អ្នក​ចិញ្ចឹម​សត្វ ​បារម្ភ​ស៊ុត​មាន់​ចាល់​ទីផ្សារ​នៅ​ឆ្នាំ ​​២០២៧​ ​ស្នើ ​CD​C ​ពិចារណាផ្អាក​ផ្ដល់​អាជ្ញាបណ្ណ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​ចិញ្ចឹម​សត្វ ​បារម្ភ​ស៊ុត​មាន់​ចាល់​ទីផ្សារ​នៅ​ឆ្នាំ ​​២០២៧​ ​ស្នើ ​CD​C ​ពិចារណាផ្អាក​ផ្ដល់​អាជ្ញាបណ្ណ​

អ្នក​ចិញ្ចឹម​សត្វ ​បារម្ភ​ស៊ុត​មាន់​ចាល់​ទីផ្សារ​នៅ​ឆ្នាំ ​​២០២៧​ ​ស្នើ ​CD​C ​ពិចារណាផ្អាក​ផ្ដល់​អាជ្ញាបណ្ណ​

ភ្នំពេញ​៖​ ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ ​គ្រោង​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​នៅ​ថ្ងៃ​ទី​១២​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ក្ដី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ស៊ុត​មាន់​លើស​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ឆ្នាំ​២០២៧ ​ដោយសារ​ក្រុមហ៊ុន​ចិន​ធំ​ៗ​កំពុង​ពង្រីក​ការ​ចិញ្ចឹម​មាន់​ពង​នៅ​កម្ពុជា​។

​លោក​ ស៊្រុន​ ពៅ ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ AMS ​នៅ​ថ្ងៃ​ទី​៦​ ​ខែ​វិច្ឆិកា​ ​ថា ​លោក​ចង់​ឱ្យ​ ​CD​C ​និង​ក្រសួង​ជំនាញ​ពិចារណា​ផ្អាក​ការ​ផ្តល់​អាជ្ញាបណ្ណ​ ​ឬ​លិខិត​អនុញ្ញាត​ដល់​ក្រុមហ៊ុន​ចិញ្ចឹម​មាន់​ពង​របស់​ចិន​បន្ថែម​ជា​បណ្ដោះអាសន្ន ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​កសិករ​ខ្មែរ​អាច​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​លើ​តម្លៃ ​និង​បរិមាណ​ផ្គត់ផ្គង់​។

​លោក​បាន​លើកឡើង​ថា​ ​តម្រូវការ​ស៊ុត​មាន់​ក្នុង​ប្រទេស​បច្ចុប្បន្ន​មាន​ប្រមាណ​ ៤​លាន​គ្រាប់​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​កសិករ​ក្នុង​ស្រុក​អាច​ផលិត​បាន​ជាង ៣​លាន​គ្រាប់​ក្នុង​មួយ​ថ្ងៃ ​ដែល​ស្ទើរតែ​អាច​បំពេញ​តម្រូវការ​ទីផ្សារ​ទៅ​ហើយ​។ ​ដូច្នេះ​ ​ប្រសិនបើ​ក្រុមហ៊ុន​ចិន​បង្កើន​សមត្ថភាព​ផលិត​ក្នុង​បរិមាណ​ច្រើន​ទ្វេ​ដង​ នោះ​ការ​ផ្គត់ផ្គង់​អាច​លើស​តម្រូវការ​ក្នុង​រយៈពេល​ដ៏​ខ្លី ​ឬ​យ៉ាង​យូរ​នៅ​ឆ្នាំ​២០២៧​។

​លោក​ ស៊្រុន ​ពៅ​ ​ចង់​ឃើញ​ ​CD​C ​ពិចារណា​ទប់ស្កាត់​ការ​បង្កើត​ទីតាំង​ចិញ្ចឹម​មាន់​ពង​របស់​ក្រុមហ៊ុន​ធំ​ៗ​បន្ថែម​ជា​មុន​។ ទន្ទឹម​គ្នា​នេះ​ ​លោក​ស្នើ​ឱ្យ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ ​និង​ក្រសួង​ពាណិជ្ជកម្ម​ រៀបចំយន្ត​ការ​ពង្រីក​ទីផ្សារ​សម្រាប់​កសិករ​ក្នុង​ស្រុក​ ​ដោយ​កំណត់​ស្ដង់​ដា ​និង​ផែនការ​ផលិត​រួម ​ដើម្បី​បែងចែក​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ​និង​ត្រៀម​លទ្ធភាព​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។

យ៉ាងណា​ក៏ដោយ​ ​លោក​យល់​ថា​ ​ការ​ពង្រីក​ទីផ្សារ​នាំចេញ​ត្រូវ​ឆ្លងកាត់​នីតិវិធី​ស្មុគស្មាញ​ជា​ច្រើន ​និង​អាច​ចំណាយ​ពេល​យូរ​។ ​ដោយ​ហេតុ​នេះ​ ​លោក​ស្នើសុំ​ចូល​ជួប​ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ​ឬ​តំណាង​ ​CD​C ​នៅ​ថ្ងៃ​ទី​១២​ ​ខែ​វិច្ឆិកា ​ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជា​មុន​។

​ឆ្លើយតប​នឹង​ក្តី​បារម្ភ​នេះ​ ​ឯកឧត្តម​ ​ហ៊ាង​ ​សុទ្ធា​យុត្តិ ​អ្នក​នាំពាក្យ​ ​CD​C ​បាន​មានប្រសាសន៍​ថា​ ​CD​C ​គឺជា​ភ្នាក់ងារ​សម្របសម្រួល​កណ្តាល​រវាង​វិនិយោគិន​បរទេស ​និង​ក្រសួង​-​ស្ថាប័ន​ជំនាញ​។ រាល់​ការ​ផ្តល់​អាជ្ញាបណ្ណ​ឱ្យ​ក្រុមហ៊ុន​ ​ឬ​កសិដ្ឋាន​ណាមួយ​ដំណើរការ​ ​គឺ​ឆ្លងកាត់​ការ​វិភាគ​ពី​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច​ ​និង​ការ​បង្កើន​ផលិតភាព​ក្នុង​ស្រុក​ដោយ​មន្ត្រី​ក្រសួង​-​ស្ថាប័ន​ជំនាញ​រួចរាល់​ហើយ​។

​ឯក​ឧត្តម​បាន​បញ្ជាក់​ថា​ ​CD​C ​នៅតែ​ស្វាគមន៍​រាល់​វិនិយោគិន​បរទេស​ក្នុង​គ្រប់​វិស័យ​ ​ខណៈ​កម្ពុជា​កំពុង​ខិតខំ​ទាក់ទាញ​វិនិយោគិន​ធំ​ៗ​ពី​ក្រៅ​ប្រទេស​បន្ថែម ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។ ​ចំពោះ​ក្តី​បារម្ភ​ដែល​សមាគម​បាន​លើកឡើង​ ​ឯកឧត្តម​បាន​ជំរុញ​ឱ្យ​សមាគម​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​ក្រសួង​កសិកម្ម​ ​ឬ​ក្រសួង​ពាណិជ្ជកម្ម​វិញ​ ​ដើម្បីឱ្យ​ការ​ដោះស្រាយ​ចំ​គោលដៅ​ជាង​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​សួង​ ណយ ​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ​បាន​បង្ហើប​ថា​ កសិដ្ឋាន​មួយ​របស់​ចិន​នៅ​ខេត្ត​កំពង់ធំ ​ពិតជា​កំពុង​ដំណើរការ​ចិញ្ចឹម​មាន់​ពង​ចំនួន​ ៥​ម៉ឺន​ក្បាល​ ​ហើយ​នៅ​ឆ្នាំ​២០២៧​ ​គ្រោង​នឹង​បន្ថែម​មាន់​ពង​ចំនួន​ ៥​ម៉ឺន​ក្បាល​ទៀត​ ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ផ្តល់​ទឹក ​និង​ចំណី​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​រោង​ចិញ្ចឹម​ទំនើប​។​ ​បច្ចុប្បន្ន​ កសិដ្ឋាន​នេះ​អាច​ផលិត​ស៊ុត​បាន​ចំនួន​ ៤៥​,​០០០​គ្រាប់​ក្នុង​មួយ​ថ្ងៃ​។

​ឯកឧត្តម​ សួង​ ណយ ​បាន​លើកទឹកចិត្ត​ ​និង​គាំទ្រ​ឱ្យ​មាន​ការ​បង្កើន​ផលិតកម្ម​ស៊ុត​ក្នុង​ស្រុក​បន្ថែម​ ​ដោយសារ​កម្ពុជា​នៅតែ​បន្ត​នាំចូល​ស៊ុត ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​នៅឡើយ​។ ​លោក​យល់​ថា​ ​ការ​បង្កើន​ផលិតកម្ម​អាច​ជួយ​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ ​ហើយ​នៅពេល​អនាគត ​ប្រសិនបើ​មាន​ផលិតកម្ម​លើស​តម្រូវការ​ ​កម្ពុជា​អាច​មាន​ឱកាស​នាំចេញ​ទៅ​ប្រទេស​សិង្ហបុរី ​ដែល​កំពុង​ខ្វះខាត​ការ​ផ្គត់ផ្គង់​ស៊ុត​ផងដែរ​។

ទោះជា​យ៉ាង​នេះ​ក្តី​ ​ឯកឧត្តម​បាន​ទទួល​ស្គាល់​ថា​ ​នៅពេល​អនាគត ​តម្លៃ ​និង​គុណភាព​ស៊ុត​រវាង​កសិដ្ឋាន​ធម្មតា​របស់​កសិករ​ខ្មែរ​ ​និង​កសិដ្ឋាន​ទំនើប​ដែល​មាន​ស្ដង់​ដា​ខ្ពស់ ​នឹង​ប្រឈម​ការ​ប្រកួតប្រជែង​ខ្លាំង​។

​តាម​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ កសិករ​ខ្មែរ រួមទាំង​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង​ខ្នាត​ធំ​ដែល​វិនិយោគ​ដោយ​អ្នក​វិនិយោគ​ជនជាតិ​ខ្មែរ​ ​អាច​ប្រឈម​ការ​លំបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ចិន​ ទាំង​ផ្នែក​គុណភាព​ ​និង​បរិមាណ​ផលិតកម្ម ​ដោយសារ​ក្រុមហ៊ុន​ចិន​មាន​ថ្លៃ​ដើមទាប​ ​និង​ប្រើប្រាស់​បច្ចេកទេស​ចិញ្ចឹម​ទំនើប​ ​ដែល​អាច​ផលិត​ស៊ុត​មាន​គុណភាព​ល្អ​។

​ស​មាគម​បាន​ឱ្យ​ដឹង​ថា​ កសិករ​ខ្មែរ​មាន​ថ្លៃ​ដើម​ផលិត​ស៊ុត​ប្រមាណ ​២៩០​រៀល​ក្នុង​មួយ​គ្រាប់​ ​ដែល​ធ្វើឱ្យ​ប្រាក់​ចំណេញ​មាន​កម្រិត​ទាប​។ ​ចំពោះ​តម្លៃ​លក់​ដុំ ​ស៊ុត​ត្រូវ​បាន​បែងចែក​ជា​៤​ប្រភេទ​តាម​ទំហំ​ ​ដោយ​ស៊ុត​លេខ​១ ​មាន​តម្លៃ​ពី​ ​៣១០ ​ទៅ​ ​៣៣០​រៀល​ក្នុង​មួយ​គ្រាប់​ ​លេខ​២ តម្លៃ​ ៣០០​រៀល​ ​លេខ​៣ តម្លៃ​ ​២៨០​រៀល ​និង​លេខ​៤ ​តម្លៃ​ ​២៥០​រៀល ​ឬ​អាច​ទាប​ជាង​នេះ​ទៅ​តាម​ស្ថានភាព​ទីផ្សារ​ជាក់ស្ដែង​។

​ដោយឡែក យោង​តាម​របាយការណ៍​របស់​ ​CD​C ​បច្ចុប្បន្ន​កម្ពុជា​មាន​ក្រុមហ៊ុន​ចិញ្ចឹម​មាន់​ពង ​និង​មាន់​សាច់​ខ្នាត​ធំ​ចំនួន​៤ ​កំពុង​ដំណើរការ​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​ខ្លួន​ ​ដោយ​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ​១៦០​លាន​ដុល្លារ​អាម៉េរិក​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា