កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

រតនគិរី ៖ ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ ពោលគឺផ្លាស់ប្ដូរពីអាជីវកម្មតាមបែបប្រពៃណីមកជាបែបសង្គមរីកចម្រើន ជាពិសេស ការចេះប្រើប្រាស់ឥណទានផ្លូវការដើម្បីពង្រីកមុខរបរប្រកបដោយសុវត្ថិភាព។

Advertisement

ជាក់ស្ដែង លោក តក់ ប្លិ បច្ចុប្បន្ន អាយុ ៤២ឆ្នាំ ជាជនជាតិទំពូន រស់នៅភូមិប៉ាជន់ធំ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ជាកសិករធ្វើស្រែចំការនិងមានដំណាំស្វាយចន្ទី រួមជាមួយដំណាំកៅស៊ូខ្លះ ដែលបានប្រើប្រាស់សេវាឥណទានម្នាក់បានលើកឡើងថា ការប្រើប្រាស់សេវាឥណទាន បានជួយរូបលោកនៅក្នុងការពង្រីកមុខរបរ ក៏ដូចជាផ្លាស់ប្ដូរស្ថានភាពនៃការរស់នៅរបស់គ្រួសារផងដែរ។

លោកបានបញ្ជាក់ថា ៖

«ការទទួលបានឥណទានផ្លូវការពីស្ថាប័នធនាគារឯកជន ឬមីក្រូហិរញ្ញវត្ថុផ្លូវការ គឺវាល្អដែរ ព្រោះអាចមានទុនបន្ថែមសម្រាប់ចំណាយទៅលើមុខការណាចាំបាច់ ដូចជាចំណាយលើការថែទាំដំណាំ ការទិញដីចំការបន្ថែមដែលខ្ញុំអាចពង្រីកចំការរហូតដល់ ២០ហិកតា ជាមួយអត្រាការប្រាក់ទាប និងទុកចំណាយមួយចំណែកសម្រាប់កូនរៀនបន្ត»។

កសិកររូបនេះបានបន្តឱ្យដឹងថា នៅក្នុងដំណាក់កាលដែលលោកទទួលបានកម្ចី ឬប្រើសេវាឥណទានផ្លូវការ គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងវិលត្រឡប់ ព្រោះខាងស្ថាប័នផ្តល់ឥណទានបានទុករយៈពេលសង់រំលស់រយៈពេលវែងរហូតដល់ប្រមាណ១០ឆ្នាំ ដែលផ្តល់ភាពធូរស្រាលក្នុងការរកចំណូលសម្រាប់ចំណាយលើមុខរបរផង សម្រាប់ចំណាយលើគ្រួសារផង ហើយក៏មានពេលគ្រប់គ្រាន់សម្រាប់សន្សំទុកសងត្រឡប់ប្រចាំខែដែរ។

បុរសជនជាតិដើមភាគតិច ទំពូន រូបនេះបានបង្ហាញពីក្ដីរីករាយជាមួយជីវភាពរស់នៅនាពេលបច្ចុប្បន្នដែលមានភាពធូរស្រាលក្រោយទទួលបានការប្រើសេវាឥណទានផ្លូវការដូចបានបញ្ជាក់ជូនខាងលើនេះ។

លោក ផ្លុង ពីប៉ា អនុប្រធានឥណទាននៃធនាគារ អេស៊ីលីដា បានប្រាប់ឱ្យដឹងថា បុគ្គលដែលអាចទទួលបានសេវាឥណទានផ្លូវការបាន គឺអាស្រ័យដោយមានគោលដៅវិនិយោគឱ្យបានត្រឹមត្រូវ ដូចជា ប្រភពទុនច្បាស់លាស់ មានផែនការពង្រីកអាជីវកម្មបន្ថែមទៅតាមស្ថានភាពជាក់ស្ដែង ដែលអាចធានាដល់និរន្តរភាពអាជីវកម្ម។

លោកបញ្ជាក់ថា ៖

«ជាទូទៅ កត្តាហានិភ័យវាតែងកើតមានដែរ ដូចជាបញ្ហាសុខភាព បញ្ហាវិបត្តិក្នុងគ្រួសារ ក៏ដូចជាកត្តាខាងក្រៅមួយចំនួនទៀត ប៉ុន្តែនៅពេលដែលអ្នកប្រើសេវាឥណទានមានចំណេះដឹងហិរញ្ញវត្ថុច្បាស់លាស់ មានផែនការ និងការគ្រប់គ្រង បែងចែកថវិកាត្រឹមត្រូវ គឺនៅតែអាចទទួលបានផលចំណេញពីការប្រើឥណទាន»។

យោងតាមរបាយការណ៍របស់ CBC ដែលបានចេញផ្សាយពីស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៥ បានបង្ហាញថា សមតុល្យឥណទានផ្លូវការនៅកម្ពុជា មានចំនួនជាង ២៤៨ពាន់លានរៀល ឬប្រមាណ ៦២ពាន់លានដុល្លារអាមេរិក ដោយមានអ្នកប្រើប្រាស់ឥណទាននៅទូទាំងប្រទេសប្រមាណ ៥.១៣លាននាក់។ ក្នុងចំណោមឥណទានសរុបទាំងនេះ ក្នុងនោះរាជធានី ខេត្តចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានផ្តល់ឥណទានប្រហែល ៦១% នៃសមតុល្យឥណទានសរុប។

រាជធានីភ្នំពេញ មានបរិមាណឥណទាន ច្រើនជាងគេចំនួន ១២៦ពាន់លានរៀល ឬប្រមាណ៣១ពាន់លានដុល្លារ ស្មើនឹង ៥១% នៃសមតុល្យឥណទាន ទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៧២.៣ម៉ឺននាក់។ បន្ទាប់មក គឺខេត្តកណ្តាល មានបរិមាណឥណទាន ចំនួន១៣ពាន់លានរៀល ឬប្រមាណ៣.៣ពាន់លានដុល្លារ ស្មើនឹង ៥.៤% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់ សរុបចំនួន ៤០.៩ ម៉ឺននាក់។ ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានបរិមាណឥណទានខ្ពស់លំដាប់ទី៣ គឺប្រមាណ ១០ពាន់លានរៀល ឬប្រមាណ២.៦ពាន់លានដុល្លារ ស្មើនឹង ៤.៣% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣៩.២ម៉ឺននាក់។ ខេត្តដែលមានបរិមាណឥណទានទាបជាងគេចំនួន៣ មានដូចជា ខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី និងខេត្តកែប៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា