ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A និងបានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុផងដែរ។

នៅក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យអាជ្ញាធរមូលដ្ឋានគិតគូររៀបចំរចនាសម្ព័ន្ធគ្រប់គ្រង កម្រិតភូមិ/ឃុំ ហើយប្រជាពលរដ្ឋដែលចូលមករស់នៅ ដោយសារតំបន់រស់នៅជាកន្លែងសមូហភាព ត្រូវសហការគ្នារៀបចំបង្កើតលក្ខន្តិកៈរស់នៅផ្ទៃក្នុងសម្រាប់ការថែទាំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ភ្លើងបំភ្លឺសាធារណៈ និងការប្រមូលសំរាមឱ្យមានរបៀបរៀបរយ។

ក្រៅពីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនម្ចាស់ផ្ទះដែលបានសាងសង់រួច ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសត្រៀមរៀបចំបើកការដ្ឋានសាងសង់ ៣គម្រោងផ្សេងទៀតដំណាលគ្នាតែម្ដង ដើម្បីពន្លឿនការបញ្ចប់ឱ្យបានឆាប់រហ័សបំផុតជូនដល់អតិថិជនដែលកំពុងទន្ទឹងរង់ចាំ និងពន្លឿនការផ្ដល់ជូនទ្រនំសុភមង្គលជូនដល់ពុកម៉ែបងប្អូន ក៏ដូចជាបន្តផ្ដល់ការងារ និងប្រាក់ចំណូលជូនបងប្អូនកម្មករ កម្មការី ជាច្រើនផងដែរ។

បន្ថែមពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានថ្លែងអំណរគុណ ពុកម៉ែ បងប្អូន អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា គម្រោង៦A ទាំងអស់ ដែលចូលរួមសហការ អត់ធ្មត់ និងបើកចិត្តទទួលយកដំណោះស្រាយជាជំហានៗរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឈានមកដល់ការប្រគល់ផ្ទះដែលបានសាងសង់រួចជូនបងប្អូននៅពេលនេះ និងបន្តគិតគូរយកចិត្តទុកដាក់ដោះស្រាយដើម្បីផ្ដល់ផ្ទះ ដី និងបណ្ណកម្មសិទ្ធិ ដែលនៅសេសសល់ជូនដល់ពុកម៉ែ បងប្អូន ជាបន្តបន្ទាប់ទៀតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា