កូនខ្មែរវិនិយោគជាង ៥ លានដុល្លារ បង្កើតរោងចក្រផលិតមី រំពឹងជំនួសផលិតផលនាំចូល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូនខ្មែរវិនិយោគជាង ៥ លានដុល្លារ បង្កើតរោងចក្រផលិតមី រំពឹងជំនួសផលិតផលនាំចូល

កូនខ្មែរវិនិយោគជាង ៥ លានដុល្លារ បង្កើតរោងចក្រផលិតមី រំពឹងជំនួសផលិតផលនាំចូល

អ្នកវិនិយោគ​ជនជាតិ​ខ្មែរ​មួយ​រូប​បាន​បោះទុន​ជាង​ ​៥​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​មី​នៅ​ខេត្ត​កំពង់ស្ពឺ ​ដោយ​រំពឹង​ថា​នឹង​ជួយ​បង្កើន​ការ​ផលិត​ក្នុង​ស្រុក​ ​និង​ជំនួស​ផលិតផល​មីនាំចូល​ពី​ក្រៅ​ប្រទេស​។

Advertisement

​លោក​ ​នួន​ សុភ័ណ្ឌ​ ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ ​ខេត្ត​កំពង់ស្ពឺ ​បាន​ថ្លែង​ប្រាប់​ថា​ ​រោងចក្រ​ផលិត​មី​ដែល​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា​ ​«​មី​បឋម​» ​មាន​ទុន​វិនិយោគ​សរុប​ជាង​ ​៥​ ​លាន​ដុល្លារ​អាម៉េរិក​។ ​រោងចក្រ​នេះ​បង្កើតឡើង​ដោយ​វិនិយោគិន​ខ្មែរ​ ​ដោយ​ប្រើប្រាស់​បច្ចេកទេស​ផលិត​ពី​ប្រទេស​ចិន​ ​និង​មាន​ទីតាំង​នៅក្នុង​សួន​ឧស្សាហកម្ម​ លីមីញ ​ឃុំ​ទំព័រ​មាស​ ស្រុក​សំរោងទង ​ខេត្ត​កំពង់ស្ពឺ​។​

លោក​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន ​រោងចក្រ​នេះ​បាន​សាងសង់​រួចរាល់​ ​និង​បាន​បំពាក់​សម្ភារៈ​បរិក្ខារ​ផលិតកម្ម​បាន​ ​១០០​ ​ភាគរយ​តាម​ផែនការ​ ​ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​ផលិត​ក្នុង​រយៈពេល​ប្រមាណ​ ​២​ ​ខែ​ខាងមុខ​។

​លោក​ ​នួន​ សុភ័ណ្ឌ ​បាន​មានប្រសាសន៍​ថា​៖​

“​រោងចក្រ​នឹង​ផលិត​មី​ដែល​មាន​គុណភាព​តាម​ស្តង់ដារ​ និង​អនាម័យ​ សម្រាប់​ចែកចាយ​នៅក្នុង​ទីផ្សារ​កម្ពុជា​ ​ជាពិសេស​តាម​ផ្សារ​ប្រពៃណី​ ​ផ្សារ​ទំនើប​ ម៉ាត ​និង​ហាង​កាហ្វេ ​ដើម្បី​បម្រើ​តម្រូវការ​អាហារ​រហ័ស​របស់​ប្រជាពលរដ្ឋ​។​”

​លោក​ឧកញ៉ា ​លី ​មីញ ​ស្ថាបនិក​រោងចក្រ ​«​មី​បឋម​» ​បាន​ឱ្យដឹង​ថា​ ​រោងចក្រ​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​អំឡុង​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​ខាងមុខ​។

​លោក​បាន​ថ្លែង​ថា​៖​

“​ការ​បង្កើត​រោងចក្រ​នេះ​មាន​គោលបំណង​ផលិតផលិតផល​ក្នុង​ស្រុក​ ​ដើម្បី​ជំនួស​ផលិតផល​មីនាំចូល​ពី​ប្រទេស​ថៃ ​ខណៈ​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស​កំពុង​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​នាំចូល​ពី​ប្រទេស​ថៃ​ ជាពិសេស​មី​កញ្ចប់​ ​និង​មី​កំប៉ុង​។​”

​ផលិតផល​មី​កញ្ចប់​ ​និង​មី​កំប៉ុង​របស់​ «​មី​បឋម​» ​នឹង​ត្រូវបាន​ផលិត​ដោយ​សហការ​ជាមួយ​វិនិយោគិន​មកពី​ប្រទេស​ចិន ​ដោយ​ផ្តោត​លើ​បច្ចេកទេស​ផលិត​ ​គុណភាព​ ​អនាម័យ​ តម្លៃ​ និង​រសជាតិ​។

​នៅ​ដំណាក់កាល​ដំបូង​ ​រោងចក្រ​គ្រោង​ផលិត​មី​ចំនួន​ ​២០​ ​ម៉ឺន​កេស​ក្នុង​មួយ​ខែ ​ដើម្បី​ដាក់​លក់​សាកល្បង​។ ​ប្រសិនបើ​ទទួលបាន​ការ​គាំទ្រ​ពី​ទីផ្សារ​ ក្រុមហ៊ុន​មាន​ផែនការ​ពង្រីក​សមត្ថភាព​ផលិត​ដល់​ ​៤០​ ​ម៉ឺន​កេស​ក្នុង​មួយ​ខែ​។

​ផលិតផល​នឹង​មាន​រសជាតិ​ហឹរ ​ជូ​អែម​ តុ​យំា ​និង​រសជាតិ​ផ្សេង​ៗ​ទៀត​។​ ក្រុមហ៊ុន​ក៏​មាន​ផែនការ​ពង្រីក​ទីផ្សារ​ទៅ​ក្រៅ​ប្រទេស​ ​ដោយ​ផ្តោត​លើ​សហរដ្ឋ​អាមេរិក​ កាណាដា ​អូស្ត្រាលី ​ជប៉ុន​ ​និង​កូរ៉េ ​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​។

​រោងចក្រ​ថ្មី​នេះ​ក៏​រំពឹង​ថា​នឹង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​ ​១០០​ ​នាក់​ផងដែរ​។​ បច្ចុប្បន្ន ​ផលិតផល​មី​ក្នុង​ស្រុក​សំខាន់​ៗ​មាន​ដូចជា​ «​មី​យើង​» ​និង​ «​មី​ជាតិ​» ​ខណៈ​ «​មី​បឋម​» ​គ្រោង​នឹង​ចូលរួម​បន្ថែម​ក្នុង​ទីផ្សារ​មី​ផលិត​ក្នុង​ស្រុក​។

​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ស្ថាប័ន​អន្តរជាតិ​ ​6​Wresearch​ ​កម្ពុជា​មាន​តម្រូវការ​ប្រើប្រាស់​មី​ឆុង​ប្រមាណ​ជាង​ ​១០​ ​លាន​កញ្ចប់​ក្នុង​មួយ​ខែ ​ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជន​ទូទាំង​ប្រទេស​ដែល​មាន​ចំនួន​ ​១៨.៥​ ​លាន​នាក់​។

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា