អាជីវកម្ម​ត្រី​ចំហុយ​ខ្មែរ​នៅ​ព្រែក​ព្នៅ ​​បង្កើត​តម្លៃ​បន្ថែម​តាមរយៈ​គុណភាព និង​ការ​វេចខ្ចប់​បែប​ធម្មជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជីវកម្ម​ត្រី​ចំហុយ​ខ្មែរ​នៅ​ព្រែក​ព្នៅ ​​បង្កើត​តម្លៃ​បន្ថែម​តាមរយៈ​គុណភាព និង​ការ​វេចខ្ចប់​បែប​ធម្មជាតិ​

អាជីវកម្ម​ត្រី​ចំហុយ​ខ្មែរ​នៅ​ព្រែក​ព្នៅ ​​បង្កើត​តម្លៃ​បន្ថែម​តាមរយៈ​គុណភាព និង​ការ​វេចខ្ចប់​បែប​ធម្មជាតិ​

ភ្នំពេញ​៖​ ​អាជីវកម្ម​ត្រី​ចំហុយ​ខ្នាត​គ្រួសារ​មួយ​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​កំពុង​បង្កើត​ភាព​ខុសប្លែក​ក្នុង​ទីផ្សារ​ម្ហូប​អាហារ​តាម​អនឡាញ​ ​តាមរយៈ​ការ​ផ្តោត​លើ​គុណភាព​ អនាម័យ ​និង​ការ​វេចខ្ចប់​បែប​ធម្មជាតិ​ ​ដោយ​ប្រើប្រាស់​អនុផល​ព្រៃឈើ​ក្នុង​ស្រុក​ ​ជំនួស​ឱ្យ​ប្រអប់​ស្នោ​។

​លោក​ ​ម៉ម​ ​សុទ្ធី​ ​ម្ចាស់​អាជីវកម្ម​ត្រី​ចំហុយ​អនាម័យ​ពិសេស ​បាន​ចាប់ផ្តើម​អាជីវកម្ម​នេះ​ក្នុង​គោលបំណង​បង្កើត​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ ​និង​ផ្តល់​ជូន​អតិថិជន​នូវ​ផលិតផល​ត្រី​ចំហុយ​ស្រស់ ​ដែល​មាន​អនាម័យ​ ​និង​ប្រើប្រាស់​គ្រឿងផ្សំ​ពី​ធម្មជាតិ​។

​មុនពេល​ប្តូរ​មក​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​ ​អាជីវកម្ម​នេះ​ធ្លាប់​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប​ ​ប៉ុន្តែ​ដោយសារ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ព្រំដែន ​ដែល​បង្ក​ការ​លំបាក​ដល់​ការ​ផ្គត់ផ្គង់​ត្រី​ ​លោក​បាន​សម្រេច​ផ្អាក​អាជីវកម្ម​នៅ​ទីនោះ ​និង​រៀបចំ​ដំណើរការ​ឡើង​វិញ​នៅ​តំបន់​ព្រែក​ព្នៅ​។

​បច្ចុប្បន្ន​ ​អាជីវកម្ម​នេះ​នៅ​មាន​ទំហំ​តូច ​និង​ដំណើរការ​លក់​តាម​ប្រព័ន្ធ​អនឡាញ ​ដោយ​លក់​បាន​ប្រមាណ​ពី​ ​៥​ ​ទៅ​ ​១៥​ ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​។ ​ទោះជា​យ៉ាងណា​ ​ម្ចាស់​អាជីវកម្ម​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ ​«​ធ្វើ​មួយ​ថ្ងៃ​ ​លក់​មួយ​ថ្ងៃ​» ​ដើម្បី​ធានា​ថា​ផលិតផល​ដែល​ផ្តល់​ជូន​អតិថិជន​មាន​ភាព​ស្រស់ ​និង​មិន​ត្រូវ​បាន​ស្តុក​ទុក​យូរ​។

​ចំណុច​ដែល​អាជីវកម្ម​នេះ​យកចិត្តទុកដាក់​ជាពិសេស​ ​គឺ​ការ​រៀបចំ​វត្ថុ​ធាតុដើម​ ​និង​ការ​រក្សា​អនាម័យ​ក្នុង​ដំណើរការ​ផលិត​។​ ត្រី​ត្រូវ​បាន​ហូត​យក​ពោះ ​និង​ស្រកី​ចេញ​ឱ្យ​បាន​ស្អាត ​ដើម្បី​កាត់បន្ថយ​ក្លិន​ឆ្អាប​ ​និង​រក្សា​រសជាតិ​ផ្អែម​បែប​ធម្មជាតិ​។ ​ចំពោះ​គ្រឿងផ្សំ ​អាជីវកម្ម​ប្រើប្រាស់​ត្រី​ស្រស់ ​អំបិល​ ​គល់​ស្លឹក​គ្រៃ​ ​និង​ស្លឹក​ក្រូច​សើច ​ដោយ​មិន​ប្រើ​សារធាតុ​គីមី​សម្រាប់​រក្សា​ពណ៌ ​ឬ​ស្ករ​ឡើយ​។

​ក្រៅ​ពី​គុណភាព​ផលិតផល​ ការ​វេច​ខ្ចប់​ក៏​ជា​ចំណុច​ដែល​អាជីវកម្ម​នេះ​យកចិត្តទុកដាក់​ផងដែរ​។ ​ជំនួស​ឱ្យ​ការ​ប្រើ​ប្រអប់​ស្នោ ​ម្ចាស់​អាជីវកម្ម​បាន​ជ្រើសរើស​ប្រើ​ស្មុគ ​ស្លឹក​ចេក​ ​និង​កញ្ច្រែង​ល្ពាក់ ​ដែល​ជា​អនុផល​ព្រៃឈើ​ក្នុង​ស្រុក​។ ការ​ជ្រើសរើស​នេះ​មាន​គោលបំណង​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន ​ព្រមទាំង​ជួយ​បង្កើត​ចំណូល​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​។

​លោក​ សុទ្ធី ​បាន​ឱ្យ​ដឹង​ថា​ ​ក្រៅ​ពី​បញ្ហា​ប្រឈម​ក្នុង​ការ​ផ្គត់ផ្គង់​ត្រី​ ​អាជីវកម្ម​នៅ​ទីតាំង​ថ្មី​ក៏​ជួប​ការ​លំបាក​លើ​ការ​ស្វែងរក​អតិថិជន ​ទីតាំង​ ​និង​សេវាកម្ម​ផងដែរ​ ​ខណៈ​បរិមាណ​លក់​នៅ​មាន​កម្រិត​នៅឡើយ​។

​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ខុស​ៗ​គ្នា​របស់​អតិថិជន ​អាជីវកម្ម​បាន​បែងចែក​ត្រី​កាម៉ុង​ចំហុយ​ជា​ ​៣ ​ប្រភេទ រួម​មាន​ ​ខ្នាត​យក្ស​ ​ដែល​មាន​ត្រី​ពី​ ​២ ​ទៅ​ ៣ ​ក្បាល​ក្នុង​មួយ​គីឡូ​ក្រាម​ តម្លៃ​ ៥០​.​០០០​ រៀល ​ខ្នាត VIP តម្លៃ​ ៣៥​.​០០០​ រៀល ​និង​ខ្នាត​តូច ​តម្លៃ​ ២៥​.​០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​។

​លោក​ ​សុទ្ធី ​បាន​បញ្ជាក់​ថា​ ​អាជីវកម្ម​នេះ​មិន​ទាន់​មាន​ទំហំ​ធំ​ដុំ​ទេ​ ​ដោយ​ដំណើរការ​ក្នុង​លក្ខណៈ​គ្រួសារ ​និង​មាន​បំណង​ផ្តល់​ជូន​អ្នក​ចូលចិត្ត​ទទួលទាន​ត្រី​ចំហុយ​នូវ​ផលិតផល​ក្នុង​ស្រុក​ពិតប្រាកដ​ ​ដែល​ផលិត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ​និង​ប្រើប្រាស់​គ្រឿងផ្សំ​ក្នុង​ស្រុក​។

​លោក​ក៏​រំពឹង​ថា​ ​នៅពេល​ខាង​មុខ​ ​អាជីវកម្ម​នឹង​អាច​ទាក់ទាញ​អតិថិជន​បាន​កាន់តែ​ច្រើន​ តាមរយៈ​ការ​រក្សា​គុណភាព​ផលិតផល ​និង​ការ​ផ្តល់​សេវាកម្ម​ល្អ​។

​តាមរយៈ​អាជីវកម្ម​នេះ​ ​លោក​ សុទ្ធី​ ​មាន​គោលបំណង​ចូលរួម​លើកកម្ពស់​ផលិតផល​ក្នុង​ស្រុក​ ​ដែល​ផលិត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ​ដោយ​ផ្អែក​លើ​គុណភាព​ ​សេវាកម្ម ​និង​ទំនុកចិត្ត​។ ​ករណី​នេះ​ក៏​បង្ហាញ​ពី​ការ​ខិតខំ​របស់​អាជីវកម្ម​ខ្នាត​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​ក្នុង​ការ​បង្កើត​តម្លៃ​បន្ថែម​ ​និង​ស្វែងរក​ទីផ្សារ​តាមរយៈ​ការ​កែច្នៃ​ផលិតផល​ក្នុង​ស្រុក​ ការ​យកចិត្តទុកដាក់​លើ​អនាម័យ​ ​និង​ការ​ជ្រើសរើស​ការ​វេចខ្ចប់​ដែល​គិតគូរ​ដល់​បរិស្ថាន​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា