ក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ គ្រោងបោះទុន​វិនិយោគខ្នាតធំលើវិស័យអំបិល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ គ្រោងបោះទុន​វិនិយោគខ្នាតធំលើវិស័យអំបិល

ក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ គ្រោងបោះទុន​វិនិយោគខ្នាតធំលើវិស័យអំបិល

ភ្នំពេញ ៖ លីលី ហ្វ៊ដ ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំ និងល្បីឈ្មោះក្នុងឧស្សាហកម្មចំណីអាហារ បានសិក្សាលើអនុវិស័យអំបិល ហើយមានចំណាប់អារម្មណ៍ធ្វើការវិនិយោគ​ខ្នាតធំ ដោយប្រើប្រាស់គ្រឿងចក្រក្នុងដំណើរការផលិត កែលម្អឃ្លាំងស្តុក និងអនុវត្តការផលិតអំបិលតាមកិច្ចសន្យា។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានស្នើសុំការគាំទ្រពីក្រសួង និងរាជរដ្ឋាភិបាល លើការកែលម្អប្រព័ន្ធឡូជីស្ទីក ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលជំនាញជា​ដើ​ម។

Advertisement

នេះជាការលើកឡើងរបស់លោកជំទាវ ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា(CPMEC) និងជាអភិបាលនៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ីនដាសទ្រី នៅក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលថ្មីៗនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ព្រមទាំងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ក្នុងការរួមចំណែកដល់កំណើន និងការលើកកម្ពស់ផលិតភាពនៃអនុវិស័យអំបិល។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគលើការធ្វើទំនើបកម្មខ្សែច្រវាក់ផលិតកម្ម បង្កើនប្រសិទ្ធភាព និងពង្រឹងទំនាក់ទំនងទីផ្សារ ដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែងសម្រាប់អ្នកផលិតអំបិលទាំងអស់។

ឯកឧត្តមបានលើកឡើងថា ក្រសួងបាន និងកំពុងជំរុញការកែលម្អយន្តការសម្របសម្រួលក្នុងអនុវិស័យនេះ តាមរយៈសមាគមអ្នកផលិតអំបិលដែលនឹងត្រូវបង្កើតថ្មី ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ីនដាសទ្រី ដើរតួនាទីកាតាលីករ ក្នុងនាមជាក្រុមហ៊ុនផលិតខ្នាតធំ ដែលលើកកម្ពស់ស្តង់ដារផលិតកម្ម ពង្រីកឱកាសទីផ្សារ និងកាត់បន្ថយបញ្ហាប្រឈម រួមទាំងបញ្ហាតម្លៃអំបិល។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ ក្រសួងបានត្រៀមខ្លួនសម្របសម្រួលកិច្ចសន្ទនា និងកិច្ចសហការរវាងក្រុមហ៊ុន ជាមួយនឹងសិប្បករផលិតអំបិល ដោយឈរលើស្មារតីផលប្រយោជន៍ទៅវិញទៅមក និងការបង្កើនទំនុកចិត្តទីផ្សារ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិកាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងនាពេលកន្លងមកថ្មីៗថា៖ ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការអំបិល​ចន្លោះពី ៨ម៉ឺន ទៅ ១០ម៉ឺនតោនប៉ុណ្ណោះ ខណៈឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាអាចមានលទ្ធភាពផលិត​បានរហូតដល់ប្រមាណជាង ១៦ម៉ឺនតោន​​លើសពីតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងប្រទេសជិតពាក់កណ្តាល ។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២៤ ទិន្នផលអំបិលនៅកម្ពុជាសរុបមានចំនួន ១៦៨​ ៨៨២ តោន ដែលបានផលិតលើផ្ទៃដីស្រែអំបិលចំនួន ៣​ ៩៨៧.៣៥ហិកតា​ ។ ក្នុងនោះ ខេត្តកំពត មានផ្ទៃដីស្រែអំបិល ៣,៤៨៩.៤៨ហិកតា និងខេត្តកែបមាន ៤៩៧.៨៧ហិកតា ដោយខេត្តកំពតផលិតបាន១២៨,៤៧៤តោន ហើយបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសចំនួន ៧៤,១៨៥តោន។

គួរជម្រាបថា អំបិលកម្ពុជា​ បានក្លាយជាទំនិញមានម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) កាលពីឆ្នាំ២០២៣ ​និងទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់បណ្តាប្រទេសនៅសហគមន៍អឺរ៉ុបថាជាអំបិលមានគុណភាពល្អ និងសំបូរទៅដោយសារធាតុរ៉ែ ជំនួយទៅដល់សុខភាពអ្នកប្រើប្រាស់ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍ពីទីផ្សារប្រទេសមួយចំនួនក្នុងការនាំចូលទៅប្រទេសគេផងដែរ។

បច្ចុប្បន្ន ​ក្រុមផលិតអំបិលមានចំនួន ១៩១ក្រុម ​និងមានសិប្បកម្មចំនួន ៥៤មូលដ្ឋាន ក្នុងនោះ ៣២មូលដ្ឋានទទួលបានអាជ្ញាបណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលអ៊ីយ៉ូដ​។ ឆ្នាំ២០២៤ គឺជាឆ្នាំដែលកម្ពុជា​ផលិតអំបិលបានច្រើនជាងគេ ធៀបនឹងឆ្នាំកន្លងទៅ ពោលនៅក្នុងឆ្នាំ២០២៣ កម្ពុជាផលិតបាន ៨១,៩០៤តោន, ឆ្នាំ២០២២ ផលិតបាន៣២,៩០០តោន, ឆ្នាំ២០២១ ផលិតបាន៧៥,៣៤៥តោន។  ឆ្នាំ២០២០ ផលិតបាន៩៦,៥៤៤តោន, ឆ្នាំ២០១៩ ផលិតបាន ២៨,៣០០តោន និងឆ្នាំ២០១៨ កម្ពុជាផលិតបាន៣០០០តោន ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា