ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

កំពត ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់ភាគីពាក់ព័ន្ធ រួមគ្នារិះរកវិធីសាស្ត្រកែច្នៃសក្ដានុពលនៅតំបន់ឆ្នេរសមុទ្រដែលមានស្រាប់ ឱ្យកាន់តែមានលទ្ធភាព និងផលិតភាពទូលំទូលាយជាងមុន។

Advertisement

ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានជំរុញដល់ថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទតាមតំបន់ឆ្នេរសមុទ្រកម្ពុជា រួមគ្នារិះរកវិធីសាស្រ្តកែច្នៃសក្តានុពលនៅតំបន់ឆ្នេរសមុទ្រដែលមានស្រាប់ ឱ្យកាន់តែមានលទ្ធភាព និងផលិតភាពទូលំទូលាយជាងមុន ជាពិសេសត្រូវចូលរួមជាមួយគម្រោង LASED គម្រោងជលផល និងគម្រោងរបស់ក្រសួងកសិកម្ម ការផលិតអំបិល និងស្ករ ការចិញ្ចឹមសត្វ ការផលិតអាហារសមុទ្រ ការដាំដុះដំណាំផ្សេងៗ និងពង្រីកសក្តានុពលវិស័យអប់រំ ដើម្បីប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យទៅជារបៀងសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់បង្កើតចំណូល រួមចំណែកពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ និងធ្វើឱ្យប្រជាជនក្នុងតំបន់នេះមានជីវភាពល្អប្រសើរ រស់នៅសុខស្រួល។

ក្នុងឱកាសចុះពិនិត្យទីតាំងសហគមន៍នេសាទតាមតំបន់ឆ្នេរសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកំពត​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកថា ការជួបជុំគ្នានាពេលនេះជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នាបានចងចាំនូវអ្វីដែលបានធ្វើកន្លងមក និងសង្ឃឹមថា ទាំងអស់គ្នានឹងអាចរៀបចំតាក់តែងផ្លូវដើរបន្តទៅមុខទៀត។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាដែលបានចូលរួមនាពេលនេះ ដោយបានបញ្ជាក់ថា សិង្ហបុរី ជាប្រទេសមួយដែលនាំចូលទំនិញ ម្ហូបអាហារនានាមកកម្ពុជា ហើយទីតាំងខេត្តកំពត និងតំបន់ឆ្នេររបស់កម្ពុជាគឺជាទីតាំងមួយដែលស្ថិតនៅកៀកជាមួយប្រទេសសិង្ហបុរី ដែលអាចមានសក្តានុពលធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការផលិតអាហារសមុទ្រ។

ឯកឧត្តមបានបញ្ជាក់ថា ៖​

«តំបន់ឆ្នេរសមុទ្រកម្ពុជាមានផែទឹកជ្រៅ មានព្រលានយន្តហោះ ដែលអាចជាព្រលានដឹកជញ្ជូន ផ្លូវរថភ្លើង ប្រព័ន្ធអ៊ិនធឺណិត គឺមានន័យថាមានទឹក ភ្លើង ផ្លូវគ្រប់គ្រាន់ និងមានសក្តានុពលដំណាំពាណិជ្ជកម្ម ដូចជា ម្រេច ជាដើម ហើយក៏គ្រោងផលិតអំបិល និងស្ករ ដែលមានតម្លៃថោកសមរម្យ ប្រកបដោយគុណភាពខ្ពស់នាពេលខាងមុខផងដែរ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្តថា ៖

«តាមរយៈសក្តានុពលទាំងនេះ យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរ រិះរកវិធីសាស្រ្តធ្វើយ៉ាងណាពង្រីកលទ្ធភាពបន្ថែមទៀតសម្រាប់ខេត្តកំពត ក៏ដូចជាបណ្ដាខេត្តផ្សេងទៀតក្នុងតំបន់ឆ្នេរ ដើម្បីបង្កើនចំណូល ពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ និងមានស្ថិរភាពក្នុងរយៈពេលយូរអង្វែង សំដៅរួមចំណែកសម្រេចគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៥០ »។

នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា បេសកកម្មពេលនេះ គឺធ្វើយ៉ាងណាប្រែក្លាយតំបន់ឆ្នេរឱ្យទៅជារបៀងសេដ្ឋកិច្ចដ៏សំខាន់ដែលប្រជាជនរស់នៅក្នុងតំបន់នេះមានកាយសម្បទាមាំមួន មានចំណេះដឹង មានការហូបចុកគ្រប់គ្រាន់ មានប្រាក់ចំណូល ប្រាក់សន្សំ កាត់បន្ថយបំណុលគ្រួសារ និងមានជម្រកស្នាក់នៅសមរម្យ តាមរយៈការកសាងខឿនសេដ្ឋកិច្ចនៅមូលដ្ឋាន ការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់បន្ថែម ដូចជា ផ្លូវថ្នល់ ជាពិសេសត្រូវចូលរួមជាមួយគម្រោងនានា ដូចជា គម្រោង LASED គម្រោងជលផល និងគម្រោងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការឧបត្ថម្ភទុនទៅដល់កោសិកាក្នុងសង្គមជាតិនៅខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង សម្រាប់អ្នកដែលមានបំណងចង់ចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ក្របី ដើម្បីពង្រីកសក្តានុពលនៃការផលិតសាច់សត្វសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស ដែលទាំងនេះសុទ្ធតែជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្កើតប្រាក់ចំណូល និងបង្កើនសេដ្ឋកិច្ចជាតិ រួមចំណែកធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងរស់នៅសុខស្រួល៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា