួយនៅផ្សារអូរឫស្សី បានឱ្យដឹងថា ចាប់តាំងពីដើមរដូវកាន់បិណ្ឌ មានម៉ូយ និងអាជីវករលក់រាយមកទទួលទំនិញជាបន្តបន្ទាប់ ដើម្បីយកទៅលក់បន្តនៅតាមបណ្តាផ្សារនានាក្នុងរាជធានី និងខេត្ត។
អ្វីដែលត្រូវបានកត់សម្គាល់ គឺទំនិញដែលមានការបញ្ជាទិញច្រើនសម្រាប់រដូវកាលនេះ ភាគច្រើនជាផលិតផលខ្មែរ ដែលផលិតដោយសហគ្រិនក្នុងស្រុក សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យប្រពៃណីជាតិ។
ទោះជាអាជីវកម្មខ្នាតតូចក៏ដោយ អាជីវកម្មលក់ចាប់ហួយនៅតាមសហគមន៍នៅតែមានតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់ទំនិញចាំបាច់ដល់ប្រជាពលរដ្ឋ។
ក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តម្រូវការទំនិញសម្រាប់រៀបចំចង្ហាន់ និងគ្រឿងបរិភោគ ក៏បានបង្កើតឱកាសបន្ថែមសម្រាប់អាជីវករបង្កើនការលក់ និងប្រាក់ចំណូល ព្រមទាំងជំរុញចលនាប្រើប្រាស់ផលិតផលក្នុងស្រុកផងដែរ៕

























