សហគ្រិនក្នុងវិស័យ MSME ប្រែក្លាយវិបត្តិជាឱកាស ពង្រីកអាជីវកម្មរហូតមានដៃគូជាង ១,០០០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគ្រិនក្នុងវិស័យ MSME ប្រែក្លាយវិបត្តិជាឱកាស ពង្រីកអាជីវកម្មរហូតមានដៃគូជាង ១,០០០

សហគ្រិនក្នុងវិស័យ MSME ប្រែក្លាយវិបត្តិជាឱកាស ពង្រីកអាជីវកម្មរហូតមានដៃគូជាង ១,០០០

ភ្នំពេញ​៖​ សហគ្រិន​ថ្មី​ថ្មោង​ម្នាក់​ក្នុង​វិស័យ​សហគ្រាស​ធុនមីក្រូ ​តូច​ និង​មធ្យម​ ​(​MSME​) ​បាន​ប្រែក្លាយ​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់​ទៅជា​ឱកាស ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​ដោយ​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ម្សៅ​នំ​ភីហ្សា​ទៅកាន់​ដៃគូ​ជាង​ ​១,០០០​ ​នៅក្នុង​ប្រទេស​កម្ពុជា​។

Advertisement

​លោក​ ​កឹម ​សាន​ ​ម្ចាស់​សិប្បកម្ម​ផលិត​ម្សៅ​នំ​ភីហ្សា ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ ​AMS​ ​ថា​ ​អាជីវកម្ម​របស់​លោក​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ​ ​២០១៩​ ​ដោយ​បង្កើត​ម៉ាក​យីហោ​ភីហ្សា​លក្ខណៈ​គ្រួសារ​ និង​ផលិត​ម្សៅ​សម្រាប់​ផ្គត់ផ្គង់​តែ​អតិថិជន​ដែល​ទិញ​សិទ្ធិ​អាជីវកម្ម​ពី​លោក​ប៉ុណ្ណោះ​។ ​នៅ​ពេល​នោះ​ វត្ថុធាតុ​ដើម​សម្រាប់​ផលិត​ម្សៅ​ភីហ្សា​ត្រូវបាន​នាំចូល​ពី​ប្រទេស​ថៃ​ មក​កែច្នៃ​បន្តិចបន្តួច​ មុននឹង​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​។

​លោក​បាន​ឱ្យដឹង​ថា​ ​បន្ទាប់ពី​អាជីវកម្ម​ចាប់ផ្ដើម​បាន​មិន​យូរ​ប៉ុន្មាន កម្ពុជា​ក៏​ដូចជា​ពិភពលោក​បាន​ជួប​វិបត្តិ​កូវីដ​-​១៩​ ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​បាត់បង់​ចំណូល​ ​និង​កាត់បន្ថយ​ការ​ចំណាយ​លើ​ទំនិញ​មិន​ចាំបាច់​។​

​ទោះជា​យ៉ាងណា​ ​លោក​ ​កឹម ​សាន ​បាន​មើលឃើញ​ថា​ តម្រូវការ​អាហារ​នៅតែ​មាន​ ​ដូច្នេះ​លោក​បាន​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ ​ដោយ​មិន​ត្រឹម​ផលិត​សម្រាប់​អតិថិជន​ដែល​ទិញ​សិទ្ធិ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​បាន​ពង្រីក​ការ​ផ្គត់ផ្គង់​ទៅកាន់​អតិថិជន​ផ្សេង​ទៀត​ផងដែរ​។

​លោក​បន្ត​ថា​ ​ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​នេះ​បាន​ជួយ​ឱ្យ​ការ​លក់​ ​និង​ការ​ផលិត​កើនឡើង​ ព្រោះ​ភីហ្សា​ដែល​មាន​តម្លៃ​សមរម្យ​ស្រប​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ ​ដែល​ត្រូវការ​កាត់បន្ថយ​ការ​ចំណាយ​។ ​ជា​ហេតុ​នាំឱ្យ​ភីហ្សា ​ដែល​ធ្លាប់​ត្រូវបាន​ចាត់ទុក​ថា​ជា​អាហារ​មាន​តម្លៃ​ខ្ពស់​ ក្លាយជា​ជម្រើស​ដែល​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​។

​លោក​ ​កឹម ​សាន ​បាន​បន្ថែម​ថា​ ​បន្ទាប់មក​ទៀត​ ​អាជីវកម្ម​បាន​ប្រឈម​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សង្គ្រាម​ឈ្លាន​ពាន​ពីសំណាក់​ប្រទេស​ថៃ​មក​លើ​ដែនដី​កម្ពុជា​។​

​ទោះបី​សហគ្រាស​ជាច្រើន​ជួប​ការ​លំបាក​ក៏ដោយ​ ​លោក​បាន​មើលឃើញ​ឱកាស​ពី​ចលនា​ពហិកា​ឈប់​ប្រើប្រាស់​ទំនិញ​ថៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដោយ​ស្វែងរក​ប្រភព​វត្ថុធាតុ​ដើម​ពី​ប្រទេស​ផ្សេង​ៗ​ជំនួស​ និង​បញ្ឈប់​ការ​នាំចូល​វត្ថុធាតុ​ដើម​ពី​ប្រទេស​ថៃ​ទាំងស្រុង​។​

​ទន្ទឹមនឹង​នេះ​ លោក​ក៏​បាន​បង្កើន​ការ​ផលិត​ម្សៅ​ភីហ្សា ​ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ រហូត​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ទៅកាន់​ដៃគូ​ជាង​ ​១,០០០​។

​លោក​ ​កឹម ​សាន ​បាន​បញ្ជាក់​ថា​ ​ស្រប​ពេល​ពលរដ្ឋ​កម្ពុជា​ធ្វើ​ពហិកា​ទំនិញ​ថៃ​ សិប្បកម្ម​របស់​លោក​ក៏​បាន​ពង្រីក​ការ​ផលិត​ផលិតផល​បន្ថែម​ក្នុង​វិស័យ​ម្ហូប​អាហារ​ ​ដូចជា​ម៉ាយូនេស ​និង​ទឹក​លាប​ភីហ្សា ​ហើយ​គ្រោង​ផលិត​ទឹក​ប៉េងប៉ោះ​ ​និង​ទឹក​ម្ទេស ​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​នា​ពេល​ខាងមុខ​។

​លោក​មានប្រសាសន៍​ថា​៖​ «​អ្វី​ដែល​យើង​បាន​ជួបប្រទះ​ក្នុង​រយៈ​ជាង​កន្លះ​ទសវត្សរ៍​មក​នេះ​ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​អាជីវកម្ម​និង​សិប្បកម្ម​យើង​មិន​ដួលរលំប៉ុណ្ណោះ​ទេ ​ផ្ទុយទៅវិញ​ថែមទាំង​រីកចម្រើន​ថែម​ទៀត​ ​ដោយសារតែ​យើង​អាច​កែច្នៃ​វិបត្តិ​ឱ្យ​ក្លាយជា​ឱកាស​។ ​ជាក់ស្ដែង​ ​យើង​កំពុង​ទទួលបាន​ឱកាស​ថ្មី​ៗ​បន្ថែម​ទៀត​ ​ដើម្បី​ពង្រីក​អាជីវកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​ ស្រប​ពេល​រាជ​រដ្ឋាភិបាល​កំពុង​លើកទឹកចិត្ត​»​។

​លោក​ឧកញ៉ា​ ​តែ​ ​តាំង​ប៉ ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ​(​FASMEC​) ​បាន​មានប្រសាសន៍​ថា​ ​បន្ទាប់ពី​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​ពហិកា​ឈប់​ប្រើប្រាស់​ផលិតផល​ថៃ​ សហគ្រាស​ក្នុង​ស្រុក​មួយចំនួន​បាន​ខិតខំ​ផលិត​ទំនិញ​ជំនួស​ផលិតផល​ថៃ​។ ​ទន្ទឹមនឹង​ការ​បង្កើន​ការ​ផលិត​ សមាគម​ក៏​បាន​តាមដាន​ ​និង​ត្រួតពិនិត្យ​ ​ដើម្បី​ធានា​ទាំង​ផលិតភាព​ និង​គុណភាព​ផលិតផល​។

​លោក​ឧកញ៉ា​បាន​បន្ថែម​ថា​ ​ទោះបី​សហគ្រាស​ក្នុង​ស្រុក​កំពុង​ពង្រីក​ការ​ផលិត​ ​និង​ពង្រឹង​គុណភាព​ផលិតផល​ក៏ដោយ​ ​ពួកគេ​នៅតែ​ខ្វះ​វត្ថុធាតុ​ដើម​មួយ​ចំនួន​ ​និង​ត្រូវការ​នាំចូល​ពី​ប្រទេស​ផ្សេង​ៗ​ ​ដើម្បី​បំពេញ​តម្រូវការ​ខ្សែ​ច្រវាក់​ផលិតកម្ម​។​

​លោក​មានប្រសាសន៍​ថា​៖​ «​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា ​វា​មិន​អាច​មាន​វត្ថុធាតុ​ដើម​គ្រប់គ្រាន់​នោះ​ទេ ​គឺ​ត្រូវការ​ពឹងពាក់​គ្នា​ទៅវិញទៅមក​»៕​

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា