ដំណាំ "ខ្ជាយខ្មៅ" ​ផ្តល់​ចំណូល​ក្រាស់ក្រែលដល់​កសិករនៅលើ​ភ្នំ​គូលែន​​ក្នុងមួយឆ្នាំៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដំណាំ "ខ្ជាយខ្មៅ" ​ផ្តល់​ចំណូល​ក្រាស់ក្រែលដល់​កសិករនៅលើ​ភ្នំ​គូលែន​​ក្នុងមួយឆ្នាំៗ

ដំណាំ "ខ្ជាយខ្មៅ" ​ផ្តល់​ចំណូល​ក្រាស់ក្រែលដល់​កសិករនៅលើ​ភ្នំ​គូលែន​​ក្នុងមួយឆ្នាំៗ

Advertisement

សៀមរាប៖ សៀមរាប គឺជាទឹកដីប្រវត្តិសាស្ត្រ​មួយ​របស់កម្ពុជា ក្នុងនោះ ភ្នំគូលែន​ក៏ជា​ទឹកដីកេរដូនតា​ដ៏ចំណាស់មួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដែរ។ បច្ចុប្បន្ន​ ទឹកដីកេរដូនតា​នៅលើ​ភ្នំគូលែន​មួយនេះ បាននិងកំពុង​បន្ត​ផ្ដល់អំណោយផល​ទាំងទេសចរណ៍​និងកសិកម្ម​ ពិសេស​ ដំណាំ “ខ្ជាយខ្មៅ” លើ​ភ្នំនេះ ផ្ដល់​ចំណូល​ក្រាស់ក្រែល​ដល់កសិករ ហើយក៏ជា​ប្រភេទ​រុក្ខឱសថ​ក៏មានប្រសិទ្ធភាព​មួយមុខ​ផងដែរ។

ដាំណាំដែល​កសិករ​មួយ​ចំនួនកំពុង​ដាំ និងពង្រីកការ​ដាំដុះ ជា​បន្តបន្ទាប់នៅលើភ្នំមួយនេះ ត្រូវ​បានអ្នកភូមិលើ​ខ្ន​ងភ្នំគូលែន​ហៅថា ប្រទាលថ្លើម​ឆ្កែខ្មៅ តែភាសា​បច្ចេកទេស​ក្នុងវិស័យកសិកម្ម​បានឱ្យឈ្មោះថា «ខ្ជាយខ្មៅ» ។ ដំណាំ​នេះ​មានអត្ថ​ប្រយោជន៍ខ្ពស់សម្រាប់សុខ​ភាព និងកំពុង​មានទីផ្សារ​នៅក្នុ​ងប្រទេស​កម្ពុជា​​ ដោយ​អាច​យកកែច្នៃ​លក់​បានក្នុងតម្លៃខ្ពស់ និងកំពុងមានការ​បញ្ជាទិញពីខាង​ក្រៅមួយចំនួនដែរ ។

លោក​ ឈឿម តាំង មេឃុំ​ ខ្នង​ភ្នំ ស្រុក​ស្វាយលើ ​​ខេត្ត​សៀមរាប បានមានប្រសាសន៍ថា​ កសិករ​ក្នុង​ឃុំរបស់​លោក កាន់តែច្រើនបាននាំគ្នា​ដាំដំណាំ​ខ្ជាយ​ខ្មៅ ដើម្បីលក់ជូនសិប្បកម្មកែច្នៃ​ទៅជា​ឱសថ និងជា​តែ​សម្រាប់ឆុង​ទឹក​ពិសា​ ខណៈទីផ្សារ​លើ​ដំណាំមួយនេះ កំពុងតែរីក​ធំ។ លោកថា​៖

“ក្នុងឃុំ ខ្នង​ភ្នំ មានកសិករ​ច្រើនគ្រួសារ ​ដាំដំណាំខ្ជាយខ្មៅ ដោយក្នុងមួយភូមិ យ៉ាងហោច​ណាស់ក៏មាន​​ ២០ ទៅ ៣០​ គ្រួសារ ​ដែលដាំ​ដំណាំ​ខ្ជាយនេះ​​ ហើយវាក៏បានផ្ដល់ចំណូល​គួរ​សមសម្រាប់​អ្នកដាំ​ដុះ។”

លោក​បានបន្តថា​​ ពីដើមឡើយ ចាស់ៗបុរាណ​ បានដាំ​សម្រាប់​ទុកឆុង​ជាតែពិសា​ ដូច​ការ​ពិសារតែទូទៅដែរ ដោយពួកគាត់ហៅថា ​ប្រទាលថ្លើម​ឆ្កែខ្មៅ ហើយដោយសារតែ ពាក្យ​នេះ ស្ដាប់ទៅ​វាហាក់ដូចជាមិនសមរម្យ​ទើប​អ្នកជំនាញកសិកម្ម​ដាក់ឈ្មោះថ្មីឱ្យ​ថា ខ្ជាយ​ខ្មៅ ព្រោះវាជា​ប្រភេទអំបូរខ្ជាយ និង​រមៀត ។​ បច្ចុប្បន្ននេះ នៅក្នុងឃុំ​ខ្នង​ភ្នំ បាន​សាងសង់​សិប្បកម្ម​កែច្នៃវេចខ្ចប់​ មើមខ្ជាយខ្មៅ ដើម្បីឱ្យ​ការ​ចែក​ចាយ នៅលើទីផ្សារ និង​អ្នកប្រើប្រាស់​កាន់តែមានភាពស្រួល​ទុកដាក់។

លោក កែវ សុភ័ក្ត្រ មន្ត្រីបច្ចេកទេស​នៃ​អង្គការ​ Agri Sud បានមានប្រសាសន៍ថា​ រុក្ខជាតិមួយប្រភេទនេះ គឺមានដុះ​នៅលើ​គូលែនតាំងពីបរមបុរាណមកម្ល៉េះ ​ ហើយបើសិនជា​យកវាទៅដាំ​នៅ តំបន់​ផ្សេង​ វា​នឹងលូតលាស់ជាធម្មតា មានដើម​មានមើមដូច​គេឯង ប៉ុន្តែវាមិនមានប្រសិទ្ធភាព និងសារធាតុ​ថ្នាំ ដូចដាំដុះនៅលើភ្នំគូលែននោះទេ។ មើមខ្ជាយ​ខ្មៅ គឺ​ដូចនឹង​ខ្ជាយ ឬរមៀត​ធម្មតាដែរ តែវាមានពណ៌ខ្មៅឬពណ៌ស្វាយនៅខាង​ក្នុង។

លោកបានលើកឡើងបន្តថា បើសិនជា​យកវាទៅដាំ​នៅ​តំបន់ផ្សេង មើមវា ដូចនឹងខ្ជាយធម្មតា​ ដោយមិនមានពណ៌ខ្មៅ ឬពណ៌ស្វាយ​ ដូច​ដាំនៅលើ​ភ្នំគូលែនទេ ហើយសារធាតុថ្នាំរបស់មើមខ្ជាយដែល​ដាំនៅតំបន់​ផ្សេង​ក៏មិនមាន​ដូច​នៅលើភ្នំគូលែនដែរ គឺមាន​តិចតួច​បំផុត​ ដែលគេមិនអាច​យកមក​ប្រើប្រាស់​បានឡើយ។​

លោកបានបន្តថា​ ការដាំដុះ​ដំណាំខ្ជាយ​ខ្មៅនៅលើភ្នំគូលែននេះ ត្រូវ​បានគេ​ដាក់ឈ្មោះថា គឺជាការ​ធ្វើកសិកម្ម​តាមបែប «​កសិរុក្ខ​កម្ម» ដែលមានន័យថា​ ការធ្វើកសិកម្ម​ដោយពឹង​ផ្អែកលើធម្មជាតិអា​ស្រ័យគ្នាទៅវិញទៅមក។ ដំណាំ ខ្ជាយខ្មៅ ត្រូវដាំដុះនៅក្រោម​ម្លប់ ដោយពឹងលើម្លម់​​ដើម​ឈើធំៗនៅពីលើ​ ហើយយក​ស្លឹកឈើ ដែល​ជ្រុះមក​ក្រោម ធ្វើជា​ជីរបស់វា ។​

លោក​បានបន្ថែមថា​ ដំណាំខ្ជាយ​ខ្មៅ​ ត្រូវបានប្រជាកសិករ​លើ​ភ្នំគូលែន​ចាប់ផ្ដើមដាំ​នៅដើម​រដូវ​វស្សា ​និងប្រមូលផល​នៅចុង​រដូវវស្សា ពោលគឺនៅអំឡូងខែមេសា ឬឧសភា ចាប់ផ្ដើម​ដាំ​ ហើយប្រមូលផល​នៅអំឡុង​ខែតុលា ឬវិច្ឆិកា។

អ្នកស្រី ហេង ចាន់​ណា​ អនុប្រធានក្រុម​ផលិត​គ្រឿងទេសសម្ងួតខ្នង​ភ្នំគូលែន នៃសមាគម​អ្នកដាំបន្លែសុវត្ថិភាព សៀមរាប បានឱ្យដឹងផងដែរថា​ នៅក្នុងសហគមន៍​មានសិប្បកម្ម​កែច្នៃមើមខ្ជាយខ្មៅមួយកន្លែង ដើម្បីប្រមូលទិញ មើមខ្ជាយខ្មៅពីកសិករ ដោយក្នុងមួយគីឡូក្រាមមានតម្លៃប្រមាណពី ​១ ម៉ឺន ៥ ពាន់​រៀល ទៅ ​២ ម៉ឺនរៀល​ ដោយយកមកកែច្នៃជា​ចំណិត​ក្រៀម​ និង​ជា​ម្សៅដែល​អាច​ងាយស្រួលដាក់លក់លើទីផ្សារ ​និងរក្សាទុក​បានយូរ ។

អ្នកស្រីបានបន្តថា តាមរយៈសិប្បកម្ម​កែច្នៃខ្ជាយ​ខ្មៅនេះដែរ បានធ្វើឱ្យពលរដ្ឋ​ក្នុងសហគមន៍មួយចំនួនមានការងារធ្វើ ហើយកសិករ​ក៏អាច​រកចំណូល​ពីការលក់​មើម​ខ្ជាយខ្មៅឱ្យ​សិប្បកម្ម​ដើម្បីកែច្នៃ ផងដែរ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា